តួ​ឯក​ស្រី​រឿង “សង្គ្រាម​បេះដូង” ដក់​ជាប់​ក្នុង​ចិត្ត​ត្រង់​ឈុត​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​រៀបការ

កញ្ញា ឡាយ សម្ផស្ស តួ​ឯក​ស្រី​ក្នុង​រឿង សង្គ្រាម​បេះដូង របស់​ភីអិនអិន បាន​ឲ្យ​ដឹង​ថា កញ្ញា​ដក់​ជាប់​ក្នុង​ចិត្ត​ត្រង់​ឈុត​ដែល​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​រៀបការ​ម្តង​ហើយ​ម្តង​ទៀត​ជាមួយ​ប្រុស​ដល់​ទៅ​ពីរ​នាក់​ដែល​ខ្លួន​មិន​បាន​ស្រឡាញ់។

 

កញ្ញា​បាន​និយាយ​យ៉ាង​ដូច្នេះ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាស​ដល់​ភីអិនអិន​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ នៅ​ស្ទូឌីយោ​ព្រែក​ព្នៅ របស់​ភីអិនអិន។

 

តួ​ឯក​ស្រី​រឿង “សង្គ្រាម​បេះដូង” ដក់​ជាប់​ក្នុង​ចិត្ត​ត្រង់​ឈុត​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​រៀបការ

 

សម្ផស្ស​បាន​បញ្ជាក់​ថា ការ​ពិត​នាង​ពេញ​ចិត្ត​គ្រប់​ឈុត​ឆាក​ទាំង​អស់​នៃ​រឿង សង្គ្រាម​បេះដូង តែ​មូល​ហេតុ​ដែល​នាង​ដក់​ជាប់​ក្នុង​ចិត្ត​ជាង​គេ​នៅ​ត្រង់​ឈុត​ម្តាយ​បង្ខំ​ឲ្យ​រៀបការ​នោះ គឺ​ដោយសារ​តែ​នាង​គិត​ថា​ឈុត​ឆាក​នេះ​បាន​បង្ហាញ​ពី​តថភាព​សង្គម​ខ្មែរ។

 

តារា​សម្តែង​សម្បុរ​ស្រអែម​រាង​តូច​ច្រឡឹង​រូប​នេះ ថា៖ “ឈុត​ឆាក​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​គឺ​នៅ​ពេល​ដែល​ម៉ាក់​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ឯង​មិន​ស្រឡាញ់ ព្រោះ​អី​សង្គម​យើង​ឥឡូវ​ភាគ​ច្រើន​គឺ​អ៊ីចឹង ខ្ញុំ​គិត​ថា​ក្នុង​រឿង​ហ្នឹង​គឺ​អាច​ទាក់​ទាញ​អារម្មណ៍​ទស្សនិកជន​ច្រើន ព្រោះ​អី​យើង​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​បច្ចុប្បន្ន​តែ​ម្តង”។

 

តួ​ឯក​ស្រី​ដែល​មាន​ឈ្មោះ​ថា រ័ត្ន ត្រូវ​បាន​ម្តាយ​ដែល​ល្មោភ​នឹង​ល្បែង បង្ខំ​ឲ្យ​រៀបការ​ជាមួយ​លោក សម្បត្តិ ដែល​ត្រូវ​ជា​ឪពុក​តួ​ឯក​ប្រុស ជា​ថ្នូរ​នឹង​ប្រាក់​ដោះ​បំណុល​របស់​ខ្លួន ខណៈ​ដែល រ័ត្ន មាន ផាន់ ជា​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​រួច​ទៅ​ហើយ។ រាជ ដែល​ជា​តួ​ឯក​ប្រុស​វិញ ត្រូវ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ក្រោម​ល្បិច​របស់ ផាន់ រៀបចំ​ឈុត​ឆាក​ជ្រុល​ជ្រួស​ជាមួយ រ័ត្ន ក្នុង​ពេល​ពួកគេ​ស្រវឹង​ស្រា។ ដោយ​សារ​តែ​គេ​ជា​សុភាព​បុរស​ក៏​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ទង្វើ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​ក៏​បាន​រៀបការ​ជាមួយ រ័ត្ន ទាំង​ដែល​នាង​ប៊ិះ​តែ​នឹង​ក្លាយ​ជា​ម្តាយ​ចុង​របស់​គេ​ទៅ​ហើយ។

 

តួ​ឯក​ស្រី​រឿង “សង្គ្រាម​បេះដូង” ដក់​ជាប់​ក្នុង​ចិត្ត​ត្រង់​ឈុត​ត្រូវ​ម្តាយ​បង្ខំ​ឲ្យ​រៀបការ

 

រឿង «សង្គ្រាម​បេះដូង» មាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ ដល់​ សៅរ៍ វេលា​ម៉ោង ៨ យប់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​តែ​មួយ​គត់។

 

កាល​ពី​សប្តាហ៍​មុន រាជ និង រ័ត្ន បាន​រៀបការ​ក្លាយ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ហើយ​លោក​ សម្បត្តិ ក៏​បាន​ស្លាប់​ដោយ​សារ​គាំង​បេះដូង។ លោក សម្បត្តិ មុន​ពេល​ស្លាប់​ ក៏​បាន​ដាស់​តឿន​កូន​ប្រុស​បង្កើត​របស់​លោក​ផង​ដែរ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផាន់។ លោក​សម្បត្តិ បាន​ធ្វើ​បណ្តាំ​មរតក​មួយ​កាល​ពី​ពេល​លោក​នៅ​រស់ ចង់​ដឹង​ថា​លោក​បាន​បែង​ចែក​មរតក​យ៉ាង​ណា​នោះ សូម​ទូរទស្សនិកជន​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

 

សង្គ្រាម​បេះដូង ជា​ស្នាដៃ​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ (KMF) ក្រោម​ការ​ផ្តល់​ទុន​ផលិត​ពី​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ភាព​យន្ត​ក្នុង​ស្រុក។ សង្គ្រាម​បេះដូង ជា​ការ​ផលិត និង​សរសេរ​ដោយ​កូន​ខ្មែរ​១០០% ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ក្នុង​សង្គម​ខ្មែរ ដែល​បង្កប់​ទៅ​ដោយ​មហិច្ឆតា ស្នេហា គំនុំ និង​អាថ៌កំបាំង។

 

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​ប្ដេជ្ញា​ផលិត​ខ្សែ​ភាព​យន្ត​ភាគ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​១០០​ម៉ោង​ក្នុង​ឆ្នាំ​២០១៦ នេះ ដើម្បី​ចាក់​ផ្សាយ​ជូន​ទូរទស្សនិកជន។ ក្រៅ​ពី​រឿង ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ និង​រឿង​ សង្គ្រាម​បេះដូង ដែល​កំពុង​ចាក់​ផ្សាយ ទូរទស្សនិកជន​ក៏​បាន​ឃើញ​នូវ Poster និង Trailer រឿង​ភាគ​មួយ​ចំនួន​ទៀត ដូចជា រឿង ភក្តី​ស្នេហ៍​ទ្វេ​ភព, រឿង កែវ​ភ្នែក និង​រឿង បំភ្លេច​មិន​បាន ជា​ដើម៕

 

អត្ថបទ៖ ពាណិជ្ជកម្ម