តុលាការ​បើក​សវនាការ​សំណុំ​រឿង​លោក នី ចរិយា ពាក់ព័ន្ធ​នឹង​បទ​ចោទ​បរិហារកេរ្តិ៍

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កញ្ញា បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ចោទ​ប្រកាន់​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ និង​បរិហារ​បង្កាច់​កេរ្តិ៍ កាល​ដែល​លោក​នៅ​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​អាដហុក (ADHOC)។

លោក នី ចរិយា ត្រូវ​បាន​ប្ដឹង​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​នេះ លោក គី ឬទ្ធី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ពីបទ​បរិហារកេរ្ដិ៍ ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​សៀមរាប។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក នី ចរិយា ម្ដង​រួច​មក​ហើយ ដោយសារ​អវត្តមាន​ដើម​បណ្ដឹង។

លោក នី ចរិយា បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ប៉េហ្ស៊ី (PJ) ពី​បទល្មើស​សម​គំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។