យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-1B មួយ​គ្រឿង​ចុះ​នៅ​កូរ៉េ​ខាងត្បូង

យោង​តាម YONHAP ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​េ​ម​រិ​ក​ធុន ROCKWELL B-1B LANCER ២​គ្រឿង​បាន​ហោះហើរ​លើ​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ក្នុង​ក្រប​ខណ្ឌ​នៃ​វិធានការ​យោធា​តបត​សម្តែងឫទ្ធិ​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ។

ក្នុង​ចំណោម​យន្តហោះ B-1B ទាំង​២​គ្រឿង​នេះ មួយ​គ្រឿង​ដែល​ហោះ​មក​ពី​មូលដ្ឋាន​អាកាសចរណ៍​អា​េ​ម​រិ​ក ANDERSEN លើ​កោះ​ហ្គា​ម​បាន​ចុះ​ចត​នៅ​មូលដ្ឋាន​អាកាស​ចរណ៍ OSAN នា​វេលា​ម៉ោង​១៣​និង​១០​នាទី ហើយ​មួយ​គ្រឿង​ទៀត​ហោះ​វិល​ទៅ​កាន់​មូលដ្ឋាន​ដើម​វិញ ។ នេះ​ជា​ការ​ហោះហើរ​លើក​ទី​២​លើ​ឧបទ្វីប​កូរ៉េ​របស់​យន្តហោះ B-1B ចាប់តាំងពី​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​កូរ៉េ​ខាងជើង​មក ។ ការ​ហោះហើរ​លើក​ទី​មួយ​គឺ​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា តែ​ពុំ​មានការ​ចុះ​ចត​ឡើយ ។

ការ​ចុះ​ចត​របស់​យន្តហោះ​យុទ្ធសាស្ត្រ B-1B កម្រ​មាន​ណាស់ ។ យន្តហោះ B-1B មួយ​គ្រឿង​នេះ​នឹង​ស្ថិត​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​មួយ​រយៈពេល ដោយ​រក្សា​ការ​គាបសង្កត់​ខាង​យោធា​ប្រឆាំង​របប​កូរ៉េ​ខាងជើង ។ ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ប្រកាន់​យក​នយោបាយ​ខ្លាំង​ប្រឆាំង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ដើម្បី​ការពារ​កូរ៉េ​ខាងត្បូង ។

យន្តហោះ​យុទ្ធសាស្ត្រ B-1B អាច​ហោះហើរ​បំពេញបេសកកម្ម​នៅ​ទី​ឆ្ងាយ ហើយ​ហោះ​លឿន​ជាង​សំឡេង​ដល់​២​ដង ។ ខាងក្នុង​យន្តហោះ​អាច​ផ្ទុក​គ្រាប់បែក​ដល់​ទៅ​៣៤​តោន ហើយ​នៅ​ស្លាប​ទាំង​សងខាង​របស់​វា​អាច​ផ្ទុក​គ្រាប់បែក​២២,៧​តោន ។ យន្តហោះ​នោះ​ពុំ​អាច​ដឹក​អាវុធ​នុយក្លេអ៊ែរ​ទេ ដោយសារ​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី​ដើម្បី​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ហៅ​កិច្ចព្រមព្រៀង START កាលពី​ឆ្នាំ​២០១១ ៕