​ទេព ឡុង​រចនា ៖ ​ឆ្នាំ​២០១៦ ​ទ័ព​​ទើប​តែ​ចាប់​ផ្ដើម​ តែ​​ឆ្នាំ​​២០១៧​ នឹង​ខ្លាំង​ជាង​នេះ

​លោក​ ទេព ឡុង​រចនា គ្រូ​បង្វឹក​ក្លឹប​​ក្រសួង​ការពារ​ជាតិ (ទ័ព) ​បញ្ជាក់​ពី​ទិស​ដៅ​​​ក្លឹប​របស់​ខ្លួន​សម្រាប់​ឆ្នាំ២០១៧​ នឹង​​ខ្លាំង​ជាង​​រដូវ​កាល​ឆ្នាំ​២០១៦ ​ពី​ព្រោះ​ក្លឹប​របស់​លោក​ទើប​តែ​បាន​ចាប់​ផ្ដើម​ពង្រឹង​ខ្លាំង​​នា​​ដើម​ឆ្នាំ​២០១៦ ​ដោយ​ទទួល​បាន​ជើង​ឯក​​ពាន​រង្វាន់​សម្ដេច និង​ជើង​ឯក​រង​លីគ​កំពូល​កម្ពុជា។

 

​ទេព ឡុង​រចនា ៖ ​ឆ្នាំ​២០១៦ ​ទ័ព​​ទើប​តែ​ចាប់​ផ្ដើម​ តែ​​ឆ្នាំ​​២០១៧​ នឹង​ខ្លាំង​ជាង​នេះលោក ទេព ឡុង​រចនា (ឆ្វេង) ឡើង​ទទួល​រង្វាន់​គ្រូ​ល្អ​ប្រចាំ​ឆ្នាំ​២០១៦​)

 

​​​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​​​នាំ​​យក​កីឡាករ​មក​ពី​កូរ៉េខាងជើង​​ចំនួន​៤​រូប​កាល​ពី​រដូវ​កាល​២០១៥-២០១៦​​ ដើម្បី​​​​ប្រកួត​ប្រជែង​ក្នុង​លីគ​កំពូល​កម្ពុជា។ ​ការ​នាំ​​ចូល​កីឡាករ​មក​ពី​តំបន់​អាស៊ី​ទាំង​នេះ​មិន​ទាន់​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​​ដល់​កម្រិត​ដែល​គ្រូ​បង្វឹក​រូប​នេះ​ត្រូវ​ការ​នោះ​ទេ។

 

​ក្រោយ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​លីគ​កំពូល​កម្ពុជា​​​ លោក​ ទេព ឡុងរចនា ​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​ក្រោយ​លោក​​នឹង​សម្លឹង​រក​កីឡាករ​​បរទេស​​​ល្អ​ៗ​នៅ​តំបន់​អាស៊ី​​ដូច​ឆ្នាំ​២០១៦ ​ដែល​នឹង​ធ្វើ​​ឲ្យ​ទ័ព​កាន់​តែ​ខ្លាំង​។ ​ឆ្នាំ​​នេះ​​ក្លឹប​របស់​លោក​​ឈ្នះ​​ជើង​​ឯក​ពាន​រង្វាន់ សម្ដេច និង​​ជើង​ឯក​រង​​លីគ​កំពូល​កម្ពុជា ​ប៉ុន្តែ​ជា​ឆ្នាំ​ដែល​​ទ័ព​ទើប​តែ​ចាប់​ផ្ដើម​ប៉ុណ្ណោះ ហើយ​លោក​សង្ឃឹម​ថា ​ក្លឹប​របស់​លោក​ នឹង​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

 

​លោក​បន្ថែម​ថា ​ទោះ​​មិន​បាន​ឈ្នះ​​ជើង​​ឯក​​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ ​ក៏​លោក​មិន​​ខក​ចិត្ត​​ដែរ ​​ដោយ​សារ​​បឹង​កេត​ជា​​ក្រុម​​ខ្លាំង​ និង​មាន​សមត្ថភាព​ពិត​ប្រាកដ​។ ម្យ៉ាង​ទៀត​​ក្លឹប​ជើង​ឯក​លីគ​២០១៦ ​មួយ​នេះ​បាន​ត្រៀម​រៀប​ចំ​​ខ្លាំង​បាន​ល្អ​​​ជាង​ទ័ព​​តាំង​ពី​ដើម​​​ឆ្នាំ​២០១៥​មក​ម្ល៉េះ។

 

ក្លឹប​ក្រសួង​ការពារ​ជាតិ​​ទទួល​បាន​​​ជើង​ឯក​រង​​លីគ​កំពូល​កម្ពុជា​​​ ដោយសារ​ចាញ់​បឹង​កេត​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ក្រោយ​បញ្ចប់​ការ​ប្រកួត​សន្សំ​​ពិន្ទុ​ចំនួន១៨​​លើក ពោល​គឺ​ទ័ព​មាន​៤៦​ពិន្ទុ ខណៈ​បឹង​កេត​មាន​៤៧​ពិន្ទុ។ ​ចំណែក​ការ​ឈ្នះ​ជើង​ឯក​​ Hun Sen Cup 2016 ​​​ទ័ព​បាន​យក​ឈ្នះ​​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​​នៅ​វគ្គផ្ដាច់​ព្រ័ត្រ​ដោយ​ការ​​ទាត់​បាល់​​ប៉េណាល់​ទី​កាត់​សេចក្តី​​៦-៥​បន្ទាប់​ពី​បញ្ចប់​១២០​នាទី​​​​​ស្មើ​​១-១៕

 

​ទេព ឡុង​រចនា ៖ ​ឆ្នាំ​២០១៦ ​ទ័ព​​ទើប​តែ​ចាប់​ផ្ដើម​ តែ​​ឆ្នាំ​​២០១៧​ នឹង​ខ្លាំង​ជាង​នេះក្រុម​ក្រសួង​ការពារ​ជាតិ (ទទួល​រង្វាន់​​ចំណាត់​ថ្នាក់​លេខ២)

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​