SMART សហការ​អភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿន ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រីក​ចម្រើន

ក្រុមហ៊ុន Smart បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី “ការ​អភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿន​លឿន​និង​កាតព្វកិច្ច​សេវា​សកល​នៅ​កម្ពុជា” ក្នុង​គោល​បំណង​ផ្ដល់​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន (Broadband) ទូទាំង​ប្រទេស និង​ជា​ការ​រួម​ចំណែក​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​លូតលាស់។

 

SMART សហការ​អភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿន ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រីក​ចម្រើន

 

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អះអាង​ថា​រដ្ឋាភិបាល​បាន​រៀប​ចំ​គោល​នយោបាយ​ត្រឹមត្រូវ​ការ​ចូលរួម​​ពី Smart និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​នានា​ក្នុង​ស្រុក ជា​ផ្នែក​មួយ​សំខាន់​ជួយ​ឲ្យ​កម្ពុជា​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន​ទូទាំង​ប្រទេស​ឆាប់​រហ័ស ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាជន។ ចំពោះ ពលរដ្ឋ​កម្ពុជា រួម​ទាំង​អ្នក​នៅ​តំបន់​ជនបទ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​វិស័យ ICT នេះ​យ៉ាង​យូរ​នៅ​ឆ្នាំ ២០២០។

 

ដោយ​ឡែក លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​អ៊ីនធឺណិត​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ ហើយ​វា​ជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់​តែ​រីក​ចម្រើន។ ក្រុមហ៊ុន​នឹង​សហការ​ផ្ដល់​ដំណោះ​ស្រាយ​និង​ចែក​រំលែក​បទ​ពិសោធន៍​នានា ដើម្បី​​ឲ្យ​គម្រោង​អ៊ីនធឺណិត​ល្បឿន​លឿន​ទូទាំង​ប្រទេស​ដំណើរការ​បាន​រលូន។

 

SMART សហការ​អភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿន ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រីក​ចម្រើន

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart

 

លោក ថា​នៅ​ពេល​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​អ្នក​នៅ​តំបន់​ដាច់​ស្រយាល​បាន​អ៊ីនធឺណិត​ប្រើប្រាស់​គ្រប់​គ្រាន់​នោះ​ពួកគេ​នឹង​អាច​សិក្សា​ស្វែង​យល់​ក៏​ដូចជា​ស្រាវជ្រាវ​បន្ថែម​នូវ​អ្វី​ដែល​មាន​លើ​អ៊ីនធឺណិត។ លើស​ពី​នេះ ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​ក៏​អាច​ឲ្យ​ពលរដ្ឋ​ធ្វើ​អាជីវកម្ម​បែប​អេឡិចត្រូនិក និង​ផ្ដល់​ឱកាស​ជំនួញ​ច្រើន​ផ្សេង​ទៀត។

 

នាយក​ប្រតិបត្តិ រូប​នេះ​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៧៥លាន​ដុល្លារ ដើម្បី​ជំរុញ​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​ទូទាំង​ប្រទេស។ យ៉ាងណា​ក្រុមហ៊ុន​ក៏​ត្រូវ​ការ​ជំនួយ​វិសាលគម 700MHz ពី​រដ្ឋាភិបាល ដើម្បី​ផ្ដល់​ទំហំ​វិសាលភាព​អ៊ីនធឺណិត​កាន់​តែ​ធំ និង​មាន​ល្បឿន​លឿន​ដល់​អ្នក​ប្រើប្រាស់។

 

លោក Thomas Hundt អះអាង​ថា Smart បាន​ប្ដេជ្ញា​សហការ​ជាមួយ​រដ្ឋាភិបាល ជំរុញ​ឲ្យ​កម្ពុជា​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន​ទូទាំង​ប្រទេស ពិសេស​តំបន់​ជនបទ​ឲ្យ​ឆាប់​រហ័ស​បំផុត ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ពេល​អនាគត៕

 

អត្ថបទ៖ ប៉ែត ផាន់និត