ជី សិលា៖ “អ៊ីនធឺណិត​ល្បឿន​លឿន នឹង​លើក​ស្ទួយ​ជីវភាព​អ្នក​នៅ​ជនបទ”

អ៊ីនធឺណិត​ល្បឿន​លឿន​ដែល​ជា​គម្រោង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ​តំបន់​ជនបទ កាន់​តែ​ប្រសើរ។

 

ជី សិលា៖ “អ៊ីនធឺណិត​ល្បឿន​លឿន នឹង​លើក​ស្ទួយ​ជីវភាព​អ្នក​នៅ​ជនបទ”

លោក ជី សិលា (អាវស) នាយក​ក្រុមហ៊ុន Sabay Digital Corporation 

 

នា​សិក្ខា​សាលា​ស្តី​ពី “ការ​អភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿន​លឿន​និង​កាតព្វកិច្ច​សេវា​សកល​នៅ​កម្ពុជា” លោក ជី សិលា នាយក​ក្រុមហ៊ុន Sabay Digital Corporation អះអាង​ថា ប្រយោជន៍​បាន​ពី គម្រោង​អភិវឌ្ឍ​អ៊ីនធឺណិត​ល្បឿន​លឿន​ក្នុង​ប្រទេស ពិត​ជា​ផ្ដល់​សារប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាជន ពិសេស​ពលរដ្ឋ​រស់​នៅ​តំបន់​ជនបទ។

 

អ្នក​ជំនួញ​ក្ដោប​អាជីវកម្ម​ច្រើន​ផ្នែក​រូប​នេះ បញ្ជាក់​ថា កាល​ពី​ប្រហែល ៧ឆ្នាំ​មុន ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​នៅ​មិន​ទាន់​ផុលផុស ហើយ​ប្រជាជន​ក៏​មិន​សូវ​ទទួល​បាន​អ្វី​ថ្មី​ដើម្បី​អភិវឌ្ឍ​ខ្លួន។ ប៉ុន្តែ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពេល​អ៊ីនធឺណិត​ល្បឿន​លឿន ដំណើរការ​ទូលំទូលាយ​ពេល​អនាគត ពលរដ្ឋ​នឹង​កាន់​តែ​ចេះ​ដឹង ឱកាស​ធ្វើ​អាជីវកម្ម​ និង​ដំណោះ​ស្រាយ​ផ្សេងៗ​កាន់​តែ​ច្រើន ដែល​ជា​មូលហេតុ​ជួយ​​កែប្រែ​ជីវភាព។

 

ការ​ទទួល​បាន​ចំណេះ​ដឹង​សម្បូរ​បែប លោក​សិលា ថា​គឺ​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​ក្នុង​ស្រុក​នានា។ ជាក់ស្ដែង លោក​ថា “ផ្លូវ​ទៅ​ស្រុក, The Road Home” ដែល​ជា​គម្រោង​ថ្មី​របស់ Sabay ដែល​ក្រុមការងារ​ព្យាយាម​នាំ​បទ​ពិសោធន៍ ចំណេះ​ដឹង​ថ្មីៗ ប្លែក​ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស នឹង​ក្លាយ​ជា​ប្រយោជន៍​មួយ​ដល់​អ្នក​​អាន​គ្រប់​តំបន់​​ឲ្យ​បាន​ស្វែង​យល់​ពី​តថភាព​គ្រប់​យ៉ាង​ពី​តំបន់​ឆ្ងាយៗ​ក្នុង​ប្រទេស។

 

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អះអាង​ថា បច្ចុប្បន្ន​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​កម្ពុជា​មាន​ដល់ ៧លាន​នាក់។ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ឯកជន​យ៉ាង​ផុលផុស ពលរដ្ឋ​កម្ពុជា រួម​ទាំង​អ្នក​នៅ​តំបន់​ជនបទ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី ICT រួម​ទាំង​អ៊ីនធឺណិត​ល្បឿន​លឿន យ៉ាង​យូរ​នៅ​ឆ្នាំ ២០២០៕

 

អាន៖ ជី សិលា៖ “ដឹង​ពី​ទំនោរ​អនាគត ដើម្បី​​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ”

 

អត្ថបទ៖ ប៉ែត ផាន់និត