ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក សូមមកប្តូរយកថ្មី នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២៦-​​៣០ ខែកញ្ញា ឆ្នាំ២០១៦

(ភ្នំពេញ)៖ ដើម្បីគាំទ្រនិងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ដូចជាលើទឹកចិត្តប្រជាពលរដ្ឋ គ្រប់រូបឲ្យប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន ធនាគាជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ បានចេញនូវជូនដំណឹងមួយស្ដីពីការរៀបចំ «យុទ្ធនាការស្រលាញ់ប្រាក់រៀល» ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក អាចមកប្តូរយកថ្មីនៅគ្រប់សាខារាជធានី-ខេត្ត របស់ធនាគារជាតិនៃកម្ពុជា (លើកលែងតែស្នាក់ការកណ្តាល) ចាប់ពីម៉ោង៣៖០០នាទីរសៀល រហូតដល់ម៉ោង ៥៖០០នាទីល្ងាច ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិ នៃកម្ពុជាទាំងស្រុង៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីផ្សេងទៀត កាលពីលើកមុនផងដែរថា ដែលធ្វើឲ្យមហាជនទូទៅមានការព្រួយបារម្ភ និងជ្រួលច្របល់ ដោយសារតែភាគច្រើននៃប្រជាជនកម្ពុជា ប្រើប្រាស់ និងរក្សាទុកជាប្រាក់ដុល្លារអាមេរិក ។ តើរឿងនេះ ពិតដូចអ្វីដែលបាននិងកំពុងកើតឡើងឬយ៉ាងណា ?

ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត ប៊ុន មុន្នី នាយកប្រតិបត្តិធនាគារស្ថាបនា បានមានប្រសាសន៍ថា រឿងនេះគឺជារឿងពិត ព្រោះធនាគារជាតិ បានចេញសេចក្ដីប្រកាសមក មិនទទួលយកក្រដាសប្រាក់ដុល្លារដែលមានស្នាមរហែក ស្នាមប្រឡាក់ ឬក្រដាស់ប្រាក់ទក់ជាដើម ។ ប៉ុន្តែរឿងមានត្រានៅលើក្រដាសប្រាក់នោះ មិនទាន់ប្រាកដនៅឡើយទេ ។

លោកមានប្រសាសន៍ថា ៖ « ទាក់ទងនឹងរឿងស្នាមត្រាតូចៗនៅលើក្រដាសប្រាក់ ខ្ញុំអត់ទាន់ច្បាស់ដែរ ក៏ប៉ុន្តែក្រដាសប្រាក់ចាស់ មានស្នាមប្រឡាក់ គេ [ធនាគារ] អត់យកទេ តែចំពោះក្រដាសប្រាក់ទើបបោះថ្មីៗ ហើយមានស្នាមត្រា ស្នាមប្រឡាក់តិចតួច ដូចជាមិនទាន់ឮនិយាយពីរឿងហ្នឹង » ។

លោកបន្ថែមថា ក្រដាសប្រាក់ដែលមានស្នាមប្រឡាក់ ទក់ រហែក មិនមែនសំដៅតែក្រដាសប្រាក់ធំៗទេ គឺឲ្យតែប្រាក់ដុល្លារមិនទទួលយកទាំងអស់ ហើយករណីមួយទៀតដូចជា មានស្នាមប៊ិកគូសនៅលើក្រដាសប្រាក់ដុល្លារ ក៏ធនាគារជាតិមិនទទួលដែរ ។ នៅពេលធនាគារជាតិមិនទទួល ធនាគារផ្សេងៗទៀត ក៏មិនហ៊ានទទួលយកប្រាក់នោះដែរ ។ លោកថា៖ « បើសិនជាធនាគារជាតិបដិសេធមិនយក ក្រដាសប្រាក់របៀបហ្នឹង ខ្ញុំគិតថា មានផលប៉ះពាល់ដែរ ព្រោះមានលុយមួយចំនួនប្រឡាក់ ចាស់ ខូចអីចឹងទៅ ហើយត្រូវការរកប្រភពសម្រាប់ដូរវា ។ ទោះបីជាបញ្ហានេះ វាមិនទាន់ធំដុំ ប៉ុន្តែខ្ញុំថា បើសិនណាជាមានករណីរបៀបហ្នឹងច្រើនទៅ វាអាចនឹងមានបញ្ហាដែរ » ។

លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានឲ្យដឹងដែរថា លោកបានឮដំណឹងហ្នឹងដែរ តែធនាគារជាតិអត់មានកាតព្វកិច្ចអី ត្រូវទទួលលុយដុល្លារដែលចាស់ ឬប្រឡាក់ យកទៅដូរឲ្យទេ ព្រោះវាមិនមែនជារូបិយប័ណ្ណរបស់ខាងធនាគារជាតិ ។ លោកថ្លែងថា ៖ « ខ្ញុំយល់ថា បញ្ហាហ្នឹង វាគួរតែមានដំណោះស្រាយមួយល្អ ដើម្បីកុំឲ្យប្រជាពលរដ្ឋខាតច្រើន ព្រោះក្រដាសប្រាក់ដុល្លារទាំងនោះនៅតែដូរយកវិញបាននៅប្រទេសអាមេរិក អីចឹងទាល់តែប្រទេសកម្ពុជាយើងរកដំណោះស្រាយណាមួយកុំឲ្យប្រជាពលរដ្ឋខាត ហើយក៏កុំឲ្យមានការរំខានដល់លំហូរសាច់ប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិយើង » ។

លោកបន្តថា នៅប្រទេសកម្ពុជា គួរតែមានស្ថាប័នណាមួយដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដល់ពាណិជ្ជករ ដល់ធនាគារពាណិជ្ជ ដែលអាចមានបញ្ហាដោយសារតែក្រដាសប្រាក់ដុល្លារខ្លះចាស់ពេក ធ្វើឲ្យគេមិនទទួលយកនោះ ហើយបើសិនជាគ្មានដំណោះស្រាយល្អ វាខាតដល់សេដ្ឋកិច្ចកម្ពុជា ។ លោកនិយាយបន្តថា ៖ «ក្នុងករណីនេះ ខ្ញុំយល់ថា វាមិនធ្ងន់ធ្ងរពេកទេ ព្រោះនៅទីបំផុតអាចនឹងមានស្ថាប័នឯកជនណាមួយទទួលយកក្រដាសប្រាក់ប្រឡាក់ រហែក ឬទក់ទៅដូរនៅសហរដ្ឋអាមេរិក គ្រាន់តែស្ថាប័នឯកជននោះយកកម្រៃ ។ ដូចនេះ លុយចាស់ទាំងនោះមិនត្រូវបានបោះបង់ចោលទេ គ្រាន់តែត្រូវអស់ចំណាយមួយចំនួន » ។

លោក ច័ន្ទ សុផល បញ្ជាក់ថា ការចរាចរក្រដាសប្រាក់ដុល្លារនៅលើទីផ្សារប្រទេសកម្ពុជា មានច្រើនជាងលុយរៀល បើតាមស្ថិតិរបស់ធនាគារជាតិ គឺមានរហូតដល់៨៥ភាគរយជាប្រាក់ដុល្លារនៅក្នុងប្រព័ន្ធធនាគារ ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៣ មិថុនា ២០១៦ មិនទាន់ឃើញធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសជាសាធារណៈណាមួយពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ ខណៈដែលការមិនទទួលក្រដាសប្រាក់មានស្នាមប្រឡាក់ រហែក ឬកខ្វក់ កំពុងតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ។

តែបើតាមមន្ត្រីធនាគារជាតិនៃកម្ពុជាមួយរូបបានប្រាប់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅល្ងាចថ្ងៃដដែលនេះថា ខាងធនាគារកំពុងតែពិភាក្សារឿងហ្នឹង ហើយគ្រោងនឹងចេញសេចក្ដីប្រកាសឆាប់ៗនេះ ។ លោកបញ្ជាក់ថា ៖ « ខាងធនាគារជាតិយើងមិនបានណែនាំថា មិនឲ្យយកលុយដែលមានត្រា ឬប្រឡាក់ស្នាមតិចតួចអីនោះទេ ប៉ុន្តែអ្វីដែលយើងបានណែនាំនោះ គឺមិនឲ្យទទួលយកលុយដុល្លារដែលខុសបច្ចេកទេស ដូចជា ដាច់មួយកំណាត់ ភ្លើងឆេះ ឬប្រឡាក់ខ្លាំងជាដើម វាមិនខុសពីលុយរៀលយើងទេ បើមើលសភាពលែងយល់ ឬលែងស្គាល់ហើយ ក៏គេមិនយកដែរ » ។

លោកបន្ថែមថា ចំពោះបញ្ហានេះ គឺមានអ្នកមួយចំនួនបំប៉ោងសភាពការណ៍ ធ្វើឲ្យមានភាពចលាចលនៅកម្ពុជាប៉ុណ្ណោះ ឬអាចជាអ្នកចង់កេងចំណេញតាមរយៈការកាត់ទឹកជាដើម។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ៖ « ធនាគារជាតិយើងនៅតែទទួលលុយដុល្លារអាមេរិកពីអតិថិជនដែលមានគណនីនៅយើងដដែល ហើយអ្នកដែលមានគណនីនៅយើងហ្នឹង គឺមានតែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទេ យើងអត់មានភារកិច្ចត្រូវទទួលលុយពីអតិថិជនតាមផ្សារនោះទេ នេះគឺច្បាប់យើង ។ ដូច្នេះ មានន័យថា លុយដុល្លារប្រឡាក់ត្រាអីតិចតួចហ្នឹង គឺយើងនៅតែទទួលដដែល » ។

ចំណែកលោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាអ្នកវិនិយោគមួយរូបនៅកម្ពុជា បានបញ្ចេញជាយោបល់ថា បើសិនជាមិនយក គឺត្រូវកំណត់ថា ក្រដាសប្រាក់ចាស់កម្រិតណា ប្រឡាក់កម្រិតណា រហែកកម្រិតណា ហើយនៅប្រទេសកម្ពុជា ពាក្យចចាមអារ៉ាមអាចសម្លាប់មនុស្សបាន ដូច្នេះ ធនាគារជាតិត្រូវចេញសេចក្ដីប្រកាស ឬណែនាំដល់ប្រជាពលរដ្ឋ ។

លោកថា ៖ « អ្នកដែលមានបញ្ហាច្រើនជាប្រជាពលរដ្ឋ ដូចនេះបើមានករណីនេះ ត្រូវតែមានសេចក្តីប្រកាសឲ្យបានច្បាស់លាស់ តែក៏ត្រូវប្រយ័ត្នផងដែរ ខ្លាចក្រែងប្រកាសហើយ គ្រប់គ្រងមិនបានល្អ វាជារឿងមួយដែលអាចឲ្យមានបញ្ហា » ។

លោកបញ្ជាក់ថា រាល់ការវិនិយោគ និងការទូទាត់ប្រាក់របស់លោក គឺ ១០០ភាគរយទូទាត់ជាប្រាក់ដុល្លារ ដោយតាមរយៈសែក (Cheque) និងតាមប្រព័ន្ធធនាគារផ្សេងៗ ទៀតជាដើម ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក សូមមកប្តូរយកថ្មី នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២៦-​​៣០ ខែកញ្ញា ឆ្នាំ២០១៦

ធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋដែលមានប្រាក់រៀល ចាស់ ទន់ រហែក សូមមកប្តូរយកថ្មី នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី២៦-​​៣០ ខែកញ្ញា ឆ្នាំ២០១៦