ពីរម៉ាត់យ៉ាងខ្លីរបស់លោក Duterte ប្រតិកម្មទៅនឹងការរិះគន់របស់សហភាពអឺរ៉ុប «F**k you»

«ខ្ញុំ បានអានសេចក្តីថ្លែងការណ៍ថ្កោលទោសរបស់សហភាពអឺរ៉ុបប្រឆាំងខ្ញុំរួចហើយ។ ហើយខ្ញុំ នឹងប្រាប់ពួកគេវិញថា f**k you…។» នេះគឺជាសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីរ៉ូឌ្រីហ្គូ ឌើទើតេ ក្នុងក្រុងដាវ៉ាវ នៅថ្ងៃទី២០ ខែកញ្ញាម្សិលមិញ ឆ្លើយតបទៅនឹងការទទូចឲ្យបញ្ឈប់ ការសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់សហភាពអឺរ៉ុប ដែលបានដកស្រង់ដោយសារព័ត៌មានហ្វីលីពីន inquirer.net។

នៅសប្តាហ៍មុន សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានសម្តែងការព្រួយបារម្ភពីការកើនឡើងនៃចំនួនអ្នកស្លាប់ក្រោមប្រតិបត្តិការប៉ូលិសក្នុងការអនុវត្តតាមបទបញ្ជារបស់លោកប្រធានាធិបតីហ្វីលីពីនដើម្បីបោសសម្អាតបទល្មើស និងគ្រឿងញៀន និងថែមទទូចឲ្យហ្វីលីពីន បញ្ចប់សកម្មភាពនៃការកាត់ទោស និងសម្លាប់ក្រៅប្រព័ន្ធតុលាការបច្ចុប្បន្នទៀតផង។

យ៉ាងណាក៏ដោយ ក្រៅពីការជេរប្រមាថនេះ លោកប្រធានាធិបតី ក៏បានថ្លែងរិះគន់ដែរថា សហភាពអឺរ៉ុប បាននិងកំពុងតែបង្ហាញសកកម្មភាពរឹតត្បិតខ្លាំងលើប្រទេសដទៃទៀត ដោយសារតែរអៀសចិត្ត លើអំពើឃោរឃៅរបស់ខ្លួនដែលបានប្រព្រឹត្តកាលពីពេលកន្លងមក។ ជាងនេះទៅទៀត លោកប្រធានាធិបតី ដែលមានរហ័សនាមថា «អ្នកដាក់ទណ្ឌកម្ម» ក៏បានហៅសហភាពអឺរ៉ុបថា អ្នកពូកែលាក់ពុត ដោយលោក លើកឧទាហរណ៍ពីសកម្មភាពនៃការសម្លាប់ដែលកើតចេញពីសមាជិករបស់ហភាពអឺរ៉ុបរួមមាន បារាំង និងចក្រភពអង់គ្លេស ដែលបានសម្លាប់ប្រជាជនអារ៉ាប់កាលពីពេលកន្លងនោះ។

អ្វីគួរកត់សម្គាល់នោះ រាល់មេដឹកនាំ ឬស្ថាប័នណាមួយដែលហ៊ានរិះគន់ពីប្រតិបត្តិការរបស់លោកប្រធានាធិបតីរ៉ូឌ្រីហ្គូ ឌើទើតេ មិនដែលរួចផុតពីការប្រើពាក្យអសុរោះ និងជេរប្រមាថជាសារធារណៈ ដែលជាការឆ្លើយតបពីលោកប្រធានាធិបតីរូបនេះបានឡើយ។ កាលពីពេលថ្មីៗកន្លងទៅនេះ លោកឌើទើតេ ក៏បានវាយប្រហារពាក្យសម្តីទៅកាន់ប្រធានាធិបតីអាមេរិកផងដែរ បន្ទាប់ ក្រុងវ៉ាស៊ីនតោនចេញសេចក្តីថ្លែងការណ៍ស្រដៀងទៅនឹងសហភាពអឺរ៉ុបនោះ។ លោក បានហៅលោក បារ៉ាក់ អូបាម៉ា ថា « son of a b–ch »។

បើយោងតាមសារព័ត៌មានហ្វីលីពីន Inquirer.net គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដែលជាថ្ងៃលោក ឌើទើតេ ចូលកាន់តំណែងជាផ្លូវការជាប្រធានាធិបតីមកដល់ពេលនេះ មានអ្នកជាប់ពាក់ព័ន្ធគ្រឿងញៀន ៧០ម៉ឺននាក់ បានប្រកាសចូលខ្លួនសារភាព និងជិតបីពាន់នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប៉ូលិស និងការសហការក្រៅប្រព័ន្ធតុលាការ៕

ប្រភព៖ ថ្មីៗ