ប្រហុក​មាន​ផ្ទុក​សារធាតុ​គីមី​នាំចូល​ពី​ស្រុក​យួន​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​

កាលពី​ថ្ងៃទី​១៩ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តតាកែវ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ទ្រាំង បាន​រឹបអូស​ប្រហុក​ជាង​១​តោន​ដែលមាន​លាយ​សារ​ធាតុគីមី​ក្នុង​ទីតាំង​ធ្វើ​ប្រហុក​៤​កន្លែង​ក្នុងចំណោម​៦​កន្លែង​នៅ​ភូមិ​អង្កាញ់ ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​តាម​ព្រំដែន​ដែល​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​នាំចូល​ប្រហុក​ដែលមាន​លាយ​សារធាតុ​គីមី​ពី​ស្រុក​យួន មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​ដោយ​ខ្វះ​ការពិចារណា​។ ដូច្នេះ​មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ គួរ​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​ត្រួតពិនិត្យ​គុណភាព​គ្រឿងឧបភោគ​បរិភោគ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​។

តាម​ប្រភពពី​មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦​ថា នៅក្នុង​ភូមិ​អង្កាញ់ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង មាន​ទីតាំង​កែច្នៃ​ប្រហុក​ចំនួន​៦​កន្លែង ហើយ​៤​កន្លែង​បាន​នាំ​ត្រី​ពី​ស្រុក​យួន​តាម​ច្រករបៀង​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ មន្ត្រី​កាំកុងត្រូល​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ទីតាំង​អាជីវកម្ម​កែច្នៃ​ប្រហុក​៤​កន្លែង​មាន​លាយ​សារ​ធាតុគីមី​ប្រភេទ​ហ្វ័​រ​មី​លីន ដែល​ធ្វើ​ឲ្យ​ត្រី​ឬ​ប្រហុក​ដែល​គេ​កែច្នៃ​អាច​ផ្ទុក​បានយូរ​មិន​ខូចគុណភាព ប៉ុន្តែ​សារធាតុ​គីមី​ប្រភេទ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​អ្នក​ទទួលទាន​ប្រហុក​។ ទីតាំង​កែច្នៃ​ប្រហុក​មាន​លាយ​សារធាតុ​គីមី​៤​កន្លែង​នោះ ដំណើរការ​ប្រហែល​១០​ឆ្នាំ​មកហើយ ដូច្នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ទទួលទាន​មិនតិច​នោះទេ​។

ករណី​ឈ្មួញ​នាំចូល​ត្រី​និង​ប្រហុក​ពី​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​ដល់​សុខភាព ហើយ​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ប្រភេទ​ដែល​នាំចូល​ពី​ស្រុក​យួន សុទ្ធតែ​មានប្រើ​សារធាតុ​គីមី​ដើម្បី​រក្សាទុក​បានយូរ​។ ការដែល​ឈ្មួញ​អាច​នាំចូល​គ្រឿង​ឧបភោគបរិភោគ​មាន​លាយ​សារធាតុ​គីមី​ពី​ស្រុក​យួន​កើតឡើង​ដោយសារតែ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន ឬ​ច្រករបៀង​គិតតែ​ពី​រឿង​ផលប្រយោជន៍ ហើយ​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​។ ជាក់ស្ដែង​ក្រៅពី​ករណី​ឈ្មួញ​នាំ​ប្រហុក​ពី​ស្រុក​យួន​ចូល​ខេត្តតាកែវ គឺ​កន្លងមក​ធ្លាប់មាន​ករណី​ឈ្មួញ​នាំចូល​សាច់ជ្រូក សាច់គោ ទឹកត្រី និង​ទំនិញ​មាន​លាយ​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ទៀត​មក​ចែកចាយ​លើ​ទីផ្សារ​ស្រុក​ខ្មែរ ហើយ​ក្នុងនោះ​មាន​ទាំង​កាហ្វេ​ក្លែងក្លាយ​ផងដែរ​៕

brohong_2017_19-3 brohong_2017_19-4