អាជ្ញាធរ​អស់​ក្តី​កង្វល់រឿងទឹក​លិច ​តំបន់​ខាងត្បូង​ឈាង​ខាងកើត​​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​អស់​ក្តី​កង្វល់​ពី​ការ​លិចលង់​នៅ​តំបន់​បឹង​ត្របែក និង​ពេទ្យ​ចិន ជា​ពិសេស​ក្នុងភូមិ​សាស្ត្រ ខណ្ឌចំការមន​, ខណ្ឌដូនពេញ និង​ខណ្ឌ​៧​មក​រា​ ចាប់ពី​ពេល​នេះ​តទៅ បន្ទាប់​ពី​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ម៉ូ​ទ័​រ​បូមទឹក​ថ្មី​ខ្នាត​ធំ ​ដែល​មាន​សមត្ថភាព​ខ្ពស់ ។

ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ការ​បូម​សាកល្បង​ស្ថានីយ​បូមទឹក​បឹង​ត្របែក ទើប​បំពាក់​ម៉ូ​ទ័​រ​បូម​រួច​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​ម៉ូ​ទ័​រ​បូមទឹក​ចំនួន​៣​គ្រឿង ក្នុង​ចំណោម​៦​គ្រឿង បាន​ដំណើរការ​បូម​សាកល្បង​ប្រកបដោយ​ភាព​ជោគជ័យ នៅ​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ដែល​មាន​សមត្ថភាព​បូមទឹក​ប្រមាណ​១៦​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន​៣​ដង​ធៀប​នឹង​ស្ថានីយ​ចាស់ អាច​រំដោះ​ទឹក​ចេញពី​ភូមិសាស្ត្រ ខណ្ឌ​ចំនួន​៣​នៅ​កណ្តាល​ក្រុង​ដូច​ជា ខណ្ឌចំការមន​, ខណ្ឌដូនពេញ និង​ខណ្ឌ​៧​មក​រា បើ​ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ពី​ពេល​នេះ​តទៅ​ក៏​ដោយ។

លោក​បន្ត​ថា ស្ថានីយ​បូមទឹក​បឹង​ត្របែក​នេះ គ្រោង​នឹង​បំពាក់​ម៉ូ​ទ័​រ​ថ្មី​ខា្ន​ត​ធំ​ចំនួន​១១​គ្រឿង តែ​នៅ​ជំហាន​ដំបូង​ដាក់​ឲ្យ​ដំណើរការ​បូម​សាកល្បង​៦​គ្រឿង​សិន ប៉ុន្តែ​នៅ​ពេល​សាកល្បង​ម៉ូ​ទ័​រ​តែ​១​គ្រឿង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ទឹក​ស្រក​ស្ទើរតែ​ពាក់កណ្តាល​ប្រឡាយ ។ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា កម្ពស់​ទឹក​ដែល​ត្រូវ​តម្កល់​ក្នុង​ប្រឡាយ​ត្រូវ​មាន​កម្ពស់​៣​ម៉ែត្រ​៨០ តែបើ​កម្ពស់​ទឹក​ឡើង​ដល់​៦​ម៉ែត្រ​១៥ គឺ​ម៉ូ​ទ័​រ​បូម​ថ្មី​នេះ​អាច​ដំណើរការ​បូម​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង ។

សូម​បញ្ជាក់​ថា ការ​ស្ថាបនា​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ថ្មី​នេះ​ស្របគ្នា​ទៅ​នឹង​ផែនការ សកម្មភាព​ស្តា​របុក​ស៊ី​ផាយ និង​ស្ថាបនា​ផ្លូវ​អម​ប្រឡាយ​បឹង​ត្របែក​ដែល​មាន​ប្រវែង​៩៧៨​ម៉ែត្រ ទទឹង​ចាប់ពី​១២​ទៅ​២៤​ម៉ែត្រ តាម​ស្ថានភាព​ជាក់ស្តែង និង​មាន​ជម្រៅ​៣​ម៉ែត្រ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គេ​មាន​ក្តី​បារម្ភ​ថា បន្ទាប់​ពី​ស្ថានីយ​ដែល​មាន​សមត្ថភាព​បូម​ខ្ពស់​ដាក់​ឲ្យ​ដំណើរការ​នោះ​រក​ទឹក​បូម​គ្មាន ដោយសារ​ស្ទះ​ប្រព័ន្ធ​ទឹក​ពី​ខាងលើ​តែ​ម្តង ៕