បទល្មើស​កាប់​ឈើ​ក្នុងស្រុក​បរ​កែវ មានការ​ឃុបឃិត​រវាង​ឈ្មួញ​និង​ក្រុមមន្ត្រី​ជំនាញ​

ជនជាតិដើម​ភាគតិច​រស់នៅ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​បរ​កែវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចូលទៅ​ស្រុក​អូរ​យ៉ា​ដាវ ហើយ​បង្ហួស​ទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភពពី​ជន​ដើម​ភាគតិច​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បង្ក្រាប​តែ​ឈ្មួញ​ណា​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​ចេះ​យល់​ទុក្ខ​ធុរៈ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត គឺអាច​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។

កាលពី​ថ្ងៃទី​១៧ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ ដឹកនាំ​ដោយ​លោក ផាន់ ភឿន នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បាន​ចុះ​រឹបអូស​ឈើ​សុ​ក្រំ​មួយ​គំនរ​ដែល​ឈ្មួញ​កាប់​ដឹក​ចេញពី​ស្រុក​បរ​កែវ ទៅ​ស្តុក​ទុក​ក្នុងភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ចំណុច​ចម្ការ​ដំឡូង​មី​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​បរ​កែវ បាន​ឲ្យ​ដឹងថា ប្រហែល​មកពី​ម្ចាស់​ឈើ​គ្មាន​ទំនាក់ទំនង​ជាមួយ​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​រឹបអូស​ឈើ​សុ​ក្រំ​ចំនួន​១៦​កំណាត់​នៅក្នុង​ភូមិ​ព្រិល​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​បរ​កែវ បាន​ឲ្យ​ដឹង​ថាបើ​លោក ឡេង យុគ មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​ពុំមាន​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។

មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​បរ​កែវ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​លោក ឡេង យុគ និង​កូនចៅ​ក្រោម​ឱវាទ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​គួរ​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​បរ​កែវ ជាបន្ទាន់​។ ដោយហេតុថា​មួយ​រយៈពេល​កន្លងទៅនេះ​ឈ្មួញ​មួយចំនួន​នៅតែ​កាប់​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​បរ​កែវ ហើយ​ដឹកជញ្ជូន​ចូលទៅ​ក្រុង​បាន​លុង និង​ស្រុក​អូ​រយ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​មិនដែល​ឃើញ​លោក ឡេង យុគ និង​មន្ត្រីក្រោមឱវាទ​បង្ក្រាប​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ បង្ក្រាប​តែ​ក្រុម​ឈ្មួញ​ដែល​មិន​បង់លុយ ចំណែក​ក្រុម​ឈ្មួញ​ដែល​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ខ្លួន គឺ​បណ្ដែតបណ្ដោយ​ឲ្យ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​៕

14369878_1762803180653039_2700866142398644333_n 14332981_1762803093986381_5143105076683186993_n