ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​អំពើ​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​មើលឃើញថា ប្រព័ន្ធតុលាការ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​ផលប្រយោជន៍​នយោបាយ និង​ជំរុញ​ឲ្យ​មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់​ថែមទៀត​។ ការប្រកាស​កែទម្រង់​តុលាការ​របស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នាពេល​កន្លងមក​គឺជា​រឿង​ឥតន័យ ព្រោះ​បច្ចុប្បន្ន​ប្រព័ន្ធតុលាការ​នៅតែ​ញាំញី​ដោយ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ហើយ​ប្រជាពលរដ្ឋ​ស្លូតត្រង់ មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង ក៏ដូចជា​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាដើម កំពុង​រងគ្រោះ​ដោយសារ​តុលាការ​ដែលជា​ឧបករណ៍​បម្រើ​ប្រយោជន៍​នយោបាយ​។

ថ្មីៗ​នេះ​អង្គការ​លើកលែងទោស​អន្តរជាតិ​( Amnesty International ) បានចាត់ទុក​ការផ្ដន្ទាទោស​ស្ត្រី​សកម្មជន​បង្កក់​៤​នាក់​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​ថា ជាការ​យក​ប្រព័ន្ធតុលាការ​មក​ធ្វើជា​ឡប់ឡែ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​តវ៉ា​សិទ្ធិ​លំនៅដ្ឋាន​។ សេចក្ដីថ្លែងការណ៍​កាល​ពីថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ របស់​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​លើកឡើងថា​ការផ្ដន្ទាទោស​នោះ កាន់តែ​បង្កើត​ឲ្យ​មាន​បញ្ហា​ច្រើនឡើងៗ​បន្ថែម​លើ​បញ្ហា​ដែលមាន​ស្រាប​ពាក់ព័ន្ធ​នឹង​ភាព​គ្មាន​ឯករាជ្យ ក៏ដូចជា​ភាពខ្វះ​សុចរិត​ភាព​របស់​តុលាការ​កម្ពុជា​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ មើលឃើញថា​ប្រព័ន្ធតុលាការ​កម្ពុជា​បច្ចុប្បន្ន​ពុំមាន​ភាព​ឯករាជ្យ​ឡើយ ហើយ​ត្រូវ​អ្នកមានអំណាច​ប្រើប្រាស់​ជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​យ៉ាង​ពេញបន្ទុក​តែម្តង​។

​អ្នកតាមដាន​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បាន​កត់សម្គាល់ថា មន្ត្រី​តុលាការ​មាន​ភាពលំអៀង​យ៉ាងខ្លាំង​ក្នុង​រឿង​ទំនាស់​ដីធ្លី ហើយ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​ជាត់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​ជម្លោះដីធ្លី ចំណែក​មន្ត្រីជាន់ខ្ពស់ ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច ដែល​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ត្រូវ​រួច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ក្រុមអ្នកវិភាគ​ឯករាជ្យ​ក៏បាន​លើកឡើង​ដែរ​ថា ប្រព័ន្ធតុលាការ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​កាត់ទោស​សកម្មជន​ដីធ្លី និង​អ្នក​តវ៉ា​ដែល​ប្រើ​សិទ្ធិ​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ដូច្នេះហើយ​ទើប​ពលរដ្ឋ​ទូទៅ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធតុលាការ​។ មិនតែប៉ុណ្ណោះ​កន្លងមក​អង្គការ​តម្លាភាព​កម្ពុជា បាន​រកឃើញថា​ប្រព័ន្ធតុលាការ​ក្នុងប្រទេស​កម្ពុជា គឺជា​ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​យ៉ាងខ្លាំង បើ​ធៀប​ជាមួយ​ស្ថាប័ន​ដទៃទៀត​៕

ang_vong_vathana_3201

លោក​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

94824ac0-9eb9-4772-9ab9-460a37d90ae8