ប៉ា​គី​ស្ថាន ព្រលះ​ឥណ្ឌា​រឿង​ជម្លោះ​នៅ​កា​ស្មៀ​រ​ក្នុង​កិច្ចប្រជុំ UN និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-22-2016, 2:01 pm         272

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ា​គី​ស្ថាន ព្រលះ​ឥណ្ឌា​រឿង​ជម្លោះ​នៅ​កា​ស្មៀ​រ​ក្នុង​កិច្ចប្រជុំ UNនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Muhammad Nawaz Sharif នាសម័យប្រជុំពេញអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧១ (រូបភាព៖ UN News Center)​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧១ ត្រូវបាន​បណ្ដា​មេដឹកនាំ​ពិភពលោក ប្រើ​ជា​វេទិកា​រិះគន់​វាយប្រហារ​គូប្រជែង​គ្នា​ទៅវិញទៅមក​។ នៅ​ថ្ងៃទី​២១ ខែកញ្ញា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Nawaz Sharif ក៏​ឆ្លៀត​យក​ឱកាស​នេះ ព្រលះ​ចំៗ​លើ​គូប្រជែង​ឥណ្ឌា ជុំវិញ​ការប៉ះទង្គិច​នៅ​តំបន់​កា​ស្មៀ​រ ព្រមទាំង​រិះគន់​សហគមន៍​អន្តរជាតិ​ថា មិន​ខ្វល់​នឹង​អ្វីដែល​កើតឡើង​នៅ​អាស៊ី​ខាងត្បូង​ទៀតផង​។

​ប្រមុខ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន លោក Nawaz Sharif បាន​រិះគន់​ខ្លាំងៗ​លើ​យក្ស​ឥណ្ឌា​ក្នុង​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ លោក Nawaz Sharif បាន​និយាយ​ខ្លាំងៗ​ជុំវិញ​ការ​រាលដាល​ជម្លោះ​នៅ​ដែន​ដីកា​ស្មៀ​រ​នាពេល​ថ្មីៗ​នេះ ហើយ​លោក​ថែមទាំង​ចាត់ទុក​ឥណ្ឌា ជា​ឧបសគ្គ​ក្នុង​ដំណើការ​ចរចា​សន្តិភាព​ផងដែរ​។

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នៅ​ក្រុង New York នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​និយាយថា ប៉ា​គី​ស្ថាន​ចង់បាន​សន្តិភាព​ជាមួយ​ប៉ា​គី​ស្ថាន ហើយ​លោក​ដូចជា​ធ្វើ​អ្វី​ច្រើន​លើសពី​សមត្ថភាព​របស់​លោក​ហើយ​។ ប៉ុន្តែ​ឥណ្ឌា​ឯណោះ​វិញ បែរជា​ដាក់​លក្ខខណ្ឌ​ដែល​មិនអាច​ទទួលបាន​សម្រាប់​ការពិភាក្សាគ្នា​ទៅវិញ​។

​លោក​អះអាងថា ការចរចា​មិនបាន​ផ្ដល់​ប្រយោជន៍​ឲ្យ​ប៉ា​គី​ស្ថាន​តែឯង​ឡើយ​។ ពោលគឺ​ភាគី​ទាំងសងខាង​សុទ្ធតែ​ទទួលបាន​ប្រយោជន៍​ទាំងអស់​។ ហើយ​វា​ជា​រឿង​សំខាន់​ដែល​ភាគី​ទាំងពីរ ត្រូវ​ដោះស្រាយ​គំនិត​ខុសគ្នា​ឲ្យ​ដាច់ស្រេច​។ មិនតែប៉ុណ្ណោះ ប៉ា​គី​ស្ថាន ក៏​បង្ហាញ​ជំហរ​ចរចា​ជាមួយ​អតីត​គូសត្រូវ​របស់ខ្លួន នៅ​គ្រប់​វេទិកា​ទាំងអស់ ដោយ​មិនមាន​លក្ខខណ្ឌ​អ្វី​ឡើយ​។

​ជម្លោះ​ដែនដី​កា​ស្មៀ​រ ដែល​បន្សល់ទុក​ដោយ​អតីត​ម្ចាស់​អាណានិគម​អង់គ្លេស ជា​ចំណុច​ឧបសគ្គ​រវាង​ប៉ា​គី​ស្ថាន និង​ឥណ្ឌា ដែល​មិនទាន់មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​។ ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុលនិយម​ជាច្រើន​ក្រុម បាន​ប្រយុទ្ធ​តស៊ូ​ជាមួយ​ទាហាន​ឥណ្ឌា ដើម្បី​ផ្ដាច់ខ្លួន​ពី​ការគ្រប់គ្រង​របស់​ក្រុង New Delhi ឬក៏​ផ្ដាច់ខ្លួន​ដើម្បី​ចូល​ជាមួយ​ប៉ា​គី​ស្ថាន​។

​ភាព​តានតឹង​រវាង​មហា​អំ​ណា​នុយក្លេអ៊ែរ​ទាំងពីរ បាន​កើន​កម្ដៅ​ខ្លាំង​នៅ​ថ្ងៃទី​២០ ខែកញ្ញា បន្ទាប់ពី​ទាហាន​ឥណ្ឌា​ចំនួន​១៨​នាក់ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ដោយសារ​ការវាយប្រហា​រ​ពី​ក្រុម​ជ្រុលនិយម​។ ហើយ​នោះ​ក៏​ជា​ករណី​សម្លាប់​ទាហាន​ឥណ្ឌា​ច្រើនជាងគេ​បំផុត ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។ ក្រុង New Delhi បាន​បន្ទោស​ការវាយប្រហា​រ​នៅ​នេះ​ដាក់​ក្រុង Islamabad ប៉ុន្តែ​ត្រូវ​ទាត់ចោល​ភា្ល​មៗ​ដែរ​៕