ម្ចាស់​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​នៅ​ស្រុក​ម៉ាឡៃ មាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តបន្ទាយមានជ័យ​

​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា​កន្លងទៅ​ថ្មីៗ​នេះ បាន​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ពួកគេ​ជួបប្រទះ​នឹង​ការលំបាក​យ៉ាងខ្លាំង​ដោយសារ​ឈ្មួញ​ម្ចាស់​ឈើ​មាន​ខ្នងបង្អែក​រឹងមាំ​ដែលជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ឲ្យ​តុលាការ​និង​សមត្ថកិច្ច ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​ទីតាំង​ស្តុក​ឈើ​ក្នុងស្រុក​ម៉ាឡៃ បើទោះបី​ឈ្មួញ​រូបនោះ​ជា​បក្ខពួក​របស់លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​យ៉ាងណាក៏ដោយ​។

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា​នៅក្នុង​ប្រតិបត្តិការ​នោះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ទូរស័ព្ទ​អន្តរាគមន៍​ជាច្រើន​ដង​មកកាន់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។ ក៏ប៉ុន្តែ​អន្តរាគមន៍​នោះ​មិនបាន​សម្រេច​ទេ ព្រោះ​សមត្ថកិច្ច​ចម្រុះ​នៅតែ​បន្ត​ឆែកឆេរ ហើយ​រកឃើញ​ឈើ​ចំនួន​៩៣​ដើម​ក្នុង​១​ដើម​មាន​ប្រវែង​៤​ម៉ែត្រ និង​គល់ឈើ​ប្រភេទ​ធ្នង់​មួយចំនួន ព្រមទាំង​ប្រេងឆា​ចាស់ៗ​ចំនួន​៣៧​ធុង ដែល​សង្ស័យ​ជា​ប្រេង​គ្រោង​យកទៅ​កែច្នៃ​ដើម្បី​លក់​នៅលើ​ទីផ្សារ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ដែលជា​បក្ខ​ពួកលោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មានឈ្មោះ តឹក ប៊ុនធឿន ហៅ​តុល ដោយបាន​គេចខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់​។

​ករណី​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារតែ​មានការ​អន្តរាគមន៍​យ៉ាង​ក្ដៅគគុក​ពី​សំណាក់​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​។ ទោះជា​យ៉ាងណា​វត្ថុតាង​ដែល​រឹបអូស​បាន​ត្រូវបាន​សម្រេច​អនុញ្ញាត​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដឹកជញ្ជូន​ទៅកាន់​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ ដើម្បី​វាស់វែង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ទន្ទឹមនឹងនេះ​មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ចាត់ការ​ឈ្មួញ​ឈើ​ឈ្មោះ តឹក ប៊ុនធឿន ហៅ​តុល តាមច្បាប់​បើទោះបី​ឈ្មួញ​រូបនេះ​មាន​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ធ្វើជា​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ​៕

fn-2016-06-09-11-09-18-0

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ 

14329984_1375584175799965_8347324461995720070_n 14368705_1375584035799979_2967060611554312434_n 14370583772466672_6289344475527049944_n