ព្រះរាជអាជ្ញា​ចុះ​ត្រួតពិនិត្យ​តាម​ស្តង់ រក​ឃើញ​ម៉ូតូ​គេចពន្ធ​៥​គ្រឿង

ខេត្តកំពង់ធំ ៖ ដោយ​សង្កេត​ឃើញ​ថា​មាន​ករណី​ចោរលួច​កាច់​សោក​ម៉ូតូ​ប្រជាពលរដ្ឋ​នា​រដូវ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំ​បិ​ណ្ទ នៃ​បុណ្យ​តាម​ប្រពៃណី​ជាតិ ជា​ពិសេស​ស្រុក​ប្រាសាទ​បល្ល័ង្ក​កាលពី​ថ្មីៗ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ចំណែក​បក្ខពួក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ ក្រោយ​ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ហ៊ីង ឈឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដងកាំបិត ឃុំ​ដង​កាំ​បិទ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ  បាន​ឆ្លើយ​សារភាព​ថា​បក្ខពួក​របស់​ខ្លួន​ម្នាក់​ទៀត​ឈ្មោះ សោម ឆាន អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​យក​ម៉ូតូ​មក​លក់​ឲ្យ​ហាង​មួយ​ឈ្មោះ ស៊ិ​ន សុធា មានមុខ​របរ​ទិញ​លក់​ម៉ូតូ​ផ្ទះ​លេខ​២៨ ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ លោក អ៊ុត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​នគរបាល​ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី កែ ខាន់​ណា​រ៉ា ស្នងការ​ង​នគរបាល​ខេត្តកំពង់ធំ ដែល​មាន​កម្លាំង​ជាង​២០​នាក់​ចុះ​ឆែកឆេរ​ហាង​របស់ លោក ស៊ិ​ន សុធា បាន​រក​ឃើញ​មាន​ម៉ូតូ​ខុស​ប្រក​តី​ចំនួន ២​គ្រឿង និង​ម៉ូតូ​គ្មាន​ព​ន្ឋ​ចំនួន​៥​គ្រឿង  វត្ថុ​តាង​ទាំងនេះ​ត្រូវ​បាន​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ទីស្នាក់ការ​គយ​សាខា​ខេត្តកំពង់ធំ ។

ក្នុង​នោះ​ដែរ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​ចំនួន​មានការ​ងឿងឆ្ងល់​ថា ហាង​លក់​ម៉ូតូ​ក្នុង​ខេត្តកំពង់ធំ មួយ​ចំនួន​ធំ​នៅ​តែ​មានការ​ទិញ​លក់​ម៉ូតូ​ចោរលួច និង​ម៉ូតូ​ដែល​គ្មាន​ពន្ធ​យ៉ាង​អនាធិបតេយ្យ កំពុង​តែ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​ខេត្តកំពង់ធំ មិនដឹង​ថា​សាខា​គយ ខេត្តកំពង់ធំ មាន​ចំណាត់ការ​ដូច​ម្តេច​ចំពោះ​ម៉ូតូ​គេចពន្ធ​ទាំងនេះ ឬ​មួយ​ក៏​ទទួល​បាន​នូវ​លាភសក្ការៈ​ពី​ម្ចាស់​ហាង​អស់នោះ​សូក​លុយ​ឲ្យ បានជា​ពុំដែល​ឃើញ​មាន​សាខា​គយ​ចុះ​ត្រួតពិនិត្យ​តាម​ហាង​លក់​ម៉ូតូ​សោះឡើយ បែរជា​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ប្រគល់​ឲ្យ​គយ​ចាំតែ​ទទួលយក​ស្រាប់​ៗ​យ៉ាង​រំភើយ​។

ពលរដ្ឋ​បន្ត​ថា​ជា​ពិសេស​នោះ​ម្ចាស់​ហាង​លក់​ម៉ូតូ​ពួក​គេ​ឆ្លាត​ណាស់​មិនសូវ​ទុក​ម៉ូតូ​អត់​ពន្ធ​នៅ​ក្នុង​ហាង​ច្រើន​នោះ​ទេ​។ ពេល​ដែល​ប្រជាពលរដ្ឋ​រក​ទិញ​ម៉ូតូ​អត់​ពន្ធ​ថោក​ៗ​មួយសន្ទុះ​គេ​បញ្ចេញ​មក​ឲ្យ ភ្លាម​ៗ ទ​ង្វើ​ទាំង​អស់នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ថវិកា​ពន្ធ​បង់​ចូល​រដ្ឋ​។ ពលរដ្ឋ​សំណូមពរ​ដល់​ស្ថាប័ន គយ មេត្តា​ជួយ​មាន​វិធានការ​ចំពោះ​អស់លោក​មន្ត្រី​សាខា​គយ​នៅ​ក្នុង​ខេត្តកំពង់ធំ​ផង ដើម្បី​រឹត​បន្តឹង​ចំពោះ​បញ្ហា​ខាងលើ​នេះ​៕