ទៀត​ហើយ! ហេតុ​ម្តេច​ឪពុកម្តាយ​ចេះ​តែប្រហែស​បែប​នេះ?

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស-ស្រី២នាក់លង់ទឹកស្លាប់ជាមួយគ្នា ខណៈដែលពួកគេ​ និងក្មេងៗមួយចំនួនទៀត​​ចុះទៅ​លេងទឹក​អូរ កំពុង​ហូរខ្លាំង ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលាម៉ោង១១ និង៣០នាទីព្រឹក​ថ្ងៃទី២២ ​កញ្ញា ​២០១៦ ស្ថិត​ខាង​ក្រោយ​វត្ត​ខ្សាម ​ក្នុងភូមិទី​២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

លោក ឆាយ ខែមរត្ន័ អធិការនគរបាលក្រុងកំពង់ឆ្នាំង​ឱ្យ​ដឹងថា​ កុមារទាំង២នាក់​ម្នាក់ឈ្មោះ​ឡឹម សុគន្ឋា ភេទប្រុស អាយុ៦​ឆ្នាំ មានឪពុកឈ្មោះឡៃ លីណា អាយុ៤២ឆ្នាំ ម្តាយឈ្មោះ​មាស ញ៉េប អាយុ៤៦​ឆ្នាំ មានទីនោះភូមិទី៧ សង្កាត់ខ្សាម ។ ​ចំណែក​កុមារី​ម្នាក់ទៀត​ឈ្មោះគឹម ពិសី អាយុ៧ឆ្នាំ មានម្តាយជាស្ត្រីមេម៉ាយ​ឈ្មោះ​ស៊ឹម ស្រី អាយុ៤០ឆ្នាំ មានទីលំនៅ​ក្នុងភូមិទី៦ សង្កាត់
ខ្សាម ។

ប្រភព​បន្តថា កុមារទាំងពីរនាក់ និងកុមារ២-៣នាក់ទៀត ​មានអាយុ​ស្មើៗគ្នា​នាំគ្នាទៅលេងទឹកអូរ ដែលកំពុងហូរខ្លាំង ស្រាប់តែ​រអិលជើងចូលទឹកជ្រៅ​ហូរកួច​ចូលក្រោម​កំប្លោកតែម្តង ។ ភ្លាមៗនោះ កុមារឯទៀតបានរត់ទៅប្រាប់អ្នកភូមិជិតនោះ ទើប​​ផ្អើលឆោ ឡោ​ឡើង និង​នាំគ្នាចុះរាវរកសព​ ។ រយៈពេលជាង២០នាទី ទើប​រកឃើញ​​កុមារី​​ឈ្មោះគឹម ពិសី ​ហើយដោយមិនអស់ចិត្ត ​ក៏ដឹក​​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ តែត្រូវគ្រូពេទ្យប្រាប់ថា បានស្លាប់​ទៅហើយ ។

ចំណែកកុមារាឈ្មោះ​ឡឹម សុគន្ធា រយៈពេលជាងកន្លះម៉ោង ទើបរកសពឃើញ ។  តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា កុមារ​ទាំង​នេះ​​មក​លេងវត្ត​ក្នុងថ្ងៃកាន់បិណ្ឌទី​៦ និងក្រោយពីពួកគេហូបបាយ ​ក៏​នាំគ្នាទៅលេងទឹក ទើបជួបគ្នាថ្នាក់បែបនេះ ។ សមត្ថកិច្ច បាន​ប្រគល់សពកុមាររងគ្រោះ​ទៅឱ្យ​ក្រុមគ្រួសារ​ទៅធ្វើបុណ្យ ដែលសុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ ។

​គួរបញ្ជា​ក់ថា ក្នុងរយៈពេលមានទឹកភ្លៀងជនឡើងក្នុងខែកញ្ញានេះ ខេត្តកំពង់ឆ្នាំងមានមនុស្សលង់ទឹកស្លាប់ ដល់ទៅ៦នាក់ ក្នុង​នោះ មនុស្សចាស់២​ និងកុមារ៤នាក់ រួមទាំងកុមារ២នាក់ខាងលើនេះ​ផង ​។