មហា​រន្ធត់ ! មើល​សាកសព​លែង​យល់​ទាំង​២​នាក់​ប្តី​ប្រពន្ធ

ខេត្តកំពង់ឆ្នាំង ៖ ប្តី​ប្រពន្ធ​២​នាក់​ខណៈ​ឈប់​ម៉ូតូ​ដាក់​កូន​ឲ្យ​ចូល​ធ្វើការ​ក្នុង​រោងចក្រ ស្រាប់តែ​ត្រូវ​រថយន្ត​ធន់​ធំ​១​គ្រឿង​បើក​មក​បុក ហើយ​កិន​អូស​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​បែក​ខ្ទេច​ជា​ច្រើន​បំណែក​មើល​លែង​យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​រោងចក្រ​ជី​ន យី ចន្លោះ​គីឡូម៉ែត្រ​លេ​៤៦-៤៧ ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​លង្វែក ស្រុក​សាមគ្គី​មាន​ជ័យ ។

លោក ដួង ហុង អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វង់ សា​រ៉ា​វុ​ធ អាយុ​៣៤​ឆ្នាំ ជា​ប្តី ចំណែក​ប្រ​ព​ន្ឋ​ឈ្មោះ ភិន ឌី​ណា អាយុ​២៤ ឆ្នាំ ។ ពួក​គាត់​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ឧក​ញ្ញា​ប៉ា​ង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

លោក ដួង ហុង បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1U-4904 ឌុ​ប​កូនស្រី ដែល​ជា​កម្មករ​មក​ដាក់​មុខ​រោងចក្រ ខណៈ​នេះ​ស្រាប់តែ​រថយន្ត​១​គ្រឿង ម៉ាក FUSO ពាក់​ស្លាក​លេខ កំពង់ធំ 3A-1393 បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​ជើង បាន​បើក​ជែង​វ៉ា​រថយន្ត​១​គ្រឿង និង​បាន​ជួប​ឧបសគ្គ​មក​ពីមុខ ក៏​គេច​ចេញ​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កិន​ពីលើ និង​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បែក​ខ្ទេច​ជា​ច្រើន​បំណែក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ។ ភ្លាម​ៗ​នោះ​អ្នក​បើករថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ដោយ​ទុក​រថយន្ត​ចោល ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕