ព្រោះតែ​ចែក​គ្នា​មិន​ស្មើ ទើប​បែកធ្លាយ​រឿង​បែប​នេះ !

ខេត្តមណ្ឌលគិរី ៖ គណៈកម្មការ​ចុះ​ទៅ​រុករក​ឈើ​នៅ​តាម​ព្រំដែន បាន​អះអាង​ថា គណៈកម្មការ​បាន​រក​ឃើញ​កំណាត់ឈើ​ជិត​៣.០០០​កំណាត់​ដូច​អ្វី​ដែល​ព័ត៌មាន បាន​ចេញផ្សាយ​មែន ។ តែ​វា​ជា​ប្រភេទ​ឈើ​ខ្លុង ត្បែង និង​ឈើ​ត្រាច​។ ចំណែក​លោក អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រៃឈើ​វិញ​បាន​ឲ្យ​ដឹង​ថា កំណាត់ឈើ​ដែល​រក​ឃើញ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា វៀតណាម ស្ថិត​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​នោះ មាន​ចំនួន​សរុប ២.៩៤៩ កំណាត់ ជា​ប្រភេទ​ឈើ​លេខ​១​។

មន្ត្រី​សមត្ថកិច្ច​មួយ​រូប នៅ​ក្នុង​គណៈកម្មការ​ចុះ​ទៅ​រុករក​ឈើ ខាងលើ​បាន​ឲ្យ​ដឹង​ថា ឈើ​នេះ​ជា​ឈើ​ចាស់​បន្សល់​ទុក តាំងពី​មុន​គណៈកម្មការ បើក​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​មក​ម្ល៉េះ​។ កាលនោះ​ក្រុម​ឈ្មួញ​បាន​កាប់ និង​ដឹក​ជញ្ជូន​យក​ទៅ​ទុក​នៅ​លើ ដី​វៀតណាម​ក្បែរ​ព្រំដែន​។ ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស បើក​យុទ្ធនាការ​បង្ក្រាប ឈ្មួញ វៀតណាម​ផ្អាក​ទិញ ក្រុម​ឈ្មួញ​ខ្មែរ​ខ្លាច​បាត់​ឈើ​ក៏​នាំ​គ្នា ដឹក​យក​មក​លាក់​ទុក​នៅ​លើ​ដី​ខ្មែរ​វិញ តែ​នៅ​ក្បែរ​ព្រំដែន​ដដែល គឺ​នៅ​ក្បែរ​ចំណុច​ប៉ុស្ដិ៍​ការពារ​ព្រំដែន​អូរ​រ៉ូ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

កំណាត់ឈើ​ខាងលើ​គឺ​គេ​ដាក់ នៅ​រាយ​ប៉ាយ បច្ចុប្បន្ន​ឈើ​ខ្លះ​មាន​ស្មៅ​ដុះ​គ្រប​ស្ទើ​មើល​លែង​ឃើញ​ទៅ​ហើយ​។ ប៉ុន្តែ​គណៈកម្មការ បាន​រក​ឃើញ​មាន​ចំនួន ២.៩៤៩ កំណាត់ នៅ​មិន​ទាន់​ដឹង​ចំនួន ម៉ែត្រគូប​ច្បាស់លាស់ នៅឡើយ​ទេ​ដោយ​គណៈកម្មការ កំពុងធ្វើការ​វាស់វែង​។

សូម​បញ្ជាក់​ថា ការ​បែកធ្លាយ​ព័ត៌មាន ខាងលើ​នេះ​គឺ​បន្ទាប់​ពី​មាន​ឈ្មួញ និង​មន្ត្រី​សមត្ថកិច្ច​នៅ​ខេត្តមណ្ឌលគិរី មួយ​ក្រុម​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​កំណាត់ឈើ​ហ៊ុ​ប ឈើ​ឡាំង​ខាងលើ​នាំ​គ្នា​រត់ការ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​មាន​ឈ្មួញ​វៀតណាម ចូល​មក​ចរចា​ទិញ តែ​ដោយសារ​មាន​អ្នក​មិន​ទទួល​បាន​ចំណែក​ក៏​ទម្លាយ​ព័ត៌មាន ខាងលើ​នេះ​មក​អោយ​អ្នក​សារព័ត៌មាន ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បែកធ្លាយ ខាន​ចាយ​ទាំងអស់​គ្នា​តែ​ម្ដង​ទៅ​។ ក្នុង​នោះ​មាន​មន្ត្រី​ពាក់ព័ន្ធ​ខ្លះ​ខំ​ចេញ​មុខ​បកស្រាយ​ថា ឈើ​ខាងលើ​ពិត ជា​មាន​មែន តែ​មិន​ដល់ ៣.០០០​ម៉ែត្រគូប ដូច​ព័ត៌មាន​ផ្សាយ​នោះ​ទេ​៕