សោកនាដកម្មណាស់! ក្រោយឡានត្រឡប់ពីថៃបែកកង់

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​​ពលរដ្ឋ​ខ្មែរ​២​នាក់​បាន​ស្លាប់​ និង៤​នាក់​រង​របួសស្រាល​ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​​​នៅខេត្ត​ប្រ​ជី​ន​បូ​រី ​ខណៈ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​ទិញ​អី​វ៉ា​ន់​នៅ​ក្រុង​បាងកក​ កាលពី​រសៀល​ថ្ងៃ​ទី​២០ កញ្ញា ​២០១៦ ​។

​ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ គឺ​ស្រី​ទាំង​២​នាក់​ តែ​ស្គាល់​អត្តសញ្ញាណ​តែ​ម្នាក់​ គឺ​ឈ្មោះ​ម៉ៅ​ ម៉ូ​លិ​កា​ ភេទ​ស្រី ​អាយុ​៣២​ឆ្នាំ ​​​មាន​ទីលំនៅ​ភូមិ​ជំទាវ​ឃុំ​ឬ​ស្សី​ក្រោក ​ស្រុក​មង្គល​បុរី​ ខេត្តបន្ទាយមានជ័យ​ ។ ​ចំណែក​អ្នក​រង​របួស៤​នាក់​ ១-ឈ្មោះ​រឹទ្ធ​ សុ​លាភ ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​(​ស្រាល​) ​មាន​ទីលំនៅ​ភូមិ​មណ្ឌល​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​និង​ខេត្តសៀមរាប​, ២-​ឈ្មោះ​សុង​ ពិសី​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ ​(​ស្រាល​)​ មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ​ សង្កាត់​សាលា​កំរើក ​​​ខេត្តសៀមរាប​, ៣-​ឈ្មោះ​កេ​ត ​គ​ន្ធា ​ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​(​ស្រាល​)​ មាន​ទីលំនៅ​សង្កាត់​បឹង​ទំពុន​ ខ​ណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ​ និង​៤-​ឈ្មោះ​ជា​ ស៊ុ​យ​លី ​ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​(​ស្រាល​) ​មាន​ទីលំនៅ​ភូមិ​កិត្តិយស​ ឃុំ​ព្រៃ​ជ្រូក​ស្រុក​ពួក​ ខេត្តសៀមរាប​ ។

​ប្រភព​ប្រាប់​ថា​ ​​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ កើតឡើង​ដោយសារ​រថយន្ត​បែក​កង់​ រួចរេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ​ ដែល​ក្នុង​រថយន្ត​រង​គ្រោះ​ មាន​មនុស្ស​៩​នាក់ ​រួម​ទាំង​អ្នកបើកបរ ​(​ជា​រថយន្ត​ប្រភេទ​តួ​រី​ស​១២​កៅអី​ពណ៌​.ស​) ​។ ​

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ និង​សមត្ថកិច្ច​ប្រចាំ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​​ប្រាប់​ថា​ ករណី​ខាងលើ​ ពិតជា​កើត​មាន​មែន ​។ ​មន្ត្រី​និង​សមត្ថកិច្ច​ខាងលើ​​បន្ត​ថា​អ្នក​របួស​៤​នាក់​ បាន​ឆ្លង​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​តម​ក​ដល់​កម្ពុជា​ហើយ​ កាលពី​វេលា​ម៉ោងជាង​១ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​21​ កញ្ញា ​នេះ​ ។​សព​ស្ត្រី​ខាងលើ​ត្រូវ​បាន​ភាគី​ថៃ​ដឹក​បញ្ជូន​ប្រគល់​សាច់ញាតិ​ត្រឹម​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ឈម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ហើយ​គេ​ជួល​រថយន្ត​ចូល​ទៅ​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​នៅ​រសៀល​ថ្ងៃ​ទី​21​នេះ​។

ដោយឡែក​សព​ស្ត្រី​ម្នាក់​ទៀត​ ត្រូវ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ប្រាប់​ថា ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ​គឺ​កំពុង​ទាក់ទង​រក​សាច់ញាតិ​ ។