នរគបាលខេត្តចាប់ខ្លួនកងទ័ពសេរីជាតិកម្ពុជាម្នាក់ និងបក្ខពួកពីរនាក់ទៀតនៅក្នុងខេត្តកំពត

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលក្នុងខេត្តកំពតបានចាប់ខ្លួន លោក ម៉ា សុបិន អតីតមន្ត្រីនគរបាល និងជាកងទ័ពសេរីជាតិកម្ពុជាជាមួយបក្ខពួកពីរនាក់ដែលជាប់សង្ស័យថា បានចែកចាយថ្នាំញៀន។

CFF-featured-300×194លោក ដួង ស៊ីវុត្ថា ស្នងការរងនគរបាលខេត្តស្ទឹងត្រែងបច្ចុប្បន្នបានមានប្រសាសន៍ថា លោក ម៉ា សុបិន អាយុ៦១ឆ្នាំ ជាស្នងការរងនគរបាលរងខេត្តស្ទឹងត្រែងទី១មុនពេលត្រូវបានបញ្ជូនទៅពន្ធនាគារចំពោះទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំជុំវិញការចូលជាសមាជិកកងទ័ពសេរីជាតិកម្ពុជាដែលបានធ្វើការវាយប្រហារលើក្រសួងការពារជាតិក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០០០។

Loading...

លោក ដួង ស៊ីវុត្ថា បានមានប្រសាសន៍ថា “ខ្ញុំទើបតែដឹងថា គាត់ត្រូវបានដោះលែងប្រហែល១ឆ្នាំមុនប៉ុណ្ណោះ”។

លោក អិុន ជីវ៉ា ស្នងការរងនគរបាល ខេត្តកំពតបានមានប្រសាសន៍ថា លោក ម៉ា សុបិន ត្រូវបានចាប់ខ្លួននៅពេលប្រហែលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារ អំឡុងការឆ្មក់ចូលដែលផ្តោតគោលដៅលើក្រុមចែកចាយថ្នាំញៀននៅផ្ទះសំណាក់វិសាលក្នុងស្រុកកំពង់ត្រាច។

លោក អិុន ជីវ៉ា មានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្សបីនាក់ ពីព្រោះក្រុមចារកម្មរបស់យើងបានប្រាប់យើងថា ពួកគេគឺជាអ្នកចែកចាយថ្នាំញៀន”។

លោកបានថ្លែងថា ប៉ុន្តែ ក្រុមមន្ត្រីបានរកឃើញថ្នាំមេតំហ្វេតាមីនម្សៅមួយកញ្ចប់តូចតែប៉ុណ្ណោះនៅក្នុងបន្ទប់រួមរបស់ជនសង្ស័យទាំងនេះ ដែលធ្វើឲ្យមានការលំបាកសម្រាប់នគរបាលក្នុងការកំណត់ទំហំប្រតិបត្តិការរបស់ពួកគេ។ លោក អិុន ជីវ៉ា បានថ្លែងថា ថ្នាំញៀនទាំងនោះត្រូវបានវេចខ្ចប់ដាក់ក្នុងថង់ប្លាស្ទិកតូចៗ “សម្រាប់ម៉ូយរបស់ពួកគេសាក”។

លោកបានមានប្រសាសន៍ថា តាមការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញ ជនសង្ស័យទាំងបីនាក់នេះអះអាងថា ពួកគេត្រូវបានទម្លាក់កំហុស។ លោកបានបន្ថែមថា ពួកគេនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃេនះដើម្បី ធ្វើការសាកសួរបន្ថែម។

លោក សេង សុគន្ធចាត អធិការនគរបាលស្រុកបានកំណត់អត្តសញ្ញាណបក្ខពួកពីរនាក់របស់ ម៉ា សុបិន ថា ឈ្មោះ នួន ស្រីណានអាយុ៦០ឆ្នាំ និង គួយ ទិត្យ អាយុ២៩ឆ្នាំ ដោយលោកពន្យល់ថា គួយ ទិត្យ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៨ ព្រឹកថ្ងៃអង្គារនៅផ្សារមួយក្នុងមូលដ្ឋាន។

កងទ័ពសេរីជាតិកម្ពុជាបានធ្វើការវាយប្រហារក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០០ ដែលបានសម្លាប់មនុស្ស៨នាក់ និងឈានដល់ការចាប់ខ្លួន២០០នាក់។ ក្រុមនេះក៏បានដាក់គ្រាប់បែកជាបន្តបន្ទាប់បួនលើកក្នុងរាជធានី និងបានវាយប្រហារលើស្ថានទូតវៀតណាម និងក្រសួងការបរទេសផងដែរ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ដោយលោក ឈុន យ៉ាសិទ្ធ ក្រុមនេះមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឆ្នាំ២០១០ ចៅក្រមសហព័ន្ធអាមេរិកបានផ្តន្ទាទោស លោក ឈុន យ៉ាសិទ្ធ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានការដោះលែងមុនពេលកំណត់ឡើយពីបទជាមេគំនិតក្នុងការវាយប្រហារកាលពីឆ្នាំ២០០០៕

ប្រភព៖ ខេមបូឌា ដេលី