​មាន​ឈ្មួញ​នាំ​ឈើ​ប្រណីត​តាម​ច្រកទ្វារព្រំដែន​បុស្ស​មន ឆ្លងដែន​ចូលទៅ​ប្រទេស​យួន​

ប្រភពព័ត៌មាន​ពី​ខេត្តស្វាយរៀង​បាន​រាយការណ៍​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា សព្វថ្ងៃនេះ​មាន​ឈ្មួញ​មាន​ឥទ្ធិពល​បាន​ឃុបឃិត​ជាមួយ​មន្ត្រីនគរបាល​នាំ​ឈើ​ប្រណីត​តាម​ច្រកទ្វារព្រំដែន​បុស្ស​មន ឆ្លងដែន​ចូលទៅ​ប្រទេស​យួន​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក​ឧកញ៉ា ឃ្លាំង សាយ ថៅកែ​ឈើ និង​ជា​ម្ចាស់​ស្ថា​នី​ប្រេងឥន្ធនៈ​តេ​លា ដែលមាន​ទីតាំងនៅ​ចំណុច​ផ្លូវកែង​បំបែក​ជា​បី ជាប់​ខាងក្រោយ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា ឃ្លាំង​សាយ ស្ថិតនៅ​ភូមិ​ពោន ឃុំ​សង្កែ ស្រុក​រំដួល គឺជា​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ជាងគេ​នៅ​ខេត្តស្វាយរៀង​។

មន្ត្រីនគរបាល​មួយរូប​បាន​បង្ហើប​ថា ឈ្មួញ​ឈើ​ឈ្មោះ ឃ្លាំង សាយ បាន​ស្តុក​ឈើ​ប្រមាណ​ជាង​៣០០​ម៉ែត្រគូប និង​ដឹក​បន្តទៅ​ប្រទេស​យួន​តាម​ច្រកទ្វារព្រំដែន​បុស្ស​មន ស្ថិតក្នុង​ភូមិ​បុស្ស​មន ឃុំ​បុស្ស​មន ស្រុក​រំដួល ដោយមាន​ការសម្រួល​ពី​លោក​វរសេនីយ៍ទោ កឹង ម៉ៅ ប្រធាន​ប៉ុស្ដិ៍​ច្រកទ្វារព្រំដែន​ទ្វេភាគី​បុស្ស​មន ដែល​ត្រូវជា​ប្អូន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដោយសារតែ​ពួកគេ ឈ្មួញ និង​មន្ត្រីនគរបាល​មាន​ឥទ្ធិពល​ក្នុង​ខេត្ត​ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផ្សេងទៀត​មិន​ហ៊ាន​បង្ក្រាប ហើយ​ក៏បាន​ឃុបឃិត​ជាមួយគ្នា​ដើម្បី​ចែក​ផលប្រយោជន៍​តែម្តងទៅ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្វាយរៀង​បាន​ឆ្លើយ​យករួចខ្លួន​ថា ឈើ​របស់លោក​ឧកញ៉ា ឃ្លាំង សាយ គឺមាន​ច្បាប់​ដែលជា​ប្រភេទ​ឈើ​លេខ​១​លេខ​២ មាន​ជាង​៣០០​ម៉ែត្រគូប​ដាក់​ក្នុង​ឃ្លាំង​ក្រោយ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា គឺមាន​ច្បាប់​ត្រឹមត្រូវ​។ តែ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា បើ​ឈើ​មានច្បាប់​ហេតុអ្វី​មាន​ភាគហ៊ុន​របស់​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង ហើយ​មន្ត្រីនគរបាល​នោះ​ថែម​ទាំ​ជួយ​សម្របសម្រួល​ដឹក​ចូល​ឃ្លាំង​នៅពេល​យប់​ជ្រៅ និង​ទៀបភ្លឺ ហើយ​មាន​ករណីខ្លះ​បាន​ដឹក​ឆ្លងដែន​ចូលទៅ​ប្រទេស​យួន​ផ្ទាល់​តែម្តង​ដែល​យប់​ខ្លះ​មាន​ក្បួន​រថយន្ត​ដឹកឈើ​ចន្លោះ​ពី​១០​ទៅ​១៥​គ្រឿង​ក៏មានដែរ​៕

56fe115c-02a7-49b3-9e33-c07ba5e79d0f 063f24fc-2fe0-4c7e-8388-516dd6a41fa5