លោក ហ៊ុន សែន ប្រកាសបទឈប់បាញ់ដោយពាក្យសម្តីជាមួយបក្សប្រឆាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែកញ្ញា បានប្រកាសបទឈប់បាញ់ដោយពាក្យសម្ដីជាមួយគណបក្សប្រឆាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ បក្សប្រឆាំង និងអ្នកវិភាគសាទរចំពោះប្រសាសន៍របស់ប្រមុខបក្សកាន់អំណាចនេះ តែចង់ឲ្យបន្តវប្បធម៌សន្ទនាដោះស្រាយបញ្ហានយោបាយដែលនៅសេសសល់ជាបន្ទាន់។

ការប្រកាសបទឈប់បាញ់ដោយពាក្យសម្ដីនៅពេលនេះ គឺបន្ទាប់ពីសង្គ្រាមពាក្យសម្ដីបានកើតឡើងយ៉ាងក្ដៅគគុក កាលពីកាលពីថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ដោយលោក ហ៊ុន សែន ប្រកាសថា បើលោកចរចាជាមួយបក្សប្រឆាំងដោយការធ្វើបាតុកម្មនោះ គឺលោក “ឆ្កែសុទ្ធ” និងព្រមានកម្ទេចបាតុករបក្សប្រឆាំងដែលប៉ងធ្វើបាតុកម្មនៅគ្រប់ទីកន្លែងទោះក្នុងរូបភាពណាក៏ដោយ។

Loading...

ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា លោក ហ៊ុន សែន ថា បទឈប់បាញ់មួយហាក់ដូចជាបានស្ងៀមស្ងាត់បន្តិច ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការបាញ់ប្រហារពាក្យសម្ដីឆ្លងឆ្លើយគ្នាខ្លះជាមួយបក្សប្រឆាំងកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។ លោករំពឹងថា សភាពការណ៍នឹងបន្តស្ងប់ស្ងាត់បែបនេះរហូត៖ «»។

ក្នុងឱកាសចែកសញ្ញាប័ត្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំបានថ្លែងដល់បញ្ហានយោបាយច្រើនឡើយ ប៉ុន្តែលោកអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបទៅចុះឈ្មោះបោះឆ្នោត និងអំពាវនាវសូមកុំឱ្យរថយន្តឈ្នួលឡើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបើកបរត្រូវគោរពច្បាប់ចរាចរណ៍។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ គឺការខ្វែងគំនិត និងវិវាទពាក្យសម្តីគ្នានោះ មិនមែនជាបញ្ហាចោទឡើយ ប៉ុន្តែរដ្ឋាភិបាលមិនត្រូវយកកងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការដើម្បីគំរាមកំហែង និងគាបសង្កត់ឡើយ។

លោក អេង ឆៃអ៊ាង បន្ថែមថា ដើម្បីអោយស្ថានភាពនយោបាយស្ងប់ស្ងាត់រហូតតទៅដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីចង់បាននោះ គឺលុះត្រាតែមានដំណោះស្រាយនយោបាយរួម៖ «»។

រីឯអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្នថ្វីត្បិតតែអ្នកនយោបាយមានភាពស្ងប់ស្ងាត់ក្នុងការប្រើវោហារសាស្ត្រគ្រោតគ្រាតដាក់គ្នាក្ដី ក៏ប៉ុន្តែស្ថានភាពនយោបាយនៅមិនទាន់ដោះស្រាយនៅឡើយទេ៖ «»។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ មិនមានជំនឿទៅលើបក្សកាន់អំណាច និងបក្សប្រឆាំងដែលសន្យាថា ឈប់ប្រើប្រាស់សង្គ្រាមពាក្យសម្ដីនោះឡើយ ព្រោះកន្លងមក ទោះបីជាមានកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ក្តី តែអ្នកនយោបាយបក្សទាំងពីរនៅតែមិនគោរព និងឲ្យតម្លៃគ្នានោះទេ រហូតឈានដល់រំលោភកិច្ចព្រមព្រៀងទៀតផង។ បន្ថែមពីនេះ លោក សូ ចន្ថា សង្កេតឃើញថា គណបក្សកាន់អំណាចច្រើនតែប្រើប្រាស់កងកម្លាំង និងស្ថាប័នជាតិមួយចំនួន ដូចជាស្ថាប័នតុលាការជាដើម ចាត់ការទៅលើបក្សប្រឆាំង។ ក្រៅពីនេះ បក្សប្រឆាំងក៏ប្រកាសធ្វើបាតុកម្មដែរ។

ដោយសង្កេតទៅលើសាវតាររឿងនៃគណបក្សទាំងពីរនេះ លោក សូ ចន្ថា វិភាគថា អ្នកនយោបាយនៅកម្ពុជា ហាក់ដូចជាមិនទាន់ស្មោះត្រង់ជាមួយគ្នា និងស្មោះជាមួយជាតិ និងប្រជាជននៅឡើយ៕

ប្រភព៖ RFA