ការប្រកួតកីឡាជាតិ រកបានអ្នកឧបត្ថម្ភ ប៉ុន្តែប្រាក់រង្វាន់នៅតែមានកម្រិតទាប

ក្រុមហ៊ុនស្រាបៀរកម្ពុជា បានក្លាយជាអ្នកឧបត្ថម្ភធំ ក្នុងការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ខណៈក្រុមហ៊ុនទូរស័ព្ទ Smart Axiata និងក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋ ក៏បានចូលរួមឧបត្ថម្ភក្នុងការប្រកួតនេះផងដែរ ហើយពិធីចុះអនុស្សរណៈ(MoU) ត្រូវបានធ្វើឡើងនៅទីស្នាក់ការ NOCC កាលពីថ្ងៃពុធ ម្សិលមិញ។

n3

លោក Petet Leang នាយកប្រតិបត្តិស្រាបៀរកម្ពុជា និងលោក Thomas Hundtតំណាងហ៊ុនទូរស័ព្ទ Smart Axiata សុទ្ធតែបានបង្ហាញពីទស្សនៈវិស័យក្រុមហ៊ុនរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ពិសេសការប្រកួតកីឡាជាតិ លើកទី១នេះ ព្រោះការប្រកួតនេះធ្វើឡើង ដើម្បីឲ្យកម្ពុជាបានរៀនសូត្រយកបទពិសោធ ព្រមទាំងពង្រឹងធនធានអត្តពលិក និងមន្រ្តីបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

n2

ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីកីឡាជាច្រើនទៀត សុទ្ធតែបានបង្ហាញការសាទរជាមួយការចូលរួមឧបត្ថម្ភពីវិស័យឯកជនលើកនេះ។ យ៉ាងណាក៏ដោយ ចំពោះទំហំទឹកប្រាក់ នៃការឧបត្ថម្ភរបស់ក្រុមហ៊ុនទាំងនេះ មិនត្រូវបានគេប្រាប់ឲ្យដឹងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល គ្រោងចំណាយ១លានដុល្លារ សម្រាប់ការប្រកួតកីឡាជាតិ លើកទី១នេះ។

n1

លោក វ៉ាត់ ចំរើន បានថ្លែងថា ការឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងជាលក្ខណៈសម្ងាត់មួយរវាងក្រុមហ៊ុន និងអ្នកជំនាញរបស់យើង ប៉ុន្តែនៅក្នុងការឧបត្ថម្ភនេះ វាមានចែកជា៣គឺការឧបត្ថម្ភជាថ្លៃសេវា ឬជួយរៀបចំតុតតែងផ្សេងៗ ការឧបត្ថម្ភទៅលើសម្ភារៈ និងការឧបត្ថម្ភជាប្រាក់ សម្រាប់ចំណាយទៅការរៀបចំការប្រកួត និងការចំណាយផ្សេងៗទៀត។

លោក បានបន្តថា៖«ការប្រកួតកីឡាជាតិនេះ បើគ្មានការចូលរួមឧបត្ថម្ភពីវិស័យឯកជនទេ យើងនឹងមានការលំបាក ព្រោះការឈានទៅរកភាពរីកចម្រើននៃវិស័យកីឡានៅលើសកលលោក គឺមានការគាំទ្រពីវិស័យឯកជនសឹងតែមួយភាគធំ រីឯស្ថាប័នជំនាញរបស់រដ្ឋ គ្រាន់តែដឹកនាំគ្រប់គ្រង និងជួយគាំទ្រ និងបង្កលក្ខណៈឲ្យបានរលូនតែប៉ុណ្ណោះ»។

យ៉ាងណាក៏ដោយ សម្រាប់អត្តពលិកចូលរួម តម្រូវឲ្យបានសិទ្ធិចូលរួមម្នាក់១០ម៉ឺនរៀល ឯការស្នាក់នៅហូបចុក ជាបន្ទុករបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រាក់រង្វាន់ដែលទទួលបានត្រូវបានគេមើលឃើញថា នៅមានចំនួនតិច ដោយត្រូវយកតាមប្រកាសអន្តរក្រសួងចាស់។ នេះបើតាមការលើកឡើងរបស់លោក អ៊ុក សិទ្ធិជាតិ គឺមានន័យថា អ្នកឈ្នះមេដាយមាស បាន១៥ម៉ឺនរៀល អ្នកឈ្នះមេដាយប្រាក់បាន១០ម៉ឺន និងមេដាយសំរឹទ្ធបាន៨ម៉ឺនរៀល ដូចគ្នាទៅនឹងការប្រកួតកីឡាជ្រើសជើងឯកថ្នាក់ជាតិដែរ ប៉ុន្តែការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ គ្មានការបង់ប្រាក់សុំសិទ្ធិចូលរួមនោះទេ ហើយប្រភេទកីឡាមួយចំនួន ពិសេសប្រដាល់ គឺមានប្រាក់តម្លៃខ្លួន ក្នុងការប្រកួតមួយលើកៗ បន្ថែមទៅលើប្រាក់រង្វាន់នៃការឈ្នះបានមេដាយ។

គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១នេះ មាន១៤ប្រភេទកីឡាបានចូលរួម ក្នុងនោះកីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ(WTF) វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និងកីឡាកាយសម្ព័ន្ធ៕

The post ការប្រកួតកីឡាជាតិ រកបានអ្នកឧបត្ថម្ភ ប៉ុន្តែប្រាក់រង្វាន់នៅតែមានកម្រិតទាប appeared first on CamboSport.