អាមេរិក​សម្រេច​លក់​អាវុធ​ជាង​១​ពាន់​លាន​ដុល្លារ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ ទាំង​មិន​ខ្វល់​រឿង​សិទ្ធិមនុស្ស

អាមេរិក​សម្រេច​លក់​អាវុធ​ជាង​១​ពាន់​លាន​ដុល្លារ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ ទាំង​មិន​ខ្វល់​រឿង​សិទ្ធិមនុស្ស

ព្រឹទ្ធសភាអាមេរិកបានបើកភ្លើងខៀវដល់សំណើ សុំលក់អាវុធតម្លៃ១.១៥ពាន់លានដុល្លារអាមេរិក ទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត ទាំងត្រូវបានសមាជិកព្រឹទ្ធសភាខ្លះ បង្ហាញការជំទាស់ជាខ្លាំងនឹងការសម្រេចនេះ ដោយបារម្ភថា លទ្ធផលនៃការលក់អាវុធនេះ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យសិទ្ធិមនុស្ស ក្នុងប្រទេសក្បែរៗនោះ ។លទ្ធផលនៃការបោះឆ្នោតក្នុងព្រឹទ្ធសភាសម្រេចថា ៧១សំឡេងគាំទ្រឲ្យលក់ និង២៧សំឡេងទៀតបានបដិសេធ ជំនួញខ្ទង់ពាន់លាននេះ ដោយក្នុងនោះមានសមាជិកព្រឹទ្ធសភា២រូប ដែលធ្វើការជំទាស់ជាខ្លាំង នោះគឺលោក Rand Paul និង Chris Murphy ដោយគេយល់ថា តួនាទីរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងសង្គ្រាមនៅយេមែន និងស្ថានភាពសិទ្ធិមនុស្សនៅទីនោះ អាចនឹងក្លាយជាបញ្ហាដ៏ធំមួយ ដែលកើតឡើងចេញពីការសម្រេចលក់អាវុធរបស់អាមេរិកនេះ ។

កាលពីខែមុននេះ មន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ក្រសួងការបរទេសបានសម្រេចយល់ព្រមចំពោះការលក់ រថក្រោះចម្បាំងប្រភេទ Abram ច្រើនជាង១៣០គ្រឿង រថយន្តពាសដែកស្ទូចចំនួន២០គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ។ក្រៅពីកង្វល់នៃបញ្ហាសិទ្ធិមនុស្ស ទាំងលោក Paul និង Murphy សុទ្ធតែបារម្ភថា ការលក់អាវុធប្រៀបដូចជាការចាក់ប្រេងលើភ្លើង នៃការប្រកួតប្រជែងកម្លាំងអាវុធក្នុងតំបន់ដែរ ជាពិសេសគឺក្នុងតួនាទីអារ៉ាប៊ីសាអ៊ូឌីតក្នុងសង្គ្រាមនៅយេមែនតែម្ដង ។

លោក Paul បានលើកឡើងថា “គ្រប់គ្នានិយាយថា វាមិនមែនជាបញ្ហាទេ ព្រោះយើងមិនពាក់ព័ន្ធនឹងសង្គ្រាមនៅយេមែន តែតាមពិតគឺយើងបានប្រលូកក្នុងសង្គ្រាមនេះហើយ ព្រោះយើងជាអ្នកចាក់សាំងឲ្យយន្តហោះអារ៉ាប៊ីសាអ៊ូឌីត ដែលទម្លាប់គ្រាប់បែកនៅយេមែន ។ យើងកំពុងតែផ្គត់ផ្គង់អាវុធតម្លៃរាប់រយពាន់លានដល់អារ៉ាប៊ីសាអ៊ូឌីត អញ្ចឹងយើងត្រូវបញ្ជាក់ឲ្យច្បាស់ថា តើអារ៉ាប៊ីសាអ៊ូឌីតជាសម្ព័ន្ធល្អ ឬក៏យ៉ាងណា?” 

ដោយឡែកលោក Murphy វិញបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែករបស់អារ៉ាប៊ីសាអ៊ូឌីត សុទ្ធតែត្រូវបានផ្ដល់ឲ្យដោយអាមេរិក ហើយយន្តហោះទាំងនោះ ទម្លាក់គ្រាប់លើជនស៊ីវិល និងក្រុមជនជាតិ Houthi ច្រើនជាងប្រើវាប្រឆាំងនឹងក្រុមសត្រូវសួពូជ Al-Qaeda  ។ផ្ទុយទៅវិញ លោក Lindsey Graham យល់ឃើញផ្សេងពីនេះ ដោយលោកគិតថា ការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត នឹងជួយឲ្យពួកគេកម្ទេចក្រុម ISIS និង Al-Qaeda បានល្អជាងមុន មិនត្រឹមតែប៉ុណ្ណោះ លោកបានបង្ហើរពាក្យមួយឃ្លាថា “បើពេលនេះអ្នកបោះបង់ចោលសម្ព័ន្ធមិត្តអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃក្រោយអ្នកនឹងស្ដាយជាមិនខាន” ។

សូមបញ្ជាក់ថា លោក Lindsey Graham ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ គឺគណបក្សដូចគ្នា នឹងបេក្ខភាពប្រធានាធិបតី Donald Trump ដែរ ៕

ប្រភព ៖ kqube

  • អាមេរិក​សម្រេច​លក់​អាវុធ​ជាង​១​ពាន់​លាន​ដុល្លារ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត​ ទាំង​មិន​ខ្វល់​រឿង​សិទ្ធិមនុស្ស已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/22  Category:ជីវិតនិងសង្គម
Tags: