ប៉ុស្ដិ៍​ជជុះ​របស់​មន្ត្រី​គយ​លើ​ផ្លូវជាតិ​លេខ​៤៨ ខេត្តកោះកុង កំពុង​ជំរិត​យកលុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​

ករណី​មន្ត្រី​គយ​ពីរ​នាក់​បង្កើត​កុងត្រូលជជុះ​លើផ្លូវ​ជាតិ​លេខ​៤៨ ក្នុងភូមិ​ជី​នាល ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ដោយហេតុថា​មន្ត្រី​គយ​ឈ្មោះ នេ​ត ចន្ថា និង​ឈ្មោះ ទី សូ​រី​វុ​ទ្ធ ផ្លាស់​វេន​គ្នា​ក្នុង​ការឈរជើង​នៅ​ប៉ុស្ដិ៍​ជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​តាមរបៀប​ពុករលួយ កំពុង​បង្ក​ការលំបាក​ដល់​ឈ្មួញ​មួយចំនួន ដែល​រកស៊ី​នាំចូល​ទំនិញ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​មន្ត្រី​គយ​ឈ្មោះ នេ​ត ចន្ថា និង​ឈ្មោះ ទី សូ​រី​វុ​ទ្ធ កំពុង​គាប​យកលុយ​ពី​ឈ្មួញ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។

តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​ពួកគេ​ដឹកទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ចេញពី​ខេត្តកោះកុង​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​ឲ្យ​ក្រុមមន្ត្រី​គយ​នៅ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៤៨ ឃុំ​អណ្ដូងទឹក​នោះឡើយ​។ ប៉ុស្ដិ៍​ជជុះ​នោះ​ស្ថិតនៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៤-៥៥ ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ហើយ​មន្ត្រី​គយ​កូនចៅ​របស់លោក នេ​ត ចន្ថា និង​លោក ទី សូ​រី​វុ​ទ្ធ តែងតែ​ចង​អង្រឹង​ដេក​រាប់​ក្បាល​រថយន្ត​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ អ្វីដែល​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​រិះគន់​នោះ គឺ​ជួនកាល​អ្នក​ចាំ​ជំរិត​យកលុយ​ពី​ពួកគាត់​ពុំមាន​ឯកសណ្ឋាន​ត្រឹមត្រូវ​នោះទេ ហេតុនេះ​អាជ្ញាធរ​ខេត្តកោះកុង គួរ​ចាត់វិធានការ​ពិនិត្យ​ផងដែរ​។

តាម​ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ការដែល​មន្ត្រី​គយ​ឈ្មោះ នេ​ត ចន្ថា និង​ឈ្មោះ ទី សូ​រី​វុ​ទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​រហូតដល់​បង្កើត​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៤៨ ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ គឺអាច​មានការ​បើកដៃ​ពី​ថ្នាក់លើ​ផងដែរ​។ ក្នុង​រថយន្ត​ដឹកទំនិញ​១​គ្រឿង​ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​នៅ​ប៉ុស្ដិ៍​ជជុះ​ក្នុង​ឃុំ​អណ្ដូងទឹក ពី​៥​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​រាប់សិប​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​ជជុះ​នោះ ដូច្នេះ​មន្ត្រី​គយ​ឈ្មោះ នេ​ត ចន្ថា និង​ឈ្មោះ ទី សូ​រី​វុ​ទ្ធ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ជាងនេះទៅទៀត​មន្ត្រី​គយ​នៅ​ផ្លូវជាតិ​៤៨ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​នោះទេ គឺ​ពួកគេ​គិតតែ​ប្រមូល​លុយ​ពី​ឈ្មួញ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​៕

14332981_1761639880769369_5625596988434681018_n 14358699_1761639904102700_5667461779970352085_n 14358830_1761639854102705_7762168171140597687_n