ព្រឹក​នេះ ស្ពាន​ឆ្លង​អាង​ទឹក​តា​ម៉ុ​ក ត្រូវ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន

ខេត្តឧត្តរមានជ័យ ៖ យោង​តាម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា «​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា បាន​ធ្វើ​ឱ្យ​ទឹក​អាង​តា​ម៉ុ​ក ស្ថិត​ក្នុង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មានជ័យ ហក់​ឡើងជា​ថ្មី​ម្តងទៀត​ដល់​កម្ពស់ ៣,២០ ម៉ែត្រ  នា​ព្រឹក​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ពោល​គឺ​លើស​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន ០,៣​ម៉ែត្រ ។ ស្ពាន​ឆ្លងកាត់​អាង ក៏​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ទទួល​រង​នូវ​ខ្យល់មូសុង​និរតី និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប កំពុង​រំកិល​អូស​មក​ភាគ​ខាងត្បូង​ទន្លេមេគង្គ​និង​អូស​កាត់​ប្រទេស​កម្ពុជា​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ក្នុង​ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង ឧត្តរមានជ័យ សៀមរាប បន្ទាយ​មាន​ជ័យ​និង​ខេត្តកំពង់ធំ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៥ កញ្ញា ២០១៦៕