ក្រុម​ល្ខោន​យីកេ​ស្រុក​ទ្រាំង ខ្វះ​តួ​សម្តែង​ប្រឈម​មុខ​ការបាត់បង់

សិល្បៈ​យីកេ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ​ មាន​ឈ្មោះ​ល្បីល្បាញ​បំផុត​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​រហូត​មក​ដល់​ទសវត្ស​ឆ្នាំ ១៩៨០ ក៏​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ទូទាំង​ប្រទេស។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិល្បៈ​បុរាណ​ដ៏​ចំណាស់​នេះ​កំពុង​តែ​ថមថយ​ឥទ្ធិពល​ទៅវិញ។

 

ក្រុម​ល្ខោន​យីកេ​ស្រុក​ទ្រាំង ខ្វះ​តួ​សម្តែង​ប្រឈម​មុខ​ការបាត់បង់

 លោក ឃុត ឃឿន

លោក​ឃុត ឃឿន អ្នក​គ្រប់គ្រង​វង់​យីកេ​បារាយ​វិហ៊ា​ពីរ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង​បាន​ប្រាប់​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” ថា វង់​ល្ខោន​យីកេ​ក្រុម​លោក​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រក​តួ​សម្តែង​វ័យ​ក្មេង​ ​ដោយសារ​តួ​សម្តែង​មុនៗ​មាន​វ័យ​ជរា ខ្លះ​ទៀត​ទៅ​រស់​នៅ​ជាមួយ​កូនចៅ​នៅ​ខេត្ត​ផ្សេងៗ។

 

លោក​រំលឹក​ថា យីកេ​ស្រុក​ទ្រាំង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ណាស់​ជំនាន់​ក្រោយ​ឆ្នាំ១៩៧៩ កាលនោះ​មាន​លោកគ្រូ នុត លោក​គ្រូម៉ូង សុទ្ធតែ​ជា​អ្នក​ពោល​យីកេ​មាន​ឈ្មោះ​ល្បី​បំផុត។

 

លោក​ថា តួ​សម្តែង​ថ្មី​ពុំ​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ចង់​ប្រកប​អាជីព​នេះ​ទេ ក្រោម​ហេតុផល​មួយ​គឺ​សិល្បៈ​មិន​អាច​កែប្រែ​ជីវភាព​ពួក​គេ​ឲ្យ​ប្រសើរ​បាន។ ម្យ៉ាង​ទៀត​ក៏​ដោយសារ​ពលរដ្ឋ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ច្រើន ដោយសារ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។

 

ម្ចាស់​វង់​យីកេ​រូប​នេះ​បន្ត​ថា រយៈ​ពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ លោក​បាន​បង្ខំចិត្ត​ផ្អាក​ទទួល​យក​ការ​សម្តែង​ពី​អតិថិជន ទោះ​បី​មាន​ទស្សនិកជន​ទាំង​ជិត​ទាំង​ឆ្ងាយ​នៅ​តែ​មក​ជួល​ក្រុម​យីកេ​លោក​ទៅ​សម្តែង​ជា​ហូរហែ​ដោយសារ​ខ្វះ​តួ​សំដែង ទើប​នាំ​ឲ្យ​សមាជិក​ក្នុង​ក្រុម​មួយ​ចំនួន​ទៅ​ចូលរួម​សម្តែង​ជាមួយ​ក្រុម​ផ្សេង​ទៀត។

 

អត្ថបទៈ ជិន វេន