តុលាការ​កាត់ទោស​លោក នី ចរិយា ជាប់ពន្ធនាគារ​៦​ខែ ពីបទ​បរិហាកេរ្តិ៍ លើ​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ និពន្ធដោយ : ម៉ៅ សុផា       September-22-2016, 1:54 pm         335

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ​កាត់ទោស​លោក នី ចរិយា ជាប់ពន្ធនាគារ​៦​ខែ ពីបទ​បរិហាកេរ្តិ៍ លើ​មន្ត្រី​តុលាការ​ខេត្តសៀមរាប​​ភ្នំពេញ​៖ តុលាការក្រុង​ភ្នំពេញ បានសម្រេច​កាត់ទោស​លោ​ក នី ចរិយា ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​មន្ត្រី​តុលាការ​ខេត្តសៀមរាប​។ លោក នី ចរិយា ត្រូវបាន​ប្តឹង​ដោយ លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប​។​

​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ ដើម្បី​ជំនុំជម្រះ​លើ​លោក នី ចរិយា ដែល​ពាក់ព័ន្ធ​នឹង​ការបរិហារកេរ្តិ៍​ជា​សាធារណៈ​លើ ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៥​។ ក្រោយ​ការបើក​សវ​នា​ជំនុំជម្រះ​មួយ​ព្រឹក​នេះ តុលាការក្រុង​ភ្នំពេញ សម្រេច​កាត់ទោស​លោក នី ចរិយា អគ្គលេខាធិការរងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជាប់ពន្ធនាគារ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ពីបទ​«​បរិហាកេរ្តិ៍​ជា​សាធារណៈ​» «​បរិហា​បង្កាច់​កេរ្តិ៍​និង​ផ្សព្វផ្សាយ​នួវ​ការអត្ថាធិប្បាយ​ដើម្បី​ដាក់​សំពាធ​លើ​យុត្តាធិការ​» លើ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ទាំង​ពីររូប​នេះ តាម​មាត្រា​៣០៥ មាត្រា​៣១១ មាត្រា​៣១២ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែលសរសេរលើបណ្ដាញសង្គម Telegram។​

​កាលពី​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មាន​ជម្លោះដីធ្លី ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​មួយ​។ បន្ទាប់មក តុលាការ​ខេត្តសៀមរាប ក៏បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ពីរ​នាក់ ក្នុង​សំណុំរឿង​ដីធ្លី​នេះ​។ រីឯ​លោក នី ចរិយា ដែល​កាលនោះ​ជា​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​អាដហុក បានចេញ​មុខ ជួយ​ពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី និង​អ្នក​ដែល​ត្រូវបាន​តុលាការ​ឃាត់ខ្លួន​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក នី ចរិយា ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  កូនក្តី​លោក​ត្រូវបាន​ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណ គឺ​ដោយសារតែ​ការចេញមុខ តស៊ូ​មតិ​ក្នុង​រឿងក្តី​របស់​ប្រជាពលរដ្ឋ​នេះឯង​។

​ងាក​ចេញពី​សំណុំរឿង​ខាងលើ លោក នី ចរិយា ក៏​កំពុង​តែមាន​ភាពស្មុគស្មាញ​យ៉ាងខ្លាំង​ផងដែរ ក្នុង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​សង្ស័យថា មានរឿង​អាស្រូវ​ស្នេហា​ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ទាក់ទង​នឹង​សំណុំរឿង​ស្រីមុំ​នេះ លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​»​។

​មិនមែន​តែ​លោក នី ចរិយា នោះទេ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​របស់​ស្រីមុំ សូម្បីតែ​មន្ត្រី​អាដហុក​បួន​រួប​ទៀត ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះដែរ ហើយ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​»​។ នៅ​ទីបំផុត លោក នី ចរិយា និង​មន្ត្រី​អាដហុក​ទាំង​៤​រូប គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦៕