អាជ្ញាធរ​​​ភ្នំពេញ​ប្រជុំ​ព​ន្លឿ​ន​ផែនការ​ឱ្យ​បានមុន​បុណ្យ​អុំទូក

រាជធានី​ភ្នំពេញ​ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា ​២០១៦ ​នេះ លោក​ប៉ា សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​សម្របសម្រួល​ការងារ​រៀបចំដំឡើងកាមេរ៉ា​សុវត្ថិភាព​​ទាំង​៦០០​គ្រឿង ដើម្បី​ព​ន្លឿ​ន​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ព្រះ​រាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆាប់​ខាង​មុខ​នេះ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា កាមេរ៉ា​សុវត្ថិភាព​ទាំង​៦០០​គ្រឿង​ខាងលើ​នេះ គ្របដណ្ដប់​ទូ​ទាំង​១២​ខណ្ឌ តាម​តំបន់ និង​ផ្លូវ​សំខាន់​ៗ ដើម្បី​រួមចំណែក​លើកកម្ពស់​សន្តិសុខ សុវត្ថិភាព​សង្គម​ទាំងមូល ។

មន្ត្រី​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ សម្ភារ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​មក​ដល់ និង​ប្លង់​ដែល​ត្រូវ​ដាក់ ​ក៏​រៀបចំ​រួចរាល់​ហើយ​ដែរ ហើយ​ក្រុមការងារបាន និង​កំពុង​មមារញឹក​ ជំរុញ​ឱ្យរួចរាល់​មុន​បុណ្យអុំទូក​នេះ ៕