ខែក ខេមរិន្ទ ​និយាយ​អ្វី​ខ្លះ ក្រោយ​ជាប់​ជម្រើស​ជាតិ​

ខ្សែ​ការពារ ខែក ខេមរិន្ទ ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​ត្រូវ​បាន​លោក Lee Tae Hoon ​កោះហៅ​ឱ្យ​ចូល​ជម្រើស​ជាតិ​វិញ​ហើយ ដើម្បី​ទៅ​ហ្វឹកហាត់​នៅ​សិង្ហបុរី​១០​ថ្ងៃ ត្រៀម​ប្រកួត​មិត្តភាព​ជាមួយ​ហុងកុង ​និង​ចូល​លេង​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup ។

 

ខែក ខេមរិន្ទ ​និយាយ​អ្វី​ខ្លះ ក្រោយ​ជាប់​ជម្រើស​ជាតិ​ខែក ខេមរិន្ទ

 

ក្រោយ​បាន​ជាប់​ជម្រើស​ជាតិ​វិញ​នេះ ខេមរិន្ទ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​វា​សក្ដិសម​បំផុត​ហើយ​សម្រាប់​ខ្លួន​ដែល​បាន​លេង​ជម្រើស​ជាតិ​នេះ ព្រោះ​សមត្ថភាព​ក្នុង​រដូវ​កាល​នេះ​ឃើញ​ថា​ល្អ​គ្រប់គ្រាន់ ពោល​គឺ​សឹង​តែ​ល្អ​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត​ឯ​ណោះ។ លើក​នេះ​ដែរ ប្រធាន​ក្រុម​របស់​ទ័ព​រូប​នេះ ​រំពឹង​ថា​ដណ្ដើម​កៅអី​ជម្រើស​១១​នាក់​ដំបូង​ថែម​ទៀត ​បើ​ទោះ​ជា​កីឡាករ​ក្នុង​ជម្រើស​ជាតិ​បច្ចុប្បន្ន​មានល្អ​ច្រើន​ក៏​ដោយ។

 

“នរណា​ក៏​ចង់​ចូល​លេង​ដែរ ប៉ុន្តែ​ត្រូវ​មាន​សមត្ថភាព​សិន​ទើប​អាច​លេង​បាន។ ខ្ញុំ​នឹង​ប្រឹង​ដើម្បី​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ តែ​ទោះ​ជាប់​១១​នាក់​ដំបូង​ឬ​អត់ ក៏​សប្បាយ​ចិត្ត​ព្រោះ​មាន​ឈ្មោះ​តំណាង​ឱ្យ​ប្រទេស”។ សម្ដី ខេមរិន្ទ។

 

​បច្ចុប្បន្ន​នេះ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​សិង្ហបុរី​រយៈ​ពេល​១០​ថ្ងៃ។ ក្រោយ​ពី​នោះ ពួកគេ​នឹង​ត្រលប់​មក​កម្ពុជា​វិញ ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ហុងកុង​នា​ថ្ងៃ​ទី​៦​ខែ​តុលា ​និង​ប៉ះ​ស្រីលង្កា​នៅ​ថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​២០១៦។ ក្រោយ​ពី​ប្រកួត​មិត្តភាព​នេះ​ហើយ កម្ពុជា​នឹង​ត្រូវ​ចូល​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016 ​ដែល​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ្ទាល់ ទទួល​ស្វាគមន៍​ក្រុម​ឡាវ, ទីម័រខាងកើត និង​ប្រ៊ុយណេ។ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​​ចន្លោះ​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៦៕

 

អត្ថបទ៖ មុន្នី រម្យ