ឈើប្រណិត​លោត​ឆ​ត្រ័ ឆ្លង​ដែន​ទៅ​វៀតណាម​ដូច​ហែរ​កឋិន

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២០ កញ្ញា ២០១៦ រហូត​ដល់​ម៉ោង​៣​និង​០០​ទាប​ភ្លឺ ថ្ងៃ​ទី​២១ កញ្ញា ២០១៦ មាន​ក្រុម​ឈ្មួញ មាន​ងា​ជា​ឧកញ៉ា និង​ជំនួយការ​លោកស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​ឃុបឃិត​គ្នា ដឹកឈើ​ប្រណិត​(​ឈើ​ក្រ​ញូ​ង​) និង​ឈើ​ប្រភេទ​លេខ​១​សុ​ក្រំ​ដុំ មុខកាត់​៤​តឹក ប្រវែង​៣​ម៉ែត្រ និង​មាន​ក្តា​ងឿ តាម​រថយន្ត​ប្រភេទ​យី​ឌុ​ប​ចំនួន​១៥​គ្រឿង តាម​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​។

ទាក់ទិន​ករណី​ឈ្មួញ​ដឹកឈើ​ឆ្លង​ដែន​នេះ​ដែរ សមត្ថកិច្ច​នគ​បាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​កន្លែង​របស់​លោក​ឧកញ៉ា ឃ្លាំង សាយ ថៅកែ​ឈើ និង​ជា​ម្ចាស់​ស្ថា​នី​ប្រេងឥន្ធនៈ​តេ​លា ដែល​មា​នទី​តាំងនៅ​ចំណុច​ផ្លូវកែង​បំបែក​ជា​បី ជាប់​ខាងក្រោយ​ស្ថា​នី ប្រេង​ឥន្ទ​នៈ​តេ​លា ឃ្លាំង​សាយ ស្ថិត​នៅ​ភូមិ​ពោន ឃុំ​សង្កែ ស្រុក​រំដួល​។

បាន​ស្តុក​ឈើ​ប្រមាណ​ជាង​៣០០​ម៉ែត្រគូប និង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន ស្ថិត​ក្នុងភូមិ​ឃុំ​បុស្ស​មន ស្រុក​រំដួល ដោយ​មានការ​សម្រួល​ពី​លោក​វរៈសេនីយ៍ទោ កឹង ម៉ៅ ប្រធាន​ប៉ុស្ដិ៍​ច្រក​ទ្វារ​ព្រំដែន​ទ្វេរ​ភាគី​បុស្ស​មន ប្អូន​លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា លោក​ឧកញ៉ា ឃ្លាំង​សាយ មាន​អាជ្ញា​ប​ណ្ណ័​នាំ​ឈើ ពី​ខេត្តកំពង់ធំ​មក​ស្តុក​លក់​នៅ​ក្នុង​ឃុំ​សង្កែ​ស្រុក​រំដួល​ខេត្តស្វាយរៀង ក៏​ប៉ុន្តែ​កន្លង​មក​មានច្បាប់​(PC) ដឹក​មក​ពី​គ្រប់​ខេត្ត ហើយ​មក​ដល់​ឃ្លាំង​ស្តុក​ក្នុង​វេលា​ម៉ោង​២​និង​០០​នាទី ឬ​ម៉ោង​៣​និង​០០​ទាប​ភ្លឺ ហើយ​ក៏​ដឹក​បន្ត​ទៅ​ច្រក​ទ្វារ​ព្រំដែន​បុស្ស​មន រួច​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​ទាំង​យប់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្តិ​ឡើយ​។

ជួនកាល​ដឹកឈើ​មក​ច្រើន ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​មិន​ទាន់​គឺ​ដឹក​ចូល​ឃ្លាំង​ស្តុក​ទុក ហើយ​ថ្ងៃក្រោយ​ប្តូរ​រថយន្ត​ដឹក​ទៅ​កាន់​ប្រទេស​វៀតណាម​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ឈើ​ទាំងអស់​សុទ្ធតែ​ជា​ប្រភេទ​ឈើ​លេខ​១ និង​ឈើ​លេខ​២(​ឈើ​ដុំ​មុខកាត់​៤​តឹក ឈើ​ក្តារងឿ​ធំ​ៗ​កម្រាស់​១​តឹក​ទទឹង​៣​តឹក​៤​តឹក ប្រវែង​២​ម៉ែត្រ មិន​ទាន់​ច្រៀក​ជា​គ្រឿងសំណង់​)​និង​ក៏​មិន​ដាក់​លក់​ជា​សាធារណៈ​ដែរ ដឹក​មក​ដាក់​លាក់​ទុក​ក្នុង​ឃ្លាំង ដោយ​ពុំ​មាន​ដាក់​ស្លាក​យីហោ​ជា​ដេប៉ូ​ឈើ​នោះ​ទេ​។

ហើយ​ឈើ​ទាំងនោះ ក៏​មាន​ភាគហ៊ុន​របស់​លោក​ជំនួយការ​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែរ​ចេញ​មុខ​រត់ការ​ផ្លូវ​។ ហើយ​ក៏​មាន​បែកធ្លាយ​ដឹកឈើ​ប្រណិត ក្រ​ញូ​ង បេង នាងនួន​ទៀត​ផង ហើយ​អ្នក​រត់ការ​ប្រាប់​ថា ឈើក្រហម​ទេ​ទាន​។ ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង​បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ឈើ​របស់​លោក​ឧកញ៉ា ឃ្លាំង​សាយ​នេះ គឺ​មានច្បាប់​(​មាន​PC)​ជា​ប្រភេទ​ឈើ​លេខ​១​លេខ​២ មាន​ជាង​៣០០​ម៉ែត្រគូប​ដាក់​ក្នុង​ឃ្លាំង​ក្រោយ​ស្ថា​នី​ប្រេងឥន្ធនៈ​តេ​លា គឺ​មានច្បាប់​ត្រឹមត្រូវ​។

រីឯ​លោក​ឧកញ៉ា ឃ្លាំង សាយ​វិញ បាន​និយាយ​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា ឈើ​គាត់​មានច្បាប់ ដាក់​លក់​ត្រង់​អ្នក​ណា​ទិញ​ហើយ​ដឹក​យក​ទៅ​ណា​គាត់​មិនដឹង​ទេ គឺ​ទិញ​ឈើ​មក​រកស៊ី​លក់​យក​ប្រាក់​ចំណេញ ត្រង់​គេ​ទិញ​ចេញពី​ឃ្លាំង​ហើយ​ដឹក​យក​ទៅ​ណា​យក​ទៅ​។ ទាក់ទិន​ករណី​ខា​លើ​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ឧត្តមសេនីយ៍ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​បាន​ទេ ដោយ​មន្ត្រី​ម្នាក់​ប្រាប់​ថា គាត់​ទៅ​ព្យាបាល​របួស​នៅ​ប្រទេស​វៀតណាម​៕