យុវវ័យបង្ហាញ​ចំណាប់​​អារម្មណ៍​​លើ​​សិល្បៈ​​​បុរាណ​​ខ្មែរ

យុវវ័យ​​បច្ចុប្បន្ន​បើ​ទោះ​ជា​​ស្ថិត​នៅ​ក្នុង​សម័យ​កាល​​បច្ចេកវិទ្យា​ទំនើប ប៉ុន្តែ​ពួក​គេ​បាន​បញ្ចេញ​​មតិ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ស្រលាញ់​និង​ចូល​ចិត្ត​​ សិល្បៈ​​វប្បធម៌​​ខ្មែរ​​​​។ ជា​តួយ៉ាង ទៅ​ស្ដាប់​យុវជន​ពីរ​នាក់ បើ​ទោះ​ជា​​​រៀន​ជំនាញ​​ផ្សេង​​ៗ​ ក្រៅ​ពី​សិល្បៈ​ ប៉ុន្តែ​​ពួក​គេ​​​ប្រាប់​ថា​​​ស្រលាញ់​ និង​​ចង់​ចេះ​ពី​សិល្បៈ​បុរាណ​ខ្មែរ​។

 

យុវវ័យបង្ហាញ​ចំណាប់​​អារម្មណ៍​​លើ​​សិល្បៈ​​​បុរាណ​​ខ្មែរ
 

 

យុវជន តាំង ហយ និស្សិត​រៀន​ផ្នែក​​ជីវវិទ្យា នៅ​សកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា រូប​គេ​ស្រលាញ់​សិល្បៈ​បុរាណ​ផ្នែក ចម្រៀង​អាយ៉ៃ និង​​​ចាប៉ី​ ជា​ពិសេស​រូប​គេ​តែង​តែ​មើល​វីដេអូ​ការ​ណែ​នាំ​​អំពី​សិល្បៈ​ទាំង​នោះ​លើ​បណ្ដាញ​អ៊ីនធឺណិត​ ។ យុវជន​រូប​នេះ​បាន​ប្រាប់​ថា៖ “ខ្ញុំ​ឃើញ​ទៅ សិល្បៈ​គ្រប់​ទម្រង់​បុរាណ​​របស់​ខ្មែរ​គឺ​​មាន​ការ​ពិបាក​ហាត់​រៀន ចឹង​ការ​ហាត់​រៀន​ មួយ​ៗ ការ​សម្ដែង​មួយ​ៗ គឺ​​ត្រូវ​ការ​ទាម​ទារ​រយៈ​ពេល ក៏​ដូច​ជា​ការ​តស៊ូ​ក្នុង​​ការ​ហាត់​រៀន​និង​សម្ដែង ចឹង​វា​ក្បាច់​ទម្រង់​ពិសេស​ៗ ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ “។​​

 

ងាក​ទៅ​ស្ដាប់​យុវតី វទ្ធូ កន្និដ្ឋា រៀន​ផ្នែក​ច្បាប់​​នៅ​សាកលវិទ្យាល័យ​​​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​វិញ​ បាន​ឲ្យ​ដឹង​ថា​ កញ្ញា​​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​​ខាង​ផ្នែក​របាំ​​​ ដូច​ជា​របាំ​​បាច​ផ្កា របាំ​ព្រះ​រាជ​ទ្រព្យ​ ​ជា​ដើម។ កញ្ញា​ កន្និដ្ឋា បាន​និយាយ​ថា៖ “ចំពោះ​ខ្ញុំ​ អារម្មណ៍​ខ្ញុំ​ គឺ​​សិល្បៈ​បុរាណ​ស្រលាញ់ និយាយ​ទៅ​គឺ​អ្វី​ដែល​ទាក់​ទង​និង​វប្បធម៌​គឺ​ស្រលាញ់​ទាំង​អស់”។

 

យុវវ័យបង្ហាញ​ចំណាប់​​អារម្មណ៍​​លើ​​សិល្បៈ​​​បុរាណ​​ខ្មែរ
 

 

ដោយ​ឡែក​​​នៅ​ពេល​សួរ​ថា បើ​មាន​ឱកាស​តើ​​​កញ្ញា​នឹង​ហាត់​រៀន​​អ្វី? យុវតី​រៀន​ផ្នែក​ច្បាប់​​​ខាង​លើ​បាន​តប​ថា៖ “បើ​មាន​ឱកាស​រៀន គឺ​រៀន​ខាង​​របាំ​​តែ​​ម្ដង បើ​មាន​ពេល​គឺ​ហ្នឹង​រៀន​ទាំង​អស់​តែ​ម្ដង “។ ​

 

ការ​លើក​ឡើង​ខាង​លើ គឺ​ស្ថិត​ក្នុង​ សន្និសីទ​សារព័ត៌មាន​ ស្ដី​អំពី​បុណ្យ​បេតិកភណ្ឌ​ ដែល​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ រាជ​ធានី​ភ្នំ​ពេញ​។ គួរ​រំលឹក​ផង​ដែរ​​ថា បុណ្យ​បេតិកភណ្ឌ​ នឹង​​ធ្វើ​ឡើង​នា​ថ្ងៃ​ ទី​១៤ ១៥ ១៦ ខែ​តុលា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ នៅ​សាល​សន្និសីទ​​ចតុមុខ។

 

កម្មវិធី​នោះ​ផង​ដែរ​នឹង​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ អបអរ​ខួប​ទី​១៣​ឆ្នាំ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ​ និង​ខួប​ទី​១១​នៃ​ល្ខោន​ស្រមោល​ស្បែក​ធំ ចូល​ជា​​សម្បត្តិ​បេតិកភណ្ឌ​អរូបី​​នៃ​មនុស្ស​ជាតិ ព្រម​ទាំង​​ផ្សព្វ​ផ្សាយ​​នូវ​កេរមរតក​​វប្បធម៌​​​ជាតិ​ខ្មែរ​ ឲ្យ​កាន់​តែ​មាន​ល្បី​ល្បាញ​​៕

 

 

អត្ថបទ៖ មាន រតនា
​​