សាន ផានិត រើសយក ដេននី ក្វាន់ សម្ដែងក្នុង បទផ្កាយព្រះអង្គារ ដោយសារតែ…. (មានវីដេអូ)

ភ្នំពេញ៖ កាលម្សិលមិញនេះ បទចម្រៀង Original Song ដំបូងបង្អស់ របស់លោក សាន ផានិត ដែលមានចំណងជើងថា «ផ្កាយព្រះអង្គារ» បានចេញ MV សាកល្បងជាផ្លូវការហើយ ដែលទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ព្រោះតែ MV ចម្រៀងនេះបានថតចេញពី ទេសភាពស្លឹកឈើលាស់ខៀវដ៏ស្រស់ត្រកាល នៃខេត្តមណ្ឌលគីរី និងជាកន្លែងចាប់ផ្តើមកសាងជីវិតសាជាថ្មីរបស់ លោក សាន ផានិត ផងដែរ ។

ប៉ុន្តែមិនថាយ៉ាងណា ស្របពេលជាមួយគ្នានេះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការ ចាប់អារម្មណ៍ ខ្លាំងបំផុតទៀតនោះ គឺគេឃើញថា មានវត្តមានតារាស្រីល្បីខាងសិចស៊ីបញ្ចេញដើមទ្រូង និងមានរឿងអាស្រូវច្រើន កញ្ញា ដេននី ក្វាន់ ត្រូវបានផលិតករ អ្នកដឹកនាំ MV លោក ចាន់ មករា រួមទាំងលោក សាន ផានិត បានផ្តល់ឱកាសជ្រើសរើស នាងដើរតួជាតួស្រីនៅក្នុង MV ចម្រៀងបទ «ផ្កាយព្រះអង្គារ»មួយនេះ។

ដោយហេតុនេះហើយ ទើបធ្វើឲ្យមហាជនជាច្រើន មានភាពងឿងឆ្ងល់ជាខ្លាំង ថាតើមានអ្វីដែលជាកំលាំងជម្រុញចិត្ត លោក សាន ផានិត រួមទាំងផលិតករ សម្រេចចិត្តជ្រើសរើស តួស្រីដែលសម្បូររឿងអាស្រូវម្នាក់នេះ មកដើរតួសម្តែង នៅក្នុង MV បទចម្រៀង Original Song ដ៏សំខាន់ និងជាបទដំបូងបង្អស់របស់លោក សាន ផានិតបែបនេះ? តើលោកមិនខ្លាចគេវាយប្រហារMV ចម្រៀងរបស់លោក ដោយសារតែការស្លៀកពាក់របស់នាងទេ?

បើយោងតាមមតិខាងលើរបស់មហាជន ខ្មែរឡូត ក៏បានធ្វើការទាក់ទងសុំបំភ្លឺអំពីរឿងរ៉ាវទាំងអស់នេះ ជាមួយនឹងតារាចម្រៀង សាន ផានិតផងដែរ។ 

ដោយក្នុងនោះ លោកបាននិយាយថា ៖« ហេតុផលដែលខ្ញុំ រួមទាំងផលិតករ លោក ចាន់ មករា សម្រេចចិត្តជ្រើសរើស កញ្ញា ដេននី ក្វាន់ មកថតគឺ មិនមែនដោយសារតែរឿងអាស្រូវអស់ទាំងនេះ ហើយយើងនាំគ្នាជាន់ពន្លិចគ្នាបន្ថែមនោះទេ ប៉ុន្តែក្នុងគោលបំណងចង់ជួយគាត់ លុបរឿងអាស្រូវផ្សេងៗ ដែលថាគាត់តែងតែចូលចិត្តស្លៀកពាក់សិចស៊ីនោះ ឲ្យគាត់ងាកស្លៀកពាក់បែបបិទជិត មិនសិចស៊ី ក្នុងMV មួយបទនេះវិញ និងចង់ឲ្យប្រិយមិត្តមានភាពប្លែកភ្នែកផងដែរ។ បន្ថែមពីនេះ ពួកយើងនិងក្រុមការងារទាំងអស់ ក៏បានព្យាយាមកែសម្រួលនិងកាត់ចោលប្លង់ ណាដែលមើលទៅមានភាពសិចស៊ី តាមអ្វីដែលអាចធ្វើបាន ។ បន្ថែមពីនេះ មើលទៅគាត់ ក៏មានដុងផ្នែកសម្តែងច្រើនដែរ ដោយគាត់អាចធ្វើបានល្អត្រង់ឈុតយំបាន ដោយធម្មជាតិថែមទៀតផង »។

ម៉្យាងវិញទៀត មូលហេតុដែលលោកសម្រេចចិត្តជ្រើសរើស យកទឹកដីខេត្តមណ្ឌលគីរី គឺជាទីតាំងថត MV ចម្រៀងដំបូងរបស់លោកនោះ គឺដោយសារតែខេត្តដ៏ស្រស់ស្អាតមួយនេះជាកន្លែង ដែលលោកចាប់ផ្តើមកសាងជីវិតថ្មីរបស់លោក លើសពីនេះ លោកក៏ចង់ធ្វើការផ្សព្វផ្សាយបង្អូត សម្រស់ទឹកដីខេត្តមណ្ឌលគីរីនេះ ចែកចាយទៅកាន់ភ្ញៀវទេសចរនានា ឲ្យពួកគាត់បានដឹង និងបានស្គាល់ ថាតើសម្រស់ទឹកដីភូមិភាគឥសាននេះ មានទេសភាពស្រស់ត្រកាលខ្លាំងដល់កំរិតណា។

ទន្ទឹមនឹងនេះផងដែរ លោកក៏បានបន្តទៀតថា៖ «ចំណែកឯការថតMV មួយនេះវិញ គឺមានផលវិបាកច្រើន ដោយយើងត្រូវចំណាយថវិការអស់ច្រើន និងផលវិបាកមួយវិញទៀត គឺប្រឈមនឹងបញ្ហាអាកាសធាតុ ដូចដែលទស្សនិកជន បានដឹងមកហើយថា រដូវនេះជារដូវភ្លៀង ដូចនេះ ក៏ជាផលវិបាកចំពោះក្រុមការងារថតផងដែរ។ 

ម៉្យាងវិញទៀត គឺពួកយើងក៏មានបញ្ហាត្រង់ បច្ចេកទេសសំលេងផងដែរ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ គឺនៅត្រង់វគ្គដំបូងនៃMV គឺតួសម្តែងមានការនិយាយគ្នាខ្លះៗ ដែលត្រង់នេះហើយធ្វើឲ្យពួកយើងមានការអន់ចិត្តជាខ្លាំង ដោយសារតែពួកយើងមិនបានបញ្ចូលសំលេងធម្មជាតិចូលទៅក្នុងនោះ ព្រោះតែកាលនោះកញ្ញា ដេននី ក្វាន់ បន្ទាប់ពីថត MV ហើយរួចរាល់ ក្រុមការងាររបស់ពួកយើង មិនអាចធ្វើការទាក់ទងគាត់ឲ្យមកបញ្ចូលសំលេងបាននោះទេ។

ដោយពេលខ្លះគាត់មានការជាប់រវល់ ឯពេលខ្លះទៀតគាត់បែរជាភ្លេច ដែលធ្វើឲ្យមានការអាក់ខានត្រង់កន្លែងបញ្ចូលបន្តិច ប៉ុន្តែមិនថាយ៉ាងណា វាក៏មិនមែនជាបញ្ហាធំសម្រាប់MV មួយបទនេះឡើយ ប៉ុន្តែយើងគ្រាន់តែចង់ឲ្យMV នោះចេញមកបានប្រសើរជាងនឹងតែប៉ុណ្ណោះ»។

លោកបន្តថា៖ «សម្រាប់MVចម្រៀងវិញ យើងអាចនិយាយបានថា វាមិនមានភាពល្អឥតខ្ចោះប៉ុន្មាននោះទេ គឺដោយសារតែបទ«ផ្កាយព្រះអង្គារ»នេះ ជាលក្ខណៈបែបចម្រៀងប្រលោមលោក បែបស្រមើលស្រមៃ ដែលតួប្រុសមានឋានៈតូចទាប មិនហ៊ានឈោងចាប់ផ្កាយព្រះអង្គារដែលនៅខ្ពស់ ដែលធ្វើឲ្យ MV មួយនេះចេញមក គឺមិនដូចជា MV ជាលក្ខណៈសាច់រឿង ដូចជា MV ចម្រៀងដទៃឡើយ។ ប៉ុន្តែសម្រាប់ MV បទ«ផ្កាយព្រះអង្គារ»នេះផងដែរ ក៏មានជា Series ត ឬក៏ជាMV ចម្រៀងតផងដែរ ដោយបទចម្រៀងក្រោយនេះ មានចំណងជើងថា « គ្មានសិទ្ធិ» ។

គូសបញ្ជាក់ថា បទចម្រៀង «ផ្កាយព្រះអង្គារ»នេះ គឺជាបទចម្រៀង Original Song ដំបូងបង្អស់ របស់តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលត្រូវបានផលិតដោយ ក្រុមនិពន្ធបទភ្លេង(Original Music Team) លោក ឫទ្ធីរ៉ា និង លោក ហួយ ឡូសូ។ 

បន្ថែមពីនេះ ចំពោះMV វីដេអូចម្រៀង «ផ្កាយព្រះអង្គារ»នេះវិញ ដោយតាមពិតទៅ លោកនិងក្រុមការងារ បានដំណើរការថត តាំងពី៣ខែមុនមកម៉្លេះ ប៉ុន្តែដោយយោងតាមពេលវេលា និងការកែសម្រួលផ្សេងៗ ទើបលោកសម្រេចចិត្តថាចេញ MV នេះជាMV វីដេអូចម្រៀងសាកល្បងកាលពីម្សិលមិញនេះ៕ 

ចង់ដឹងថាបទ «ផ្កាយព្រះអង្គារ»នេះ មានអត្ថន័យយ៉ាងណាទស្សនាវីដេអូ ខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload