លិច​នាវា​ពួក​អន្តោប្រវេសន៍​មួយ​នៅ​អេ​ហ្ស៊ី​ប​ស្លាប់​42​នាក់

មនុស្ស​យ៉ាងតិច​៤២​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ក្រោយ​ការ​លិច​នាវា​មួយ​គ្រឿង​របស់​ពួក​អន្តោប្រវេសន៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជិត​ឆ្នេរសមុទ្រ​អេ​ហ្ស៊ី​ប ។

យោង​តាម​សាក្សី​ទាំងឡាយ​ថា នាវា​នេះ​ដឹក​មនុស្ស​ដល់​៤៥០​នាក់ រួច​មនុស្ស​៥​នាក់​ស្រង់​ពី​ទឹក​នៅ​រស់រាន​មានជីវិត ។ នាវា​នេះ​លិច​នៅ​ជិត ROSETTE ជាទី​ក្រុង​កំពង់​ផែ​មួយ​ក្នុង​តំបន់​ដីសណ្ត​ទន្លេ​នី​ល ខណៈ​មនុស្ស​កាន់តែ​ច្រើន​នាំ​គ្នា​ចាក​ចេញពី​ឆ្នេរសមុទ្រ​អេ​ហ្ស៊ី​ប​គ្រោង​ទៅ​កាន់​អឺរ៉ុប ។

នៅ​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង ROSETTE អ្នក​ស្រង់​បាន​រស់រាន​មានជីវិត​៥​នាក់​រ៉ាយរ៉ាប់​ប្រាប់ AFP ថា នាវា​ដែល​ពួក​គេ​ជិះ​ដឹក​មនុស្ស​រហូត​ដល់​៤៥០​នាក់ ។ នាវា​នោះ​បាន​ចាកចេញ​នា​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ហើយ​២​ម៉ោង​កន្លះ​ក្រោយមក​វា​ក៏​លិច នរណា​ចេះ​ហែល​ក៏​ហែល​រួចខ្លួន ។ កងទ័ព​អេ​ហ្ស៊ី​ប​រាយការណ៍​ពី​អ្នក​នៅ​រស់រាន​មានជីវិត​១៦៣​នាក់ ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​នារី​១០​នាក់ កុមារ​ម្នាក់ និង​យុវជន​៣១​នាក់ ។ អ្នក​ទាំងនោះ​មាន​ជនជាតិ​អេ​ហ្ស៊ី​ប ស៊ូ​ដង់ អេ​រី​ត្រេ សូ​ម៉ា​លី ស៊ី​រី ។ នាវា​បាន​លិច​នៅ​កន្លែង​មួយ​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ ។

តាំងពី​ដើមរដូវ​ផ្កា​រីក​មក​មាន​នាវា​នេសាទ​កាន់តែ​ច្រើន​ចាក​ចេញពី​អេ​ហ្ស៊ី​ប​ជាមួយ​មនុស្ស​ជិះ​ច្រើន​រយ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ក៏​ប៉ុន្តែ​ពុំ​ធ្លាប់​មានការ​លិច​ស្លាប់​មនុស្ស​ច្រើន​បែប​នេះ​ឡើយ ៕