សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ជួយ​ទិញ​ស្រូវ​កសិករ​ក្រុង​សិរី​សោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចុះ​ជួយ​ទិញ​ស្រូវ​ដើមរដូវ ពី​ប្រជា​កសិករ​ក្នុង​ក្រុង​សិរី​សោភ័ណ ចំនួន​២០​តោន នៅ​ថ្ងៃ​ទី​២១ ​កញ្ញា ២០១៦ ។

លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ថ្លែង​ថា នៅ​ឆ្នាំ​២០១៦​នេះ ពេល​ដែល​ប្រជា​កសិ ករ​ប្រមូល​ផល​ស្រូវ​ដើមរដូវ​ប្រភេទ​ស្រូវ​សែន​ក្រអូប ឈ្មួញ​បាន​ទិញ​ដាក់​តាម​រោង​ម៉ាស៊ីន​ក្នុង​១​តោន​បាន​ត្រឹមតែ​៦.០០០​បាត​ស្មើ នឹង​ជិត​២០០​ដុល្លារ ។

លោក​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​អគ្ គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ធនាគារ​ស្រូវ​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​បៃតង​របស់​លោក​ឧកញ៉ា ភូ ពុ​យ ចុះ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​១​តោន​តម្លៃ​៧.០០០​បាត ។

លោក លី សារី បញ្ជាក់​ថា ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ជួយ​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ក្រុង​សិរី​សោភ័ណ​ចំនួន​២០​តោន​ក្នុង​១​តោន​តម្លៃ​៧.០០០​បាត ។ ស្រូវ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ទិញ​ទុក​បម្រុង​កិន​ជា​អង្ករ​សម្រាប់​ជួយ​ជា​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ខេត្ត ៕