បណ្ដេញ​ចេញពី​ក្រុមហ៊ុន​6​ខែ​ហើយ​នៅ​តែ​បន្លំ​ប្រមូល​លុយ​ទៀត

បណ្ដេញ​ចេញពី​ក្រុមហ៊ុន​6​ខែ​ហើយ​នៅ​តែ​បន្លំ​ប្រមូល​លុយ​ទៀត



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អតីត​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​លក់​ម៉ូតូ​បង់​រំលស់ ជី អិ​ល ហ្វា​យ​ណេ​ន មុខងារ​ជា​បុគ្គលិក​ប្រមូល​ទុន តែ​ដោយសារ​តែ​ជន​នេះ​មាន​ចរិត​មិន​ស្មោះត្រង់​លោភលន់​កេងប្រវ័ញ្ច​ពី​ក្រុមហ៊ុន ក៏​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​អស់​រយៈពេល​៦​ខែ​មក​ហើយ​។ ប៉ុន្តែ​ជន​នេះ​មិន​ត្រឹមតែ​មិន​បោះបង់​ចោល​គំនិត​ដែល​ជា​កំហុស​នេះ​ទេ បែរជា​បន្លំ​ខ្លួន​ជា​បុគ្គលិក​ក្រុមហ៊ុន​ដដែល និង​បាន​ប្រមូល​លុយ​ពី​អតិថិជន​ដែល​ខ្លួន​ធ្លាប់​ស្គាល់​ដាក់​ហោប៉ៅ​យ៉ាង​សប្បាយ ធ្វើ​ឲ្យ​ក្រុមហ៊ុន​រង​ការ​ខាតបង់​ហើយ​អតិថិជន​ក៏​ខាតបង់​ដែរ ជាង​នេះ​ទៀត​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​ក្រុមហ៊ុន​ផ្សេង​ទៀត​ផង ។

ទោះជា​យ៉ាងណា ទ​ង្វើ​អាក្រក់​របស់​ជន​នេះ​មិន​អាច​សោយសុខ​បាន​យូរ​ឡើយ ទីបំផុត​ក៏​បែកការ​ណ៍ហើយ​ត្រូវ​បាន​អតិថិជន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​រាយ​អន្ទាក់ រួច​បញ្ឆោត​ឲ្យ​ជន​នេះ​ចូល​ស៊ង ហើយ​ក្របួច​ជាប់​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ការ​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកញ្ញា នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​នេះ​ឈ្មោះ អ៊ុ​ក សុវណ្ណ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។ ជា​ចុង​ក្រោយ​គឺ​ជន​នេះ​បាន​ជាប់អន្ទាក់​អតិថិជន​ម្នាក់​ឈ្មោះ ង៉ែត បុណ្យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចាញ់បោក​ជនសង្ស័យ​ម្នាក់​នេះ​រយៈពេល​៦​ខែ អស់​ចំនួន​៥៤០​ដុល្លារ ។ ដំបូង​ជន​រង​គ្រោះ​បាន​ទៅ​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ក្នុង​តម្លៃ​ជិត​២.០០០​ដុល្លារ តាម​រយៈ​ការ​បង់​រំលស់​ក្នុង​១​ខែ​ចំនួន​៩០​ដុល្លារ និង​មាន​រយៈពេល​៣​ឆ្នាំ ។

ក្នុង​ពេល​ទៅ​ទិញ​នោះ ជនសង្ស័យ​គឺជា​អ្នក​រៀបចំ​ឯកសារ ព្រោះ​ពេល​នោះ​មិន​ទាន់​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​នៅឡើយ​ទេ ។ លុះដល់​កំណត់ពេល​ត្រូវ​បង់លុយ ជន​នេះ​ជា​អ្នក​ប្រមូល​លុយ​ពី​ជន​រង​គ្រោះ និង​បាន​បង្ខំ​ឲ្យ​វេរ​ប្រាក់​តាម​វី​ង​ចូល​លេខ​ទូរស័ព្ទ​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​ចេះ​តែ​វេរ​ឲ្យ​រហូត​រយៈពេល​៦​ខែ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​មួយ​រយៈ​ចុង​ក្រោយ​នេះ មានការ​សង្ស័យ​ជន​រង​គ្រោះ​មិន​ចង់​វេរ​ឲ្យ ជន​នេះ​បាន​គំរាម​ប្ដឹង​នគរបាល ចំណែក​ក្រុមហ៊ុន​ក៏​តាម​ទារ​លុយ​ពី​ជន​រង​គ្រោះ ទើប​បែកធ្លាយ​រឿង​ជន​នេះ​បោក​ទាំង​អតិថិជន និង​ទាំង​ក្រុមហ៊ុន​ផង​ដែរ ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ប្រើ​ល្បិច​ប្រាប់​ជន​នេះ​តាម​ទូរស័ព្ទ​ថា ឲ្យ​ទៅ​យក​លុយ​ខ្លួន​ត្រូវ​បង់​ទាំងអស់​គឺជា​ង​១​ពាន់​ដុល្លារ ដោយ​ណាត់ជួប​នៅ​កន្លែង​ឃាត់ខ្លួន​ខាងលើ ។

គ្រាន់តែ​ឮ​ថា​ជន​រង​គ្រោះ​បង់​ទាំង​អស់បែប​នេះ ជន​នេះ​បាន​ស្លៀកពាក់​បែប​ហំ​ហាន​ណាស់​ទៅ​ទាំង​សប្បាយចិត្ត​ដោយ​មិន​បានដឹង​ថា​ជា​អន្ទាក់​នោះ​ទេ ។  លុះ​ពេល​លេចមុខ​ជន​នេះ​ទៅ​ដល់ ជន​រង​គ្រោះ​និង​តំណាង​ក្រុមហ៊ុន ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕