ចឹងតើ! បានប៉ុន្មានថ្ងៃនេះធុំក្លិនស្អុយណាស់

រាជធានី​ភ្នំពេញ ៖ ក្លិនស្អុយ​អាសោចសាយភាយ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បា​គូ​នាំ​គ្នា​ដើរ​រក​តាម​​ក្លិន​នោះ​ ក៏​ប្រទះ​ឃើញ​សាក​សព​បុរស​ម្នាក់​មាន​សភាព​ហើម​ស្អុយ​​​ដង្កូវ​រោម​ពេញ​ខ្លួន​ទៅ​ហើយ​អណ្តែត​ទឹក​នៅ​ក្រោម​ស្ពាន​ព្រែក​ជ្រៃ​ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ កាល​ពី​​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២១​ កញ្ញា តាម​បណ្តោយ​ផ្លូវ​២១៧ នៅ​ចំណុច​ក្រោម​ស្ពានថ្ម​ព្រែក​ជ្រៃ ស្ថិត​នៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ។

ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២១ ​កញ្ញា អ្នករស់នៅ​ក្បែរ​ស្ពាន​ព្រែក​ជ្រៃ​ ធុំក្លិន​ស្អុយ​​ចម្លែក​ ក៏​បាន​នាំ​គ្នា​ដើរ​រក​តាំងពី​ថ្ងៃ​ តែ​រក​មិនឃើញ​​រហូត​ដល់​ល្ងាច ទើប​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​មាន​សភាព​ហើម​ស្អុយ ​និង​មាន​ដង្កូវ​រោម​ពេញ​ខ្លួន ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ និង​ស្រាវជ្រាវ​រក​សាច់ញាតិ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​មាន​សភាព​ហើម​ស្អុយ​ អាច​ស្លាប់​ជាង​៥​ថ្ងៃ​មក​ហើយ មិនដឹងថា​ សព​នេះ​អណ្តែត​ទឹក​មកពីណា​ទេ នៅ​ជាប់​នឹង​ខ្លួន​មិន​មាន​អត្តសញ្ញាណ ហើយ​មុខ​សព ក៏​មើល​សឹងតែ​មិន​ស្គាល់​ទៀត ។ សព​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​សំបួរមាស បើសិនជា​អត់​មាន​សាច់ញាតិ​មក​រកទេ និង​បូជា​ទៅ​តាម​ប្រពៃណី​ហើយ ៕