ព្រំ សំណាង​ ប្រាប់​រឿង​​រំភើប​២​យ៉ាង​ស្ទើរ​ដេក​មិន​លក់​

រឿង​២យ៉ាង​ដែល​ធ្វើ​ឲ្យ​កីឡាករ​ប្រដាល់​មក​ពី​ក្លឹប​ឆ័ត្រ​យោង​៩១១​ ព្រំ​ សំណាង​ រំភើប​និង​សប្បាយ​ចិត្ត​​បំផុត​ស្ទើរ​តែ​ដេក​មិន​លក់​នោះ​គឺ​បាន​ប្រកួត​ខ្សែ​ក្រវាត់​លើក​ទី១ ​និង​បាន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​ក្នុង​មួយ​ឆាក​ជីវិត ។​

 

ព្រំ សំណាង​ ប្រាប់​រឿង​​រំភើប​២​យ៉ាង​ស្ទើរ​ដេក​មិន​លក់​ព្រំ សំណាង

 

កីឡាករ​រូប​នេះ​និយាយ​ថា​ ជា​​កីឡាករ​ប្រដាល់​ដូច​គ្នា​ ប៉ុន្តែ​​មិន​ប្រាកដ​ថា​មាន​សំណាង​និង​ជោគជ័យ​ដូច​គ្នា​នោះ​ទេ។ ជាក់​ស្ដែង​មាន​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ច្រើន​ណាស់​ដែរ​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ខ្សែ​ក្រវាត់​ និង​មាន​ឱកាស​បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ក្នុង​​អាជីព​ប្រដាល់​របស់​គេ​មាន​​រឿង​២​យ៉ាង​ដែល​រូប​គេ​​ប្រាថ្នា​នោះ​គឺ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ និង​ការ​ចេញ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស។ ទី​បំផុត​បំណង​ប្រាថ្នា​របស់​គេ​បាន​សម្រេច​ហើយ។

 

សំណាង​និយាយ​ថា​ ៖«ខ្ញុំ​រំភើប​ណាស់​បង​ រំភើប​មែន​ទែន​ ដែល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ និង​ចេញ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស។ និយាយ​ទៅ​ សប្បាយ​ចិត្ត​ខ្លាំង​ ស្ទើរ​ដេក​មិន​លក់​ប៉ុន្មាន​ថ្ងៃ​ដំបូង​ ក្រោយ​ទទួល​បាន​ដំណឹង​នេះ»។

 

ព្រំ សំណាង ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​​ប្រដាល់​កម្ពុជា​៤​រូប​ដែល​ត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​​ធ្ងន់​៧៥​គីឡូក្រាម​ទល់​នឹង​កីឡាករ​ថៃ​៤​រូប​​​​នៅ​សង្វៀន​ PNN។ សម្រាប់​ការ​ចេញ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​វិញ​ក៏​រូប​គេ​​ទទួល​បាន​ដែរ​​តាម​រយៈ​​ការ​រៀប​ចំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​ទូរទស្សន៍ CNT ដែល​បញ្ជូន​កីឡាករ​កម្ពុជា​៤​រូប​ទៅ​​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ SIAM ASEAN FIGHT​ នៅ​ខេត្ត​ស៊ីសាកេត​ ប្រទេស​ ថៃ​នា​ថ្ងៃទី២៣​ ខែ​កញ្ញា​ ឆ្នាំ២០១៦៕

 

ព្រំ សំណាង​ ប្រាប់​រឿង​​រំភើប​២​យ៉ាង​ស្ទើរ​ដេក​មិន​លក់​ ព្រំ សំណាង (ក្រហម)​ប្រកួត​នឹង​កីឡាករ​ថៃ​កន្លង​មក

 

អត្ថបទ៖ នួន​ ស៊ីណា​​​​