ហៅ​ចូល​ផឹកស៊ី​ក្នុង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូរ​រាំង ចេញ​មក​វិញ​«​អា​ក្របី​»​បាញ់​រះ​៣០-៤០​គ្រាប់

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ខណៈ​កំពុង​មាន​ភ្លៀង​ធ្លាក់​ស្រាប់តែ​ឮ​សូរ​ផ្ទុះអាវុធ​ប្រមាណ​ជាង​៣០​គ្រាប់ នៅ​ចំណុច​មុខ​ស្នាក់​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរ​រាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​ខ្មាន់កាំភ្លើង​មាន​គ្នា​៣​នាក់​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​៤៧០ ចូល​ទៅ​ស៊ីផឹក​នៅ​ក្នុង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូរ​រាំង លុះ​បាន​មួយសន្ទុះ​គេ​មិនដឹង​ថា​រឿង​អ្វី​កើតឡើង​ទេ ស្រាប់តែ​ឮ​ផ្ទុះអាវុធ​ប្រមាណ​៥-៦​គ្រាប់ តែ​ដំបូង​គេ​ស្មានថា ជា​សម្លេង​ផ្គរលាន់ ព្រោះ​ពេល​នោះ​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​ភ្លៀង​បាន​រាំង​បន្តិច ស្រាប់តែ​មាន​សម្លេង​ផ្ទុះ​ម្តងទៀត​អាច​ពី​៣០​ទៅ​៤០​គ្រាប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ ភ័យ​ស្ទើរ​លស់​ព្រលឹង រហូត​មាន​អ្នកខ្លះ​រត់​ចូល​ទៅ​ពួន​ក្រោម​គ្រែ​ទៀត​ផង ។

លោក សូរ សំអាត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូរ​រាំង បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ លោក​បាន​កាន់បិណ្ឌ​នៅ​វត្ត​អូរ​រាំង ក្រោយ​ពី​បញ្ចប់​ពិធី​នៅ​វត្ត លោក​បាន​អញ្ជើញ​ភ្ញៀវ​ទៅ​ហូប​អាហារ​សាម​គ្កី​នៅ​បន្ទាយ​របស់​លោក ដែល​នៅ​ជិត​វត្ត​ដែរ​ដើម្បី​បាន​ជូ​ប​ជុំ​គ្នា ។ លោក​បន្ត​ថា នៅ​ពេល​នោះ​លោក​ក៏​បាន​ហៅ​បុរស​ម្នាក់ រហស្សនាម អា​ក្របី ទៅ​ចូលរួម​ផឹកស៊ី​ដែរ នៅ​ពេល​បុរស​នោះ​ទៅ​ផឹក​បាន​បន្តិច​ក៏​សុំ​ចេញ​ទៅ​មុន លោក​ក៏​និយាយ​ថា មិន​អី​ទេ​ទៅ​មុន​ចុះ ស្រាប់​តែបុរស រហស្សនាម អា​ក្របី និង​បក្សពួក​ជិះឡាន​ចេញ​ផុត​ពី​បន្ទាយ​របស់​លោក​ប្រមាណ​២០០​ម៉ែត្រ ក៏​ស្រាប់តែ​បាញ់​រះ​ដោយ​គ្មាន​មូលហេតុ ។

លោក សូរ សំអាត បាន​បញ្ជាក់​ថា រហស្សនាម អា​ក្របី បាន​បាញ់​តែ​១២​គ្រាប់​ប៉ុណ្ណោះ ព្រោះ​កម្លាំង​របស់​លោក​រើស​បាន​សំបក​គ្រាប់​ប៉ុណ្ណឹង ប៉ុន្តែ​អ្នកកាសែត​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា សម្លេង​ផ្ទុះ​មាន​ចំនួន​ប្រមាណ​៣០​ទៅ​៤០​គ្រាប់ ស្រប​ពេល​ដែល​ខាង​នគរបាល​ស្រុក​ក៏​រើស​បាន​សំបក​គ្រាប់​ចំនួន​១៤​គ្រាប់​ផង​ដែរ ។

សេចក្តីរាយការណ៍​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​បាន​ឲ្យ​ដឹង​ថា អាវុធហត្ថ​ខេត្ត​កំពុង​ចាត់វិធានការ​ណ៍ ដោយ​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា ដើម្បី​តាម​ចាប់​ជន​បាញ់បោះ​សេរី​រូប​នោះ ។ សេចក្តីរាយការណ៍​បន្ត​ថា ជន​នោះ​គឺ​មិនមែន​ជា​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​អ្វី​ទេ ប៉ុន្តែ​គេ​ឆ្ងល់​តើ​លោក​ម្នាក់​នោះ​បាន​កាំភ្លើង​ពី​ណា​មក​បាញ់​សេរី​បែប​នេះ? ហើយ​អត្តសញ្ញាណ​ពិតប្រាកដ​របស់​បុរស រហស្សនាម អា​ក្របី ក៏​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ហើប​ប្រាប់​អ្នកកាសែត​ដែរ សង្ស័យ​មាន​ខ្នង​ធំ​ណាស់​ហើយ​មើលទៅ ។

យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ បុរស រហស្សនាម អា​ក្របី សមត្ថកិច្ច​មិន​ទាន់​ឃាត់ខ្លួន​បាន​ឡើយ​ទេ តែ​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង​ម៉ាក​អាកា​៤៧​មួយ​ដើម ដែល​ជន​នោះ​បាន​យក​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ប្រ​ព​ន្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ ៕