ស្ថាបនិក FACEBOOK បរិច្ចាគ​3​ពាន់​លាន​ដុល្លារ​កម្ចាត់​ជំងឺ​ផ្សេង​ៗ

ស្ថាបនិក FACEBOOK លោក MARK ZUCKERBERG និង​ភរិយា​កាលពី​ថ្ងៃ​ទី​២១ កញ្ញា បាន​សន្យា​បរិច្ចាគ​ប្រាក់​៣​ពាន់​លាន​ដុល្លារ​នា​ទស​វត្ស​ខាង​មុខ ដើម្បី​រួមចំណែក​បង្ការ ព្រមទាំង​ព្យាបាល​ជំងឺ​ផ្សេង​ៗ ។

ក្នុង​ឱកាស​នៃ​ព្រឹត្តិការណ៍​មួយ​នៅ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដោយ​ប្រកាស​ពី​ការ​បរិច្ចាគ​នោះ​របស់ CHAN ZUCKERBERG INITIATIVE ជា​សមាគម​មួយ​បង្កើត​ឡើង​ដោយ​មហាសេដ្ឋី​វ័យក្មេង​រូប​នេះ និង​ភរិយា​លោកស្រី PRISCILLA CHAN ស្ថាបនិក FACEBOOK ថ្លែង​ថា នេះ​ជា​ទិស​ដៅ​ប្រកបដោយ​មហិច្ឆតា​មួយ ។ ទោះបី​យ៉ាងណា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​ពិភាក្សា​ជាមួយ​បណ្តា​អ្នកជំនាញ​ការ​ដែល​វាយតម្លៃ​ថា យើង​អាច​ទៅ​រួច ហេតុនេះ​គេ​នឹង​សាកល្បង​អនុវត្ត​គម្រោង​នោះ ។

លោក MARK ZUCKERBERG យល់​ថា ដោយ​គិតដល់​អាយុកាល​មធ្យម​របស់​មនុស្ស​ការ​បរិច្ចាគ​នេះ​នឹង​អាច​ឱ្យ​មូលនិធិ CHAN ZUCKERBERG INITIATIVE មាន​មធ្យោបាយ​សម​ល្មម​រហូត​ដល់​ចុង​សតវត្ស​នេះ ដើម្បី​ស្វែងរក​ការ​ព្យាបាល​ប្រឆាំង​ជំងឺ​ទាំងអស់ ។ លោកស្រី PRISCILLA CHAN ដែល​ជា​គ្រូពេទ្យ​ម្នាក់​ក៏​មាន​សង្ឃឹម​ដែរ ដែល​អំណោយ​នោះ​នឹង​មាន​ន័យ​ថា បណ្តា​កុមារ​នឹង​អាច​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ឬ​មិនសូវ​ឈឺ ។

វិនិយោគ​នោះ​នឹង​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដំបូង​មួយ​ដែល​ស្វាមីភរិយា ZUCKERBERG មាន​ក្តី​សង្ឃឹម​រួម ។ អ្នក​ទាំង​២​ចង់​ឃើញ​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវសាស្ត្រ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដែល​នៅ​ទីនោះ​បណ្តា​អ្នក​ស្រាវជ្រាវ និង​អ្នក​វិទ្យាសាស្ត្រ​នឹង​ធ្វើការ​ពង្រីក​ឧបករណ៍​ទាំងឡាយ​សម្រាប់​អាច​សិក្សា និង​ស្វែង​យល់​ពី​បណ្តា​ជំងឺ ៕