វិបត្តិ​សេដ្ឋកិច្ច​សកល​នៅ​តែ​បន្ត ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​សំខាន់​ៗ​បន្ត​ធ្លាក់​ចុះ

រាជធានី​ភ្នំពេញ ៖ សភាពការណ៍​រួម​របស់​ពិភពលោក​បច្ចុប្បន្ន​នេះ វិបត្តិ​សេដ្ឋកិច្ច​សកល​មិន​ទាន់​បាន​ឆ្លង​ផុត​នៅឡើយ​ទេ តម្លៃ​ស្រូវ ស្បៀង រាប់​ទាំង​តម្លៃ​ប្រេង កៅស៊ូ និង​តម្លៃ​កសិផល គឺ​ធ្លាក់​ទាំងអស់​នៅ​ទូ​ទាំង​សកលលោក ហើយ​អ្នក​ដែល​ខាត​ធំ​ជាងគេ គឺ​ប្រទេស​ដែល​ផលិត​ប្រេង ។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​ជាតិ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា កន្លង​មក ។

សម្ដេច​តេ​ជោ ថ្លែង​បន្ដ​ថា ៖ « ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​របស់​ប្រទេស​ផលិត​ប្រេង បាន​បាត់​ចំណូល​ច្រើន​ណាស់ ។ ទន្ទឹម​នឹង​នោះ តម្លៃ​កៅស៊ូ​ក៏​ជា​បញ្ហា​ចោទ​មួយ​ដែរ ខ្ញុំ​កំពុង​តែ​មាន​កង្វល់​រឿង​កៅស៊ូ​នេះ​ណាស់ ។ កៅស៊ូ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​លែង​ចាក់​ជ័រ​ហើយ មូលហេតុ​មិន​អាច​រួច​ថ្លៃ​កម្មករ ដូច្នេះ​តម្រូវ​ឲ្យ​ផ្អាក​ការ​ចៀរ​ជ័រ​។ ប៉ុន្តែ​នៅ​ស្រុក​យើង នៅ​ចៀរ​ជ័រ​នៅឡើយ ក្នុង​ស្ថានភាព​មួយ​ដែល​រដ្ឋ​ត្រូវ​គាំទ្រ គឺ​កាត់​បន្ថយពន្ធ​នាំ​ចេញ ដើម្បី​ឲ្យ​អ្នក​ផលិត​កៅស៊ូ​រស់​ទៅ​កើត » ។

សម្ដេច​បន្ត​ថា ប្រទេស​កម្ពុជា​នឹង​មាន​កៅស៊ូ​ច្រើន ហើយ​វា​នឹង​ក្លាយជា​គម្រប​ព្រៃឈើ ដោយ​ការ​លូតលាស់​របស់​កៅស៊ូ ។ ជាក់ស្ដែង​ចំនួន​២​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា គឺ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី មាន​ផ្ទៃដី​កៅស៊ូ​រហូត​ដល់​ជាង​១០​ម៉ឺន​ហិ​កតា ហើយ​នៅ​ពេល​ដែល​វា​អាច​ចាក់​ជ័រ​បាន អាច​នឹង​ទទួល​បាន​ជ័រ​ជាង​១០​ម៉ឺន​តោន​ឯណោះ​។ សម្ដេច​បន្ត​ថា ៖ « អ្វី​ដែល​ជា​កង្វល់​ថែម​ទៀត​នោះ គឺ​បដិវត្ដន៍​ឧស្សាហកម្ម​ទី​៤ វា​នឹង​មក​ដល់​។ ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​កូ​ឡា​ឡាំ​ពួរ ដែល​បាន​ធ្វើ​កាលពី​ឆ្នាំ​មុន ហើយ​ឆ្នាំ​នេះ នឹង​ធ្វើ​នៅ​ស្រុក​ខ្មែរ ក្នុង​នោះ ខ្ញុំ​ក៏​បាន​បង្ហាញ​ពី​កង្វល់​នៃ​បដិវត្ដន៍​ឧស្សាហកម្ម​ទី​៤​នេះ ។ ការ​បង្កើត​មនុស្ស​យន្ត​ជា​កម្លាំង​ពលកម្ម នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​កម្លាំង​មនុស្ស ហើយ​ប្រទេស​មួយ​ចំនួន​គេ​ធ្វើ​ហើយ ។ តែ​អ្វី​ដែល​ខ្ញុំ​កង្វល់​ខ្លាំង​នោះ ខ្លាច​តែ​ថ្ងៃ​ណាមួយ គេ​រក​ឃើញ​ការ​ផលិត​កង់​ឡាន កង់​ម៉ូតូ ដោយ​យកសារ​ធាតុគីមី​មក​ផលិត​ជំនួស​ឲ្យ​កៅស៊ូ​ធម្មជាតិ ហើយ​បើសិនជា​គេ​ធ្វើ​បាន​មែន វា​នឹង​ធ្វើ​ឱ្យ​កៅស៊ូ​ស្រុក​ខ្មែរ​យើង ដែល​នឹង​ឈាន​ឡើង​ដល់​កន្លះ​លាន​ហិ​កតា​នៅ​ពេល​ខាង​មុខ នឹង​ត្រូវ​បាត់បង់​ទីផ្សារ​ទាំងអស់ » ។

សម្ដេច​បន្ថែម​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ វា​មិនមែន​ផ្ដល់​ផលប្រយោជន៍​ឱ្យ​មនុស្ស​គ្រប់យ៉ាង​ទេ វា​ក៏​អាច​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដែរ ប៉ុន្តែ​បញ្ហា​ស្បៀង​មិន​អាច​មាន​អ្នក​ណា​យកសារ​ធាតុគីមី​យក​ទៅ​ហូប​ជំនួស​នោះ​ទេ​។ សម្ដេច​ថ្លែង​ថា ៖ « បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់​ចុះ តម្លៃ​ស្បៀង​ធ្លាក់​ចុះ មិនមែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​យើង​ឃើញ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ទូទៅ​កំពុង​ប្រណាំងប្រជែង​គ្នា​លើ​មុខទំនិញ​ដូច​គ្នា ក្នុង​ពេល​ប្រទេស​លូតលាស់​អភិវឌ្ឍន៍ គ្មាន​អ្នក​ណា​មក​ប្រជែង​ទេ ឬ​មាន​ដែរ តិចតួច ។ បើ​និយាយ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​មេគង្គ សុទ្ធតែ​ប្រទេស​ស្រូវ​ទាំងអស់ ថៃ​សល់​ស្រូវ​១០​លាន​តោន ដែល​ចាំ​ត្រូវ​បញ្ចេញ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ឆ្នាំ​២​លាន​តោន ចំណែក​វៀតណាម​នាំ​ចេញ​រាប់​លាន​តោន មី​យ៉ា​ន់​ម៉ា ក៏​ជា​ប្រទេស​នាំ​ចេញ ហើយ​ប្រទេស​ទាំងអស់​សុទ្ធតែ​អាច​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ខ្លួនឯង​បាន​។ ថ្មី​ៗ​នេះ មាន​ព័ត៌មាន​មួយ​ថា ហ្វ៊ី​លី​ពី​ន​នឹង​ទិញ​អង្ករ​១​លាន​តោន មូលហេតុ​អង្ករ​កំពុង​ចុះថ្លៃ ហើយ​ការ​ទិញ​របស់​ហ្វ៊ី​លី​ពី​ន នឹង​ធ្វើ​ឡើងជា​លក្ខណៈ​ដេញថ្លៃ មាន​ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា​ជាដើម ហើយ​កម្ពុជា​ក៏​ចូលរួម​ដេញថ្លៃ​នឹង​គេ​ដែរ » ។

សម្ដេច​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ការ​សង្កេត តាំងពី​ដើម​មក រដូវ​នេះ មិនមែន​ជា​រដូវ​ច្រូតកាត់​របស់​ប្រជា​កសិករ​ទេ តែ​ដោយសារ​តែ​កម្ពុជា មាន​ប្រព័ន្ធ​ធារាសាស្ត្រ មានទឹក​គ្រប់គ្រាន់ បូក​រួម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រជា​កសិករ ទើប​ធ្វើ​ឱ្យ​ប្រជា​កសិករ​មាន​ស្រូវ​ច្រូត​នៅ​រដូវ​នេះ ដែល​ជា​រដូវភ្លៀង ។ ទាក់ទង​នឹង​រឿង​ហ្នឹង​ដែរ រដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​ប្រាក់​២០​លាន​ដុល្លារ​អា​មេ​រិ​ក បូក​នឹង​៧​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ទិញ​ស្រូវ​បាន​ប្រមាណ​តែ​១០​ម៉ឺន​តោន​ប៉ុណ្ណោះ ក្នុង​នោះ​តម្លៃ​ស្រូវ​សែន​ក្រអូប មិន​ឱ្យ​ក្រោម​៨៤​ម៉ឺន​រៀល​ក្នុង​មួយ​តោន ឬ​ស្មើនឹង​៨៤០​រៀល​ក្នុង​មួយ​គីឡូក្រាម ។ សម្ដេច​បញ្ជាក់​ថា ៖ « យើង​បាន​ខិតខំ​ប្រឹងប្រែង ដោយ​មិន​ឱ្យ​ឈ្មួញកណ្ដាល​មក​បន្តុះបង្អាប់​ស្រូវ​របស់​ប្រជា​កសិករ​ខ្មែរ​ឡើយ » ៕