លោក Duterte នឹង​ដំឡើង​ឋានៈ​ឲ្យ​ទាហាន​ដែល​សម្លាប់​ឧក្រិដ្ឋជន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-21-2016, 9:19 pm         559

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte នឹង​ដំឡើង​ឋានៈ​ឲ្យ​ទាហាន​ដែល​សម្លាប់​ឧក្រិដ្ឋជន​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត Rappler)​បុរស​ខ្លាំង​ហ្វីលីពីន លោក Rodrigo Duterte បានប្រកាស​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ទាហាន​ដែល​សម្លាប់​ឧក្រិដ្ឋជន ដោយ​ពួកគេ​នឹង​ទទួលបាន​ការការពារ និង​ការដំឡើងឋានៈ​។  កាល​មុន លោក Duterte ក៏​ធ្លាប់​ធានា​លើកលែងទោស​ដល់​ប៉ូលិស និង​ទាហាន​ដែល​សម្លាប់​ឧក្រិដ្ឋជន​ក្នុងពេល​បំពេញភារកិច្ច​របស់ខ្លួន​ផងដែរ​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​រម្លឹក​ក្រុម​ទាហាន​ពី​ជំហរ​របស់លោក​ក្នុងការ​ការពារ​ពួកគេ​ពី​ការកាត់ទោស​ដោយ​ប្រព្រឹត្ត​ខុស​ក្នុងពេល​បំពេញការងារ​។ ពោលគឺ លោក​មិន​ខ្វល់​ពី​ចំនួន​ឧក្រិដ្ឋជន​ដែល​ត្រូវ​ប៉ូលិស​និង​ទាហាន​សម្លាប់​ទេ តែ​លោក​នឹង​លើកលែងទោស​ឲ្យ​ពួកគេ និង ដំឡើង​តួនាទី​ទៀតផង​។ 

​ថ្លែង​ទៅកាន់​កងពល​ថ្មើរជើង​ទី​១០ នៅ​ថ្ងៃទី​២០ ខែកញ្ញា ប្រធានាធិបតី​ហ្វីលីពីន​បញ្ជាក់ថា ដរាបណា លោក​មានអំណាច​ដើម្បី​លើកលែងទោស​នោះ លោក​នឹង​ប្រើ​សិទ្ធិ​របស់លោក បើទោះជា​ទាហាន​ទាំងអស់​សម្លាប់​ឧក្រិដ្ឋជន​ច្រើន​ប៉ុណ្ណា​ក៏ដោយ​។ ហើយ​ប្រសិនបើ​ពួកគេ​ត្រូវ​កាត់ទោស​ហើយ​នោះ លោក​នឹង​ផ្ដល់​សិទ្ធិសេរីភាព​ឲ្យ​ពួកគេ​វិញ រួមទាំង​ការដំឡើងឋានៈ​ដែរ​។

​ប្រធានាធិបតី​ហ្វីលីពីន Duterte ដែល​ត្រូវគេ​ហៅថា «​អ្នក​ដាក់ទណ្ឌកម្ម​» និយាយទៀតថា បើ​លោក​នៅតែ​ជា​ប្រធានាធិបតី គ្មាន​នរណាម្នាក់ សូម្បី​ប៉ូលិស ឬ​ទាហាន ត្រូវគេ​ចាប់​ដាក់គុក ដោយសារតែ​ការបំពេញ​តួនាទី​ឡើយ​។ ក្រៅពី​បង្ហាញ​ជំហរ​ការពារ​ក្រុម​ទាហាន លោក Duterte ក៏​ចេញ​បញ្ជា​ឲ្យ​កងទ័ព​បាញ់សម្លាប់​ឧក្រិដ្ឋជន បើទោះជា​ឧក្រិដ្ឋជន​ទាំងនោះ មាន​ឬ​គ្មានកាំភ្លើង​ក្នុង​ដៃ​ក៏ដោយ​។

​ការដាក់​បញ្ជា​ឲ្យ​បាញ់​ឧក្រិដ្ឋជន​ខាងលើនេះ គឺ​ខុសពី​បញ្ជា​លើក​មុន​ដែល​លោក Duterte ប្រាប់​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​បាញ់​ជនសង្ស័យ​តែ​ពេលដែល​ពួកគេ (​ទាហាន​ហ្វីលីពីន​) មាន​គ្រោះថ្នាក់​ប៉ុណ្ណោះ​។ យោងតាម​សារព័ត៌មាន Rappler លោក Duterte បញ្ជាក់ថា​៖ «​បើ​ឧក្រិដ្ឋជន​កាន់​កាំភ្លើង បាញ់​ពួកគេ​ទៅ​! ហើយ​បើ​ពួកគេ​អត់​មាន​កាំភ្លើង ក៏​អាច​បាញ់​បាន​ពួកគេ​ដែរ​។ កុំ​ភ័យ​ខ្ញុំ​នៅ​ការពារ​អ្នក​»​។​

​ទន្ទឹមនឹងនោះ ប្រធានាធិបតី Duterte ក៏​ក្រើនរម្លឹក​ក្រុម​ទាហាន​ទាំងអស់​ថា លោក​មិនបាន​ដាក់​បញ្ជា​ឲ្យ​ពួកគេ​ធ្វើអំពើ​ខុសច្បាប់​ឡើយ​។ លោក Duterte និយាយ​ច្បាស់ៗ​ថា លោក​ប្រកាសសង្គ្រាម​ប្រឆាំង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ មិនមែន​អ្វី​ផ្សេង​ឡើយ​។ ហើយ​សង្គ្រាម គឺជា​សង្គ្រាម​។ ការ​រម្លឹក​នេះ ទំនងជា​លោក​ចង់​ប្រាប់​កងកម្លាំង​ទាំងអស់​ថា លោក​មិន​អាចជួយ​ពួកគេ​បានឡើយ ប្រសិនបើ​ពួកគេ​ធ្វើ​ខុស​តួនាទី​នោះ​៕