នូ​វែ​ល​សេ​ឡង់ ចង់​មានការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​កាន់តែខ្លាំង​ និពន្ធដោយ : ទេព អ៊ីវិសាល       September-21-2016, 10:20 pm         189

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នូ​វែ​ល​សេ​ឡង់ ចង់​មានការ​កែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ឲ្យ​អង្គការសហប្រជាជាតិ​កាន់តែខ្លាំង​​នាយករដ្ឋមន្ត្រី នូ​វែ​ល​សេ​ឡង់ លោក Jonh Key បានលើកឡើង​ពី​ចេតនា​ចង់​ឲ្យ​មានការ​កែទម្រង់​សមត្ថកិច្ច​របស់​អង្គការសហប្រជាជាតិ​ជាបន្ទាន់​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការទទួលខុសត្រូវ និង​ការរក្សា​សន្តិភាព និង​សន្តិសុខ​ពិភពលោក​។ លោកនាយក​រដ្ឋមន្ត្រី បាន​ទាញយក​វិបត្តិ​នៅ​ស៊ី​រី​ដើម្បី​បង្ហាញ​ពី​ចំណុចខ្សោយ​នៃ​ការធ្វើការងារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការចេញ​ដំណោះស្រាយ​រួមគ្នា​បាន​។

​លោកនាយក​រដ្ឋមន្ត្រី Jonh Key នៅ​ថ្ងៃទី​២០ ខែកញ្ញា បាន​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​នា​សម័យប្រជុំ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដោយ​លោក បាន​ទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក ចូលរួម​ទទួលខុស​ត្រូវជា​លក្ខណៈ​សមូហភាព​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ ជាមួយនឹង​ឆន្ទៈ​នយោបាយ​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ​អាច​ទៅដល់​កន្លែង​ដែល​ខ្លួន​ចង់បាន និង​ទៅដល់​។

​ក្នុងនាម​ជា​ប្រធាន​វិលជុំ​ប្រចាំខែ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ លោកនាយក​រដ្ឋមន្ត្រី នាឱកាស​នោះ ក៏បាន​និយាយ​ត្រង់ៗ​ពី​ចំណុចខ្សោយ និង​បរាជ័យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ក្នុងប្រទេស​ស៊ី​រី​។ ហើយ​បញ្ហា​នោះ គឺ​ការប្រើប្រាស់​«​សិទ្ធិ​ជំទាស់​»​។ លោក បាន​បញ្ជាក់ថា​៖ «​ការប្រើប្រាស់​សិទ្ធិ​ជំទាស់ ការគំរាមកំហែង​តាមរយៈ​សិទ្ធិ​ជំទាស់ បាន​ដើរ​ហួស​ទៅនឹង​ការចង់បាន​របស់​អង្គការសហប្រជាជាតិ ដែល​វា គួរតែ​ដល់​ពេលដែល​អង្គការ​មួយ​នេះ គួរតែមាន​ការកែទម្រង់​ហើយ​»​។

​តាមពិតទៅ វា​មិនមែនជា​លើកដំបូង​នោះទេ ដែល​ការចង់​ឲ្យ​មានការ​កែទម្រង់​នូវ​ការប្រើប្រាស់​សិទ្ធិ​ជំទាស់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ត្រូវបាន​លើកឡើង​នោះ​។ តែ​បញ្ហា​នោះ​គឺ​ទោះបីជា មានការ​លើកឡើង​បញ្ហា​នេះ​ស្ទើរតែ​ជា​រៀងរាល់ឆ្នាំ​ក៏ដោយ ដំណោះស្រាយ ឬ​ការកែទម្រង់​នៅតែ​មិនទាន់មាន​លេច​រូបរាង​នៅឡើយ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ មាន​សរុប​ទាំងអស់​១៥​ប្រទេស​ដែល​រួមមាន​សមាជិក​អចិន្ត្រៃយ៍​៥​ប្រទេស និង​មិន​អចិន្ត្រៃយ៍​១០​ប្រទេស​។ ហើយ​សមាជិក​អចិន្ត្រៃយ៍​ដែលមាន​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ជំទាស់​មានដូចជា ចិន បារាំង រុស្ស៊ី អង់គ្លេស និង​អាមេរិក​៕