កាំភ្លើង​ធំ​បារាំង​ផ្តល់​ឱ្យ​អីុ​រ៉ា​ក់​ដាក់​នៅ​ជិត​ក្រុង​ម៉ូ​ស​ស៊ុ​ល

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ខាងក្រៅ​មហាសន្និបាត អ​.​ស​.​ប ថ្លែង​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ថា កង​ទាហាន​អីុរ៉ា​ក់​ត្រៀម​ប្រើប្រាស់​កាំភ្លើង​ធំ​ដែល​បារាំង​ផ្តល់​ឱ្យ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

លោក​ហូ​ឡង់ អះអាង​ថា កាំភ្លើង​ធំ​បារាំង​ពិតជា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​អីុ​រ៉ា​ក់ ។ កងទ័ព​អីុ​រ៉ា​ក់​នា​ពេល​នេះ​អាច​ចាប់ផ្តើម​ប្រើប្រាស់​កាំភ្លើង​ធំ​ទាំងនោះ​ដែល​បារាំង​ផ្តល់​ឱ្យ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​តស៊ូ​ប្រឆាំង​បណ្តា​ក្រុម​ភេរវកម្ម ។ កាំភ្លើង​ធំ​ទាំងនោះ​បញ្ជូន​ទៅ​ភាគ​ខាងជើង​ក្រុង​ម៉ូ​ស​ស៊ុ​ល ហើយ​ត្រៀម​ប្រើ​សម្រាប់​វាយ​ដណ្តើម​យក​ក្រុង​នេះ ។

កាលពី​ខែកក្កដា លោក​ហូ​ឡង់ ធ្លាប់​ប្រកាស​ថា បារាំង​នឹង​បញ្ជូន​កាំភ្លើង​ធំ​ទាំងឡាយ​ឱ្យ​ដល់​កងទ័ព​អីុ​រ៉ា​ក់ ព្រមទាំង​បណ្តា​ទីប្រឹក្សាយោធា ដើម្បី​ជួយ​ដល់​កងទ័ព​នេះ ។ កាំភ្លើង​​ធំ​បារាំង​ជា​កាំភ្លើង​ធំ​ធុន CAESAR តាំង​លើ​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​៤០​គីឡូម៉ែត្រ ៕