ជាតារាចម្រៀងម្នាក់ តែ​កាន់ភ្ជាប់ «ខ្មែរត្រូវតែជួយខ្មែរ»

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ចិត្តធម៌ សន វិ​ជ្ជ​បុត្រ ​បាន​ប្រកាស​នឹង​ចុះ​ទិញ​ស្រូវ​ពីប្រជាកសិករ ​ដែល​ប្រឈម​នឹង​ការ​ខ្វះខាត​ទី​ផ្សារ​​ដោយ​ផ្ទាល់ ដើម្បី​កិន​ជា​អង្ករ​​ចែក​ជូន​ជន​ចាស់ជរា​ក្រីក្រ និង​គ្មាន​ទីពឹង​ ។

ការ​ប្រកាស​ទិញ​ស្រូវ​នេះ​ គឺ​ដើម្បី​ជួយ​ដល់​កសិករ​ដែល​ខ្វះ​ទីផ្សារ​លក់​កសិផល​ផង​នឹង​អាច​ជួយ​ដល់​ទុរគត​ជន​ដែល​កំពុង​ប្រឈម​នឹង​​ជីវភាព​រស់នៅ​ផង​ដែរ​ ។

កន្លង​មក ​តារាចម្រៀង សន វិ​ជ្ជ​បុត្រ​ ធ្លាប់​បាន​ចូលរួម​ជួយ​ដល់​សកម្មភាព​សង្គម​​ជា​ហូរហែ ​ដែល​មាន​ទាំង​ការ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​រក​លុយ និង​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ជា​ច្រើន​ ជួយ​ដល់​កុមារ​កំព្រា ជន​ពិកា ជនអនាថា  សិល្បករ ចាស់ជរា​គ្មាន​ទីពឹង​នៅ​តាម​តំបន់​ជា​ច្រើន ​។

ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​បញ្ជាក់​ថា នឹង​ចេញ​ទិញ​ស្រូវ​២​តោន ​ដោយ​ផ្ទាល់​ដៃ​ពី​កសិករ​នៅ​តំបន់​មួយ​ចំនួន​នៃ​ព្រំប្រទល់​ខេត្ត​ព្រៃវែង​។ លោក​បញ្ជាក់​ថា​ ការ​ទិញ​ស្រូវ​នេះ​ គឺ​ក្រោយ​ពី​តម្លៃ​លក់​ស្រូវ​របស់​កសិករ​មានការ​ធ្លាក់​ចុះ ហើយ​តម្លៃ​ដែល​លោក​ទិញ​អាច​ស្រប​​ទៅ​តាម​តម្លៃ​ដែល​កសិករ​ចង់បាន​ ។​

លោក​ថា លោក​មាន​ក្តី​អាណិត​ចំពោះ​កសិករ ​ហើយ​លោក​ចង់​ជួយ​ពួក​គាត់​ ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទីផ្សារ​លក់ដូរ​ផលិត​ផល ប៉ុន្តែ​ដោយ​លោក​មិន​មាន​លទ្ធភាព​ច្រើន ​ទើប​លោក​សម្រេចចិត្ត​ទិញ​ស្រូវ​តែ​ចំនួន​២​តោន​ប៉ុណ្ណោះ​ ដែល​វា​គឺជា​ថវិការបស់​លោក​ផ្ទាល់​តែ​ម្តង ​។

តារាចម្រៀង​រូប​នេះ ​បញ្ជាក់​ដែរ​ថា កាលបរិច្ឆេទ​នៃ​ការ​ចុះ​ទៅ​ទិញ​គឺ​នៅ​ថ្ងៃ​ទី​២៦​ កញ្ញា នេះ​ បន្ទាប់​ពី​លោក​បញ្ចប់​ការ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ នា​ថ្ងៃ​ទី​២៥​ កញ្ញា ខាង​មុខ​ ។ លោក​ថា ស្រូវ​ទាំង​២តោន​ នឹង​ត្រូវ​កិន​ជា​អង្ករ នឹង​ត្រូវ​ដឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ពិសេស​ចាស់​ៗ​ដែល​ជួប​បញ្ហា​ប្រឈម​នឹង​ជីវភាព នា​ស្រុក​បាភ្នំ​ខេត្តព្រៃវែង ។

បន្ថែម​លើ​អង្ករ​ទាំងនេះ​ ក៏​នឹង​មាន​សម្ភារ​ថវិកា សា​រុង ឬ​ក្រមា​ សម្រាប់​ចែក​ជូន​ពួក​គាត់​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌផងដែរ ។ លោក​ថា​ ទាំង​អង្ករ ថវិកា និង​សម្ភារ​ទាំងនេះ​ នឹង​ត្រូវ​ប្រគល់​ជូន​ជីដូន​ដែល​រស់នៅ​ទីនោះ​ជា​អ្នក​ចាត់ចែង ​ប៉ុន្តែ​លោក​ក៏​នឹង​មាន​វត្តមាន​ចូលរួម​ចែក​ជូន​ផង​ដែរ ​។

លោកបន្ត​ថា ​ជីដូន​លោក​រស់នៅ​តំបន់​នោះ​ស្រាប់​ហើយ​ លោក​ក៏​ចង់​បំពេញ​បំណង​ជីដូន​ក្នុង​ការ​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ជន​ទី​ទល​ក្រ​ នា​ឱកាស​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​ ។ លោក​បញ្ជាក់​ដែរ​ថា ​ក្រៅពី​ស្រូវ​លោក​ក៏​សង្កេត​ឃើញ​កសិផល​របស់​កសិករ​មួយ​ចំនួន​ ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​ខ្វះខាត​ទីផ្សារ​ផង​ដែរ ប៉ុន្តែ​លោក​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ និង​កែ​ច្នៃ​កសិផល​ទាំងនោះ​ ឲ្យ​នៅ​បាន​យូ​រទើប​លោក​សម្រេចចិត្ត​ទិញ​តែ​អង្ក ដែល​លោក​រំពឹង​ថា នឹង​អាច​ជួយ​សម្រួល​បាន​មួយ​ផ្នែក​តូច​របស់​កសិករ និង​អាច​ចូលរួម​ធ្វើបុណ្យ​ដាក់​ទាន​ក្នុង​ឱ​កា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ​លោក​ក៏​អំពាវនាវ​ឲ្យ​បណ្តា​សប្បុរសជន ​ដែល​មាន​ទ្រព្យធនមាន​លទ្ធភាព​គួរ​ជួយ​ចែករំលែក​ការ​លំបាក​របស់​កសិករ និង​អាច​ជួយ​ចែករំលែក​បន្ត​នៃ​ផលិតផល​កសិផល​ទៅ​កាន់​ជន​ទី​ទ័ល​ក្រ​វិញ ក្នុង​នាម​ខ្មែរ​ជួយ​ដល់​ខ្មែរ​ ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ចំពោះ​មុខ​៕