គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី កែ សុវណ្ណ​រតន៍ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​តំណាងរាស្ត្រ​របស់ខ្លួន និង​សកម្មជន​តាម​បណ្តា​ខេត្ត​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដែលមាន​រយៈពេល​៣​ខែ​។ ការចុះឈ្មោះ​បោះឆ្នោត ត្រូវបាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចាត់ទុកថា ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរការ​បោះឆ្នោត​ផងដែរ ព្រោះ​បើ​ការចុះឈ្មោះ​បោះឆ្នោត​ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​នេះ​មាន​ភាពមិនប្រក្រតី នោះ​លទ្ធផល​បោះឆ្នោត​ក៏​អាច​នឹងមាន​ភាពមិនប្រក្រតី​ផងដែរ ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​។​

ក្នុង​ដំណើរ​ត្រួតពិនិត្យ និង​តាមដាន​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ខេត្តកំពង់ធំ​កាលពីពេល​ថ្មីៗ​នេះ លោកស្រី កែ សុវណ្ណ​រតន៍ តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តកំពង់ធំ គប្បី​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​ក្រុមការងារ ក្រុម​ទ្រទ្រង់ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​-​ស្រុក ពាក់ព័ន្ធ​ការចុះឈ្មោះ​ឆ្នោត ដែល​កិច្ច​ការសំខាន់ៗ​រួមមានៈ ទី​១-​ត្រួតពិនិត្យ​ទិន្នន័យ​ការចុះឈ្មោះ​បោះឆ្នោត ប្រមូល​បញ្ហា​ភាពមិនប្រក្រតី​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​។ ទី​២-​ដាក់​ផែនការ​ជំរុញ និង​តាមដាន​ការចុះឈ្មោះ​បោះឆ្នោត​បន្ថែម និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀតផង​ដែរ​។​

សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​មាន​រយៈពេល​៣​ខែ គឺ​ចាប់​ពីថ្ងៃ​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មិនមាន​ការឈប់​សម្រាក​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឡើយ​។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​០២​ខែតុលា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​មាន​សារៈសំខាន់​ណាស់ ហើយ​ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​វា​នឹង​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​មិន​ខាន​។ ដូចនេះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន គប្បី​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ឲ្យ​សកម្ម ដើម្បី​តាមដាន​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ៕

14359140_687218388096979_2363095074443440201_n