ស្រឡាញ់​គ្នា​២​ឆ្នាំ ទើប​បែកធ្លាយ​ការណ៍​ពិត

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​ បាន​ប្រើ​ភាសា​ស្នេហា​យ៉ាង​ផ្អែមល្ហែម លួងលោម​តាម​សុំ​ស្រឡាញ់​ រហូត​នារី​ជា​អ្នកបកប្រែ​ ភាសា​ចិន​ម្នាក់​លង់ស្នេហ៍ តែ​ទី​បំផុត​​អស់ទាំង​ខ្លួនប្រាណ អស់ទាំង​លុយ ​ហើយ​​ត្រូវ​បុរស​ជា​គូស្នេហ៍​រុញ​ទម្លាក់​ពីលើ​ឡាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​ចាញ់បោក​ប្រុស​ស្នេហ៍​ អស់​ខ្លួនប្រាណ​ហើយ​អស់​លុយ​ ទៀត​នោះ​អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​កបក​ប្រែភាសា​ចិន ស្នាក់​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ប្រុស​ស្នេហ៍​មានឈ្មោះ ឈុំ សេង អាយុ​៣៨​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី រស់នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ខេត្តកំពត ។

ប្រភព​ព័ត៌មាន​ ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​មក ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ឃើញ​មាន​រថយន្ត​ ១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ ក៏​ត្រូវ​បុរស​ជា​ប្តី​ បាន​រុញ​ទម្លាក់​ពីលើ​រថយន្ត ពេល​ឃើញ​បែប​នេះ​សមត្ថកិច្ច​ក៏​បាន​នាំ​អ្នក​ទាំង​២​នាក់​ ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

តាម​ប្រភព​ព័ត៌មាន​ ពី​ស្ត្រី​ខាងលើ​បាន​បង្ហើប​ប្រាប់​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ដឹង​ថា រយៈ ពេល​២​ឆ្នាំ​មក​ហើយ​ ពេល​ដែល​គាត់​ទើបនឹង​ត្រឡប់​ មក​ពី​ធ្វើការ​នៅ​ប្រទេស​ចិន​វិញ ក៏​បាន​ជួបនឹង​ប្រុស​ស្នេហ៍​ របស់​នាង​ខាងលើ​ ហើយ​បាន​លួងលោម​អះអាង​ថា គេ​ជា​បុរស​ពោះម៉ាយ តាម​សុំ ស្នេហ៍​ពី​រូប​គាត់​រហូត​ធ្លាក់​ក្នុង​ អន្លង់​ស្នេហា​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​បាន​រយៈពេល​១​ឆ្នាំ ក៏​បាន​បែកធ្លាយ​ដឹង​ថា ប្រុស​ស្នេហ៍​មាន​ប្រពន្ធ​រួច​ទៅ​ហើយ តែ​ឲ្យ​ប្រពន្ធ​រស់នៅ​ស្រុក​កំណើត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​ដឹង​ថា ប្រុស​ស្នេហ៍​មាន​ប្រពន្ធ​រួច​ទៅ​ហើយ រូប​គាត់​ក៏​មាន​បំណង​ដោះដៃ​វិញ​ដែរ ប៉ុន្តែ​ដោះ​ចេញ​មិន​រួច ដោយសារ​តែ​ប្រុស​ព្រាន​ពូកែ​លួងលោម តាម​ស្រឡាញ់ ផ្អែមល្ហែម មិន​ត្រឹមតែ​បោក​យក​ខ្លួនប្រាណ​ទេ ថែម​ទាំង​លួងលោម​បោក​ខ្ចី​លុយ​ អស់​ជិត​៤០០០​ដុល្លារ ហើយ​មិន​ព្រម​សង​វិញ​សោះ ។

ប្រភព​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ខណៈ​ពេល ដែល​ពួក​គាត់​ទាំង​២​នាក់​កំពុង​តែ​ជិះ​រថយន្ត​ជាមួយ​គ្នា​ បាន​ឈ្លោះប្រកែក​គ្នា​រឿង​លុយ ដោយសារ​តែ​រូប​គាត់​បាន​ទារ​លុយ​វិញ ក៏​ត្រូវ​ប្រុស​ស្នេហ៍​រុញ​ទម្លាក់​ពី លើ​រថយន្ត​ហើយ​នៅ​ឈ្លោះ ប្រកែក​គ្នា​តាម​ផ្លូវ​ទៀត បាន​ជួបនឹង​កម្លាំង​ល្បាត​ បាន​នាំ​ទៅ​សួរនាំ​នៅ​ ប៉ុស្តិ៍​នគរបាល​ចោម ចៅ ។

បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​ហើយ ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​ ស្នេហា​បាន​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ ជួយ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​ដោយសារ​តែ​មិនមែន​ជា​តួនាទី​របស់​សមត្ថកិច្ច​ទេ គឺ​ត្រូវ​ទៅ​សាលាសង្កាត់​វិញ ។ ទីបំផុត​ប្រុស​ព្រាន​បាន​លួងលោម​ដឹក​ដៃ​ស្ត្រី​ខាងលើ​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រឡាញ់​គ្នា​២​ឆ្នាំ ទើប​បែកធ្លាយ​ការណ៍​ពិត

ស្រឡាញ់​គ្នា​២​ឆ្នាំ ទើប​បែកធ្លាយ​ការណ៍​ពិត