លោក សុន ឆ័យ ថា លោក​នឹង​ធានា​លោក សៀង ចែត ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា មេឃុំ​លោក សៀង ចែត អាច​នឹង​ធានា​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២១ ខែ កញ្ញា ថា ក្នុង​នាម​លោក​ផ្ទាល់ ទោះ​ត្រូវ​ចំណាយ​លុយ​បែប​ណា លោក​នឹង​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ធានា​ឲ្យ​មេឃុំ​លោក សៀង ចែត បាន​នៅ​ក្រៅ​ឃុំ ឲ្យ​បាន​ជួបជុំ​គ្រួសារ នៅ​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។លោក​បន្ត​ថា នៅ​ថ្ងៃ​ទី ២២ កញ្ញា លោក​នឹង​ពិគ្រោះ​យោបល់​ជា​មួយ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សៀង ចែត ដើម្បី​ពិនិត្យ​តាម​នីតិវិធី ថា​តើ​ការ​ធានា​នេះ​អាច​ធ្វើ​បាន​តាម​មធ្យោបាយ​ណា។«»

លោក សៀង ចែត មេឃុំ​ស្រក មក​ពី​គណបក្ស​សម រង្ស៊ី នៃ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ២៤ ខែ មេសា។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រក​ឃើញ​ថា​លោក សៀង ចែត មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ក្រោយ​ពី​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ អះអាង​ថា មេឃុំ​ស្រក​រូប​នេះ បាន​យក​លុយ​ចំនួន ៥០០​ដុល្លារ ដើម្បី​ឲ្យ​ខ្លួន ជួយ​បិទបាំង​ការពិត​ដែល​គេ​ចោទ​ថា មាន​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​ជា​មួយ​លោក កឹម សុខា។

បន្ទាប់​ពី​ការ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឃុំខ្លួន​កាល​ពី​ថ្ងៃ​ទី២៧ ខែ មេសា និង​សម្រេច​ចោទ​ប្រកាន់​លោក សៀង ចែត ពី​បទ​សូកប៉ាន់​សាក្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។