អាជ្ញាធរខេត្ត​ព្រះសីហនុ គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ក្បាលឆាយ​

ពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក៏ដូចជា​មជ្ឈដ្ឋាន​នានា​បានកត់សម្គាល់​ឃើញថា រាល់​បទបញ្ជា​របស់លោក យន្ត មីន ជា​អភិបាលខេត្ត ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​បានក្លាយ​ទៅជា​រឿង​ឥតន័យ​។ ជាក់ស្ដែង​ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ក្បាលឆាយ ឬ​ហៅថា​តំបន់​ដីព្រៃ​អនុក្រឹត្យ​លេខ​៧៦ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​លោក យន្ត មីន បានត្រឹមតែ​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​លោក យន្ត មីន មិន​ហ៊ាន​ចាត់វិធានការ​លើ​អ្នកមានអំណាច អ្នកមាន​លុយ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ក្បាលឆាយ​នោះទេ ហើយ​បែ​ជា​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​កាប់​ព្រៃ​ទៅវិញ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពិនិត្យមើល​ភាព​អសកម្ម​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ព្រោះ​រាល់​វិធាន​ការដែល​លោក យន្ត មីន ដាក់ចេញ​ជា​បន្តបន្ទាប់​កន្លងមក ត្រូវ​បរាជ័យ​១០០​ភាគរយ​តែម្តង​។ ជាក់ស្ដែង​ថ្មីៗ​កន្លងទៅនេះ​អ្នកមាន​លុយ អ្នកមានអំណាច​មួយចំនួន​បានធ្វើ​សកម្មភាព​ឈូសឆាយ​ព្រៃ​តំបន់​ក្បាលឆាយ ឬ​តំបន់​ដីព្រៃ​អនុក្រឹត្យ​លេខ​៧៦​យ៉ាង​អនាធិបតេយ្យ ហើយ​លោក យន្ត មីន និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ឡើយ​។ រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ​លោក យន្ត មីន បែរជា​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​ទៅវិញ ក្នុងខណៈដែល​អ្នកប្រព្រឹត្ត​បទល្មើស​ភាគច្រើន គឺជា​អ្នកមានអំណាច អ្នកមាន​លុយ​ដែល​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​សោកស្ដាយ​និង​ហួសចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន​ជាដើម គ្មាន​លទ្ធភាព​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដីព្រៃ​អនុក្រឹត្យ​លេខ​៧៦ ហើយ​បច្ចុប្បន្ន​បទល្មើស​រាលដាល​កាន់តែខ្លាំង​ពិបាក​ក្នុងការ​ទប់ស្កាត់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា​ប្រហែល​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ព្រៃឈើ​នៅ​តំបន់​ក្បាលឆាយ ជា​មន្ត្រីជាន់ខ្ពស់​និង​ជា​ឈ្មួញ​ធំៗ​មាន​លុយ មានអំណាច​ខ្លាំង​ជាង​លោក យន្ត មីន ទើប​អភិបាលខេត្ត​ព្រះសីហនុ​រូបនេះ បាន​ត្រឹម​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​កន្លែង​កើតមាន​បទល្មើស​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦​។ ប្រជាពលរដ្ឋ​រិះគន់ថា ការចុះ​ត្រួតពិនិត្យ​របស់លោក យន្ត មីន និង​មន្ត្រី​ជំនាញ គឺ​មិន​ខុសពី​ការដើរ​លំហែ​នោះទេ​ព្រោះ​ក្រោយពេល​លោក យន្ត មីន និង​មន្ត្រី​ជំនាញ​ចេញផុត បទល្មើស​កាប់​ព្រៃ​អនុក្រឹត្យ​លេខ​៧៦ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល​៕

k-7131

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ 

image