ភ្នំពេញក្រោន នឹងបង្កើនការប្រើប្រាស់កីឡាករយុវជន នារដូវកាលក្រោយ

(ភ្នំពេញ)៖ បន្ទាប់ពីក្លឹបភ្នំពេញក្រោនបានបញ្ចប់ការប្រកួតជើងឯកលីគកំពូលកម្ពុជា ជាមួយនឹងចំណាត់ថ្នាក់លេខ៥ ក្នុងឆ្នាំ២០១៦នេះ លោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបានលើកឡើងថា ទោះបីឆ្នាំនេះមិនទាន់ទទួលបានផ្លែផ្កាល្អប្រសើរក៏ពិតមែន ប៉ុន្ដែលោកនឹងបន្ដការប្រើប្រាស់ធនធានកីឡាករ យុវជនយ៉ាងហោច៨០% នៃក្រុមដើម្បីត្រៀមប្រជែងតំណែងជើងឯកនាឆ្នាំក្រោយ និងឆ្នាំបន្ដបន្ទាប់ ។

fn-2016-09-22-09-25-51-2

លោក ឬទ្ធី សំណាង បានឲ្យដឹងកាលពីពេលថ្មីកៗន្លងទៅថា លីគឆ្នាំនេះ ភ្នំពេញក្រោនបានប្រើប្រាស់ធនធានយុវជន​ ជាងពាក់កណ្ដាល ដើម្បីប្រកួតប្រជែងជាមួយក្រុមដទៃ ។ ប៉ុន្ដែទោះបីឆ្នាំនេះយើងមិនអាចការពារតំណែងជើងឯកបាន ក៏លោកសប្បាយចិត្តនឹងទទួលលទ្ធផល ដែលកីឡាករវ័យក្មេងខ្លួនធ្វើបាន ដែរ ព្រោះនេះគឺជាបទពិសោធន៍ដ៏សំខាន់សម្រាប់ពួកគេ និងអាចឈានទៅរកភាពជោគជ័យនាថ្ងៃអនាគត ។

fn-2016-09-22-09-25-50-0

ជាមួយនឹងការដាក់ទិសដៅវែងឆ្ងាយបែបនេះ បានអះអាងថា នឹងបន្ដប្រើប្រាស់កីឡាករថ្នាលរបស់ខ្លួនរហូតទទួលបានជោគជ័យ ប៉ុន្ដែលោកក៏បានត្រៀមនាំចូលកីឡាករបរទេសមួយចំនួន ដែលមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ មកចូលរួមជាមួយក្រុមកីឡាករវ័យក្មេងរបស់ខ្លួន ដើម្បីបន្ទាញពួកគេឆ្ពោះទៅរកភាពខ្លាំងផងដែរ តែលោមិនទាន់បង្ហើបឲ្យដឹងពីកីឡាករ ដែលភ្នំពេញក្រោនគ្រោងនឹងនាំចូលនោះទេ ។

fn-2016-09-22-09-25-51-1

លោក ឬទ្ធី សំណាង ជឿជាក់លើសមត្ថភាពក្រុមយុវជនភ្នំពេញក្រោន ដែលមានមូលដ្ឋានគ្រឹះច្រើន បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរយៈពេលវែង ។ លើសពីនេះលោកក៏បានអំពាវនាវដល់ក្លឹបផ្សេងៗ ឱ្យរួមចំណែកបណ្ដុះបណ្ដាលថ្នាលយុវជនបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជា ឲ្យរីកចម្រើន ពិសេសគឺក្រុមជម្រើសជាតិកម្ពុជា ដើម្បីឈានទៅប្រកួតដណ្ដើមពានរង្វាន់លើឆាកអន្ដរជាតិឲ្យបានយ៉ាងហោចលេខ២ ឬលេខ៣ នៅថ្ងៃអនាគតផងដែរ ៕

ប្រភពពី khertalking

The post ភ្នំពេញក្រោន នឹងបង្កើនការប្រើប្រាស់កីឡាករយុវជន នារដូវកាលក្រោយ appeared first on CamboSport.